អាជ្ញាធរថៃផ្តល់មេរៀនជូរចត់យ៉ាងច្រើនដល់ប្រជាពលករខ្មែរចំណាកស្រុកខុសច្បាប់

ព្រោះតែដើម្បីក្រពះនិងជីវិត ទោះបីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី អំពាវនាវយ៉ាងណាក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ បូករួមទាំងអ្នកឆ្លងដែនចូលទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃផងដែរ ខណៈដែលប្រជាពលរដ្ឋ និងពលករខ្មែរទាំងនោះត្រូវបានអាជ្ញាធរថៃផ្តល់មេរៀនយ៉ាងជូរចត់បំផុត រហូតមានការបាញ់សម្លាប់ ដាក់ទារុណកម្ម និងការដឹកជញ្ជូនប្រគល់ឲ្យមកអាជ្ញាធរកម្ពុជាវិញតាមឡានទ្រុង ប្រៀបដូចជាដឹកសត្វធាតុ…។ល។
កាលពីវេលាម៉ោង១៧និង៤៥នាទីល្ងាច នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរម្នាក់ឈ្មោះ ប៉ូត ឡូ ភេទប្រុស អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយដឹកតាមរថយន្តយកមកទម្លាក់ចោលនៅក្បែរផ្សាររុងក្លឿ និងបន្ទាប់មកសមត្ថកិច្ចថៃបានឲ្យកម្មករខ្មែរអូសរទេះដឹកបុរសរូបនេះបន្តចូលមកទឹកដីកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូចដឹកសត្វជ្រូក ខណៈដែលពលករខ្មែររូបនេះមានរបួសហើមប៉ោងនៅលើផ្ទៃមុខ និងជើង ដៃមានស្នាមដាក់ខ្នោះ ។
បុរសរងគ្រោះឈ្មោះ ប៉ូត ឡូ នេះបានបញ្ជាក់ឲ្យដឹងថា ខ្លួនត្រូវបានជនមិនស្គាល់មុខវាយធ្វើបាប និងដាក់ខ្នោះនៅទីក្រុងបាងកក ប្រទេសថៃ ពេលដែលខ្លួនទៅធ្វើការនៅទីនោះ ។
ដោយឡែក យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា មានករណីបាញ់សម្លាប់ទៅលើប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ ចន្លោះពីថ្ងៃទី០៥ ខែមីនា ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ចំនួន១៥នាក់ ក្នុងខេត្តថៃជាប់នឹងខេត្តព្រះវិហាររបស់ខ្មែរ ហើយចំនួន២នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ។ របាយការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋកម្ពុជាចំនួន៦៩នាក់ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខថៃនៅក្នុងឆ្នាំ២០១៣ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានបុរសខ្លាំងជានាយករដ្ឋមន្ត្រី គប្បីមានវិធានការទប់ស្កាត់សកម្មភាពរបស់អាជ្ញាធរថៃ ដែលបានប្រមាថមើលងាយមើលថោករហូតដល់ថ្នាក់បាញ់សម្លាប់មកលើប្រជាពលរដ្ឋខ្មែរផង ទោះបីប្រជាពលរដ្ឋខ្មែររងគ្រោះទាំងនោះឆ្លងដែនចូលទឹកដីថៃខុសច្បាប់ក៏ដោយ ហើយក្រុមប្រជាពលរដ្ឋទាំងនោះដែលហ៊ានយកជីវិតទៅប្រថុយឆ្លងដែនខុសច្បាប់ ដើម្បីរកការងារធ្វើ ឬទៅរកស៊ីឈ្នួលកាប់ឈើក្នុងទឹកដីថៃ ក៏ដោយសារមូលហេតុបញ្ហាជីវភាពក្រីក្រ ខ្វះខាតដែរ ៕
Source from: www.dtn7.com
No comments:
Post a Comment