ស្ថានីយ៍ជញ្ជីង២កន្លែងនៅខេត្តកំពតមិនមែនថ្លឹងរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ទេគឺថ្លឹងលុយច្រកបាវ

សេចក្តីរាយការណ៍ពីខេត្តកំពតបានឲ្យដឹងថា ស្ថានីយ៍ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួនពីរកន្លែងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពត ដែលបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកទល់សព្វថ្ងៃនេះ គឺមិនមែនធ្វើសកម្មភាពថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ដោយសកម្មភាពដឹកជញ្ជូនលើសទម្ងន់ឲ្យស្របតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៤១អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់និងប្រកាសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនលេខ៣៥៣ប្រក.សក /គណក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១០ នោះឡើយ បែរក្លាយជាជញ្ជីងថ្លឹងលុយច្រកបាវតាមរយៈកត់ឈ្មោះ អ្នកបើកបរនិងចំនួនជើងរថយន្តឆ្លងកាត់ដើម្បីទូទាត់បង់លុយប្រចាំខែទៅវិញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ថានីយ៍ជញ្ជីងថ្លឹងយានយន្តចំនួន២កន្លែងនៅខេត្តកំពត គឺទី១មានទីតាំងឋិតនៅឃុំតានី ស្រុកអង្គរជ័យ និងទី២មានទីតាំងឋិតនៅឃុំកោះតូច ស្រុកទឹកឈូ ដោយឋិតនៅក្រោមការគ្រប់គ្រងរបស់លោក ពេជ្រ រដ្ឋា ជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ។ ស្ថានីយ៍ថ្លឹងយានយន្តទាំង២ទីតាំងនេះ កម្រឃើញមានចាប់ឃាត់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ណាស់ ប៉ុន្តែមានតែអ្នកបើកបររថយន្តឆ្លងកាត់ស្ថានីយ៍ថ្លឹងចូលកត់ឈ្មោះរថយន្តដើម្បីទុកទូទាត់លុយប្រចាំខែ ចំពោះការដឹកជញ្ជូនទៅមកប្រចាំថ្ងៃ រីឯការដឹកជញ្ជូនយូរៗ ឆ្លងកាត់ម្តងត្រូវបង់លុយភ្លាមៗ ។
ក្រុមមន្ត្រីរាជការបម្រើការងារនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពតបានបង្ហើបប្រាប់ឲ្យដឹងថា សកម្មភាពប្រព្រឹត្តអំពើខុសឆ្គងនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនិងប្រកាសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបង្កដោយលោក ពេជ្រ រដ្ឋា គឺដោយសារមានការបើកភ្លើងខៀវពីសំណាក់ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាសមាជិកគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងលោក លឹម សំបូរ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពត ដ្បិតអ្នកទាំង២នេះ ទទួលបានផលប្រយោជន៍រាប់សិបលានរៀលក្នុង១ខែៗ តាមរយៈលោក ពេជ្រ រដ្ឋា រកលុយជូន ។ នៅពេលទូទាត់លុយជូនថ្នាក់លើនិងថ្នាក់ក្រោមម្តងៗជាគូកនរបស់ខ្លួនសមគំនិតជាប្រព័ន្ធនោះ គឺលោក ពេជ្រ រដ្ឋា តែងបញ្ចេញអំនួតទៅកាន់អ្នកផឹកស៊ី រួមតុជាមួយខ្លួនថា ខ្លួនជាមនុស្សមានវាសនាខ្ពស់ រកស៊ីមិនសូវហត់ប៉ុន្តែរកចំណូលបានរាប់លានរៀលក្នុង១ខែៗ ហើយក្អេងក្អាងទៀតថា សព្វថ្ងៃគេគោរពនិងខ្លាចតែចៅហ្វាយខេត្ត ខូយ ឃុនហ៊ួរ និង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លឹម សំបូរ ដែលជាខ្នងបង្អែកប៉ុណ្ណោះ ។
មជ្ឈដ្ឋានអ្នករកស៊ីដឹកជញ្ជូនទំនិញដោយរថយន្តធុនធំបានរអ៊ូររទាំថា ស្ថានីយ៍ថ្លឹងយានយន្តទាំង២កន្លែងនៅខេត្តកំពតនោះ ទោះបីដឹកជញ្ជូនមិនលើសទម្ងន់កម្រិតកំណត់ក៏ដោយ ក៏ក្រុមកាន់ជញ្ជីងគេរកលេសតម្រូវឲ្យបង់លុយដែរ ព្រោះគេអះអាងថា ថ្លឹងខាត(Sic !) ។
សូមឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវនិងមានវិធានការតាមច្បាប់ទៅលើអំពើរបស់លោក ពេជ្រ រដ្ឋា អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពត និងជាអ្នកគ្រប់គ្រងមើលការខុសត្រូវស្ថានីយ៍ថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទាំង២កន្លែងនៅខេត្តកំពត នោះផង បើពុំដូច្នោះទេ ផ្លូវថ្នល់នឹងវិនាសអន្តរាយអស់ហើយ ។
លោក ពេជ្រ រដ្ឋា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបភ្លឺបញ្ជាក់អំពីករណីអសកម្មនេះ នៅឡើយទេ គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៤នេះ ពីព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន ៕
Source from: www.dtn7.com