កូនប្រុសឯកឧត្តម ហោ ណាំហុង ម្នាក់មានតំណែងជាអគ្គលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរួចខ្លួនពីសម្ពាធនៃបណ្តឹង

នាពេលកន្លងមក មានពាក្យបណ្តឹងជាបន្តបន្ទាប់ដែលបានប្តឹងចោទប្រកាន់ទៅលើឯកឧត្តមអគ្គលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិម្នាក់ និងត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ពីបទប្រព្រឹត្តភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដូចជាការគ្រប់គ្រងមន្ត្រីរាជការក្នុងក្រសួង និងការផ្តល់របបឧបត្ថម្ភផ្សេងៗដល់មន្ត្រីក្នុងក្រសួង ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ជាប្រធាន ។
ឥឡូវនេះ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ របស់អង្គភាពប្រឆាំងអំពើពុករលួយ គឺបានបង្ហាញឲ្យឃើញថា ឯកឧត្តម ហោ សុធន ជាអគ្គលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាកូនប្រុសបង្កើតរបស់ឯកឧត្តម ហោ ណាំហុង បានរួចខ្លួនពីសម្ពាធនៃបណ្តឹងចោទប្រកាន់មកលើរូបឯកឧត្តមហើយ ដោយអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងអំពីខ្លឹមសារនៃការបំភ្លឺរបស់ឯកឧត្តម ហោ សុធន ដូចខាងក្រោម ៖
១-ការគ្រប់គ្រងមន្ត្រីរាជការក្រសួង ៖ ការតែងតាំងមុខតំណែងក្នុងនិងក្រៅប្រទេស និងការដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ ត្រូវបានអនុវត្តន៍តាមគោលការណ៍ និងនីតិវិធីប្រកបដោយយុត្តិធម៌ និងតម្លាភាព ដោយផ្អែកលើលក្ខខណ្ឌមួយចំនួន ដូចជាសមត្ថភាពការងារ ចំណេះដឹងជំនាញ និងភាសាបរទេស អតីតភាពការងារ ស្មារតីទទួលខុសត្រូវ និងភាពទៀងទាត់នៃការមកបំពេញការងារ ។ ចំពោះការងារការរទេស មុខងារមួយចំនួនមិនត្រឹមតែលក្ខខណ្ឌអតីតភាពការងារមិនគ្រប់គ្រាន់ទេ គឺទាមទារឲ្យមានចំណេះដឹងខ្ពស់ ទើបអាចតែងតាំងបាន ។ មុននឹងមានការតែងតាំង ឬដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់ពីនាយកដ្ឋានពាក់ព័ន្ធ និងគណៈកម្មការវាយតម្លៃ ហើយប្រធានអង្គភាពជាអ្នកសម្រេចចុងក្រោយ ។
ចាប់តាំងពីឆ្នាំ២០១០មក ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានពង្រឹងការគ្រប់គ្រងធនធានមនុស្ស ដោយអនុវត្តន៍ការត្រួតពិនិត្យវិន័យ និងវាយតម្លៃប្រចាំថ្ងៃ ប្រចាំសបា្តហ៍ និងប្រចាំខែ ។ ដើម្បីលើកទឹកចិត្តមន្ត្រីរាជការដែលមានសមត្ថភាព និងខិតខំបំពេញការងារ ក្រសួងកំពុងធ្វើកាវាយតម្លៃប្រចាំខែចាប់ពីមន្ត្រីដល់អគ្គនាយក តាមរយៈថ្នាក់ដឹកនាំទទួលបន្ទុកផ្ទាល់ ។ ក្រសួងក៏មានក្រុមប្រឹក្សាវិន័យដើម្បីអនុវត្តន៍វិន័យចំពោះមន្ត្រីដែលអសកម្ម មិនគោរពវិន័យ និងប្រព្រឹត្តខុសច្បាប់ និងក្របខ័ណ្ឌការងារផងដែរ ។
