មេការ ២នាក់របស់លោក ធៀម ដែន ហៅតក់ ខំប្រឹងយកដៃបាំងមេឃ សម្ងំប្រមូលលុយពីជំនួញឈើខុសច្បាប់ កាន់តែល្បីពេញស្រុកមេមត់

ខេត្តកំពង់ចាម ៖ សកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន កើតមានយ៉ាងគគ្រឹកគគ្រេង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តកំពង់ចាម ហើយអ្នកដែលទទួលបាន ផលប្រយោជន៍ ពីជំនួញឈើខុសច្បាប់ធំជាងគេ គឺលោក ក្តុល ណុច ជាមេគយប្រចាំស្រុកមេមត់ បានចាត់តាំងកូនចៅជំនិតៗ ឲ្យចាំកាន់បារាស់ចាំប្រមូលលុយ ពីឡានដឹកឈើយកទៅ ច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ជាពិសេសលោក ធៀម ដែន ហៅតក់ ជាមេប៉ុស្តិ៍ព្រំដែន ប្រចាំច្រកបឹងជ្រោង ស្ថិតនៅក្នុងឃុំជាំ នៃស្រុកមេមត់ ដែលចេញមុខប្រមូលលុយ ពីការដឹកជញ្ជូនឈើខុសច្បាប់ មិនក្រែងញញើតពីសេចក្តីណែនាំ ឬបទបញ្ជារបស់ថ្នាក់លើនោះទេ។
សេចក្តីរាយការណ៍ ពីស្រុកមេមត់បានឲ្យដឹងថា លោក ធៀម ដែន ហៅតក់ ពេលខ្លះគាត់មិនបាន ចេញមុខប្រឡូកក្នុងមុខជំនួញ រកស៊ីដឹកជញ្ជូនឈើដោយផ្ទាល់នោះទេ ប៉ុន្តែគាត់មានមេការសំខាន់ៗចំនួន ២នាក់ ធ្វើការជំនួសនិងទទួលបញ្ជា ពីលោក ធៀម ដែន ហៅតក់ តាមទូរស័ព្ទគឺទី១ ឈ្មោះ កែវ គឺជាមេការធានារ៉ាប់រង ស្ពាយលុយយកទៅបង់ ឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ដែលប្រចាំការតាមដងផ្លូវ កុំឲ្យរំខានការដឹកជញ្ជូនឈើ របស់ពួកគេ និងទី២ ឈ្មោះ ម៉ាត់ គឺជាអ្នកស្ពាយលុយ រត់ការទៅបង់ឲ្យ ក្រុមជំនាញក្រៅក្របខ័ណ្ឌរដ្ឋ ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ និងធ្វើឲ្យសិទ្ធិអំណាច របស់លោក ធៀម ដែន ហៅតក់ កាន់តែមានឥទ្ធិពលខ្លាំងឡើងៗ គ្មាននរណាហ៊ានប៉ះពាល់ទេ។ ការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញជាច្រើន មកពីបណ្តាខេត្តស្ទឹងត្រែង សុទ្ធតែពឹងអាស្រ័យឲ្យលោក ធៀម ដែន ហៅតក់ជួយសម្របសម្រួល រត់ការបើកផ្លូវ ដែលភាសាសាមញ្ញគេនិយាយថា មានភាគហ៊ុនជាមួយគ្នា ទើបដំណើរការដោយរលូនល្អគ្មានឧបសគ្គ។
ដោយឡែក សម្រាប់ក្បួនរថយន្ត ដែលដឹកជញ្ជូនឈើ មកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គឺជាជំនួញរបស់លោក ធៀម ដែន ហៅតក់ ដោយផ្ទាល់ គ្មាននរណាចូលហ៊ុនជាមួយទេ គឺមានតែមេការចំនួន ២នាក់ ឈ្មោះ ម៉ាត់ និងឈ្មោះ កែវ ជាអ្នកចេញមុខ ជួយសម្របសម្រួលរត់ការបើកផ្លូវ មិនឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បង្កការរំខានចំពោះ ជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ របស់ពួកគេ។ មន្ត្រីនគរបាលមួយចំនួន មិនពេញចិត្តចំពោះ ការប្រព្រឹត្តរបស់លោក ធៀម ដែន ហៅតក់ នោះទេ ព្រោះការយកស្បែក ជានគរបាលទៅប្រឡូក ជាមួយជំនួញឈើខុសច្បាប់ បានជះឥទ្ធិពលមិនល្អ ដល់មន្ត្រីនគរបាលដទៃទៀត ដែលមានភាពស្អាតស្អំ ប៉ុន្តែគេមិនដែលឃើញ អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ កោះហៅលោក ធៀម ដែន ហៅតក់ មកដាក់ពិន័យម្តងណាឡើយ។
