ក្មេងទំនើងដេញកាប់ចាក់គ្នា ក្នុងពិធីខុនសឺតនៅក្រុងបាវិត បណ្តាលឲ្យអ្នកស្រុករត់ជាន់គ្នា

ខេត្ដស្វាយរៀង ៖ យ៉ាងហោចណាស់យុវជន ២នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីក្មេងស្ទាវមួយក្រុម ជិះម៉ូតូដេញវាយនិងកាប់ចាក់ ដូចក្នុងរឿងចិនហុងកុង បណ្តាលឲ្យមនុស្សរាប់រយនាក់ ដែលកំពុងទស្សនា ការប្រគំតន្ត្រីរត់ជាន់គ្នាកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិបាវិតកណ្ដាល សង្កាត់-ក្រុង បាវិត ខេត្តស្វាយរៀង ហើយក្រុមជនបង្កបានរត់គេចខ្លួន បាត់ស្រមោល។
ជនរងគ្រោះមាន ឈ្មោះ រ័ត្នថា អាយុ ២១ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិពោធិ៍ ឃុំ មេសថ្ងក ស្រុកចន្ទ្រា បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងមិត្ដភក្ដិម្នាក់ឈ្មោះ សួរ ទ្រី អាយុ ២៤ឆ្នាំ មុខ ជាកម្មកររោងចក្រ មានទីលំនៅ ក្នុងភូមិរោងចង្រឹត សង្កាត់បាទី ក្រុងបាវិត បានបបួលគ្នាទៅមើល ការប្រគំតន្ត្រី។ ខណៈដែលកំពុងឈរមើល គេច្រៀងរាំរហូតដល់ វេលាម៉ោង ១១យប់ ស្រាប់តែមានក្រុមក្មេងស្ទាវ ជិះម៉ូតូ ៤ទៅ៥ គ្រឿងមានគ្នា ប្រហែល ៧-៨ នាក់ មកបង្កជម្លោះនិងបានប្រទូស្ដរ៉ាយគ្នា។
ឈ្មោះ រ័ត្នថា បានបន្តថា ដោយឃើញសភាពការណ៍បែបនេះ ខ្លួននិងមិត្ដភក្ដិក៏នាំគ្នាឡើងជិះម៉ូតូ បានប្រមាណ ៣ម៉ែត្រ ក៏ត្រូវក្មេងស្ទាវទាំងនោះ ដកខ្សែក្រវាត់មកវាយ និងយកកាំបិតចាក់ ទៅលើមិត្ដភក្ដិឈ្មោះ សួរ ទ្រី ពីក្រោយខ្នងចំក្បាលមួយកាំបិត ហើយខ្លួនក៏រងរបួសស្រាល និងស្រែកហៅអ្នកភូមិឲ្យជួយ។ ក្រោយពីបង្កហេតុ ក្រុមក្មេងស្ទាវទាំងនោះ បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនភ្លាមៗ ដោយបន្សល់ទុកជនរងគ្រោះ ឲ្យដេករងរបួស ត្រូវបានអ្នកភូមិហៅរថយន្ដសាមុយ ដឹកយកទៅកាន់មន្ទីរពេទ្យ ប្រតិបត្ដិការជីភូ ដោយមុខរបួសធ្ងន់ធ្ងរពេក ក៏ត្រូវគ្រូពេទ្យបញ្ជូនបន្ដមកកាន់ មន្ទីរពេទ្យបង្អែក ខេត្ដស្វាយរៀង៕
Source from: watphnom-news.com
No comments:
Post a Comment