២-ភាពមិនប្រក្រតី និងការផ្តល់របបឧបត្ថម្ភផ្សេងៗដល់មន្ត្រី ៖ ការតែងតាំងមន្ត្រី និងរយៈពេលទៅបំពេញបេសកកម្មនៅតាមស្ថានតំណាងនៅបរទេស ត្រូវអនុវត្តន៍តាមព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីការទួតជាន់ខ្ពស់ ដែលត្រង់មាត្រា១៥ចែងថា អាណត្តិបម្រើការងារនៃមន្ត្រីការទូតជាន់ខ្ពស់នៅបរទេស ត្រូវកំណត់រយៈពេល៣ឆ្នាំ ក្នុងករណីចាំបាច់អាណត្តិនេះអាចពន្យារបានម្តង១ឆ្នាំ តែមិនឲ្យលើសពី៣ឆ្នាំឡើយ ។ ការពន្យារពេលបេសកកម្មដោយករណីចាំបាច់ គឺធ្វើឡើងដោយតម្រូវការការងារ និងតាមការសម្រេចរបស់ប្រធានអង្គភាព ដូចជា ករណីឯកអគ្គរាជទូត អគ្គកុងស៊ុល និងមន្ត្រីការទូតនៅប្រទេសបារាំង។
ពាក់ព័ន្ធនឹងការឧបត្ថម្ភផ្សេងៗ ឯកឧត្តម ហោ សុធន បានបញ្ជាក់ថា គ្រប់ការឧបត្ថម្ភត្រូវបានអនុវត្តន៍តាមគោលការណ៍របស់រាជរដ្ឋាភិបាល ដូចជា ៖
ក-ធ្វើការលើសម៉ោងមុនថ្ងៃប្រជុំ និងមុនគណៈប្រតិភូមកដល់សម្រាប់កិច្ចប្រជុំអន្តរជាតិ ៖ -ប្រាក់ឧបត្ថម្ភនិងហូបចុក គឺ១នាក់ X ១ថ្ងៃ X ២៣.០០០រៀល ។ -ប្រេងសាំងរថយន្ត គឺ១គ្រឿង X ២៥លីត្រ X ១ថ្ងៃ(គោលការណ៍សាមីក្រសួង) ។
ខ-ធ្វើការនៅថ្ងៃប្រជុំ និងគណៈប្រតិភូមកដល់ សម្រាប់ប្រជុំអន្តរជាតិ ៖ -ប្រាក់ឧបត្ថម្ភនិងហូបចុក គឺ១នាក់ X ១ថ្ងៃ X ៤៦.០០០រៀល ។ -ប្រេងសាំងរថយន្ត គឺ១គ្រឿង X ២៥លីត្រ X ១ថ្ងៃ(គោលការណ៍សាមីក្រសួង) ។
គ-ធ្វើការលើសម៉ោងធម្មតា ៖ -ប្រាក់ឧបត្ថម្ភគឺ ១នាក់ X ១ថ្ងៃ X ៨.០០០រៀល ។ -ប្រេងសាំងរថយន្ត គឺមិនមានការផ្តល់ជូនទេ លើកលែងតែមានការចាត់តាំងឲ្យចូលរួមប្រជុំ ឬបេសកកម្មតាមករណីនីមួយៗ ។ -ប្រេងសាំងរថយន្តទៅតាមខេត្ត គឺ១គ្រឿង X ២៥លីត្រ ទៅ៣០លីត្រសម្រាប់១០០គីឡូម៉ែត្រ ។
សូមរំលឹកជូនថា ឯកឧត្តម ហោ សុធន អតីតអគ្គលេខាធិការរង និងជាកូនប្រុសរបស់ឯកឧត្តម ហោ ណាំហុង ត្រូវបានតែងតាំងអគ្គលេខាធិការនៃក្រសួងការបរេទសនិងសហប្រតិបត្តិការអន្តរជាតិចាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះ ពោលគឺមានរយៈពេលចូលប្រមាណ១០ឆ្នាំហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៤/១៩៥ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៤ ចុះហត្ថលេខាដោយសម្តេច ជា ស៊ីម ជាប្រមុខរដ្ឋស្តីទី ៕
Source from: www.dtn7.com
No comments:
Post a Comment