នារីវ័យក្មេងអង្គុយចាំសង្សារនៅស្តុបណានជីង ដកទូរស័ព្ទមកលេងហ្គេម ត្រូវចោរបាញ់ប្លន់

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ពេលកំពុងអង្គុយលេងហ្គេម និងរងចាំសង្សារ មកឌុបដើរលេង ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ធ្វើសកម្មភាពភ្ជង់ និងបាញ់គំរាមមួយគ្រាប់ ប្លន់យកទូរស័ព្ទម៉ាកសាំសុង កាលពីវេលាម៉ោង ១០និង៤៥ នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៦៩ មុខស្ដុបណានជីង សង្កាត់មិត្ដភាព ខណ្ឌ៧មករា ។
សាក្សីបានឲ្យដឹងថា នារីរងគ្រោះកំពុងតែអង្គុយម្នាក់ឯង លើសួនច្បារ មុខស្ដុបណានជីង ដោយរង់ចាំសង្សារយូរពេក ក៏អង្គុយលេងហ្គេមក្នុងទូរស័ព្ទ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាក សេ១២៥ មួយគ្រឿង ចុះមកដកកាំភ្លើងខ្លី មួយដើម ភ្ជង់ទៅលើនារីរងគ្រោះ ប្លន់យកទូរស័ព្ទម៉ាកសាំសុង ប៉ុន្ដែសាក្សីខ្លះនិយាយថា ជាទូរស័ព្ទចិន ។ ពេលនោះជនរងគ្រោះ ភ័យហើយស្រែក ធ្វើឱ្យជនសង្ស័យ បាញ់មួយគ្រាប់ជាការគំរាម មុនពេលដែលពួកគេ ជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។
នារីរងគ្រោះមានឈ្មោះ ស្រីកា អាយុប្រ ១៩ឆ្នាំ ប៉ុន្ដែមិនដឹងថា រស់នៅទីណានោះទេ ព្រោះក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានបុរសម្នាក់ ទំនងជាសង្សាររបស់នាង បានមកដឹកយកទៅបាត់ មិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ។ ក្រោយកើតហេតុ គេឃើញកម្លាំងអាវុធហត្ថ និងនគរបាលជាច្រើននាក់ ចុះទៅសួរនាំ ហើយរកឃើញសំបកកាទូស កាំភ្លើងម៉ាកកា៥៤ មួយគ្រាប់ ដែលជនសង្ស័យ បាញ់គំរាមនារីរងគ្រោះ ប៉ុន្ដែសំណាងល្អ មិនបណ្ដាលឱ្យរងរបួស ឬប៉ះពាល់ដល់ អាយុជីវិតនោះឡើយ៕
Source from: watphnom-news.com