ក្នុងអំណាចជាអ្នកប្រមូលលុយ ពីជំនួញឈើខុសច្បាប់ យ៉ាងសុខស្រួល លោក ធៀម ដែន ហៅតក់ បានផ្លាស់ប្តូរជីវភាពថ្មី យ៉ាងឆាប់រហ័ស និងកាន់តំណែងជា ប្រធានច្រកបឹងជ្រោង ឡើងដុះស្លែទៅហើយ គ្មាននរណាអាចប្រជែង ជ្រែយកតំណែងរបស់លោក ធៀម ដែន ហៅតក់ បានទេ ក៏ព្រោះតែគាត់ពូកែកាប់ដាវ ប្រមូលលុយយកទៅ អភិវឌ្ឍន៍មុខតំណែង ផ្គាប់ផ្គុនថ្នាក់លើកុំឲ្យចាប់កំហុស។ គេមិនដែលឃើញ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ហ៊ានក្អកជាមួយការដឹកជញ្ជូន ឈើខុសច្បាប់របស់លោក ធៀម ដែន ហៅតក់ ដែលកំពុងបង្កើតទីតាំងស្តុកឈើធំៗចំនួន ២កន្លែង ក្នុងចំការដំឡូងមី និងចំការម្រេចនោះទេ ហើយសូម្បីតែរថយន្តដឹកឈើខ្នាតធំ ប្រភេទយីឌុប របស់លោក ធៀម ដែន ហៅតក់ ឬរថយន្តកែច្នៃ ដឹកឈើទៅលក់នៅស្រុកយួន តាមច្រកច័ន្ទមូល ក៏មិនដែលមាននរណាហ៊ានក្អក។
សកម្មភាពជួញដូរ ដឹកជញ្ជូនឈើខុសច្បាប់ ទ្រង់ទ្រាយធំ របស់លោក ធៀម ដែន ហៅតក់ ដែលមានឈ្មោះ ម៉ាត់ និងឈ្មោះ កែវ ជាមេការ កំពុងល្បីពេញស្រុកមេមត់ មិនចាញ់ជំនួញឈើរបស់ មហាសេដ្ឋីវ័យក្មេងឈ្មោះ ជួប ភារុណ ហៅលាភ នោះទេ គឺពួកគេសុទ្ធតែសកម្មក្នុងការប្រើប្រាស់ ស្បែកជានគរបាល ដើម្បីប្រមូលលុយ ពីជំនួញឈើខុសច្បាប់។ ពេលខ្លះមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធ មិនចង់ប៉ះទង្គិចជាមួយ កម្លាំងប្រដាប់អាវុធ ក៏ចេះតែបិទភ្នែកបិទត្រចៀក សម្របសម្រួលឲ្យការដឹកជញ្ជូនឈើ ខុសច្បាប់របស់លោក ធៀម ដែន ហៅតក់ ដំណើរការដោយរលូន គ្រាន់តែមានការបង់លុយ ថ្លៃបាយទឹកតិចតួច ជាប់ជាប្រចាំ ឬជូនដំណឹងជាមុន រាល់ពេលចេញឈើទៅស្រុកយួន គឺគ្មានផលរមាស់អ្វីទាំងអស់។
លោក លន់ លឹមថៃ ជាអភិបាលខេត្តកំពង់ចាម ហាក់ដូចជាមិនបានយកចិត្តទុកដាក់ ក្នុងការបង្ការបង្ក្រាបទប់ស្កាត់ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងអនាធិបតេយ្យ ប្រព្រឹត្តដោយមន្ត្រីក្នុងជួរកម្លាំង ប្រដាប់អាវុធនោះទេ មិនដឹងជាមានអាថ៌កំបាំងអ្វី បើទោះបីជាក្នុងកិច្ចប្រជុំ មន្ត្រីនិងអាជ្ញាធរថ្នាក់ក្រោម មួយចំនួនបានលើកឡើងពីបញ្ហានេះ ស្នើសុំឲ្យអភិបាលខេត្តជួយចាត់វិធានការដោះស្រាយ ក៏អ្វីៗនៅតែដដែល គ្មានការកែទម្រង់ទាល់តែសោះ។ គេចង់ឃើញ អង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតពីភាពមានបាន របស់លោក ធៀម ដែន ហៅតក់ ឡើងវិញផង ព្រោះវាមិនមានតុល្យភាព ទៅនឹងប្រាក់ខែក្នុងក្របខ័ណ្ឌ ជាមន្ត្រីនគរបាលនោះទេ នាំឲ្យគេសង្ស័យថាភាពមានបាន របស់លោក ធៀម ដែន ហៅតក់ កើតចេញពីអំពើពុករលួយក្នុងមុខតំណែង៕
Source from: watphnom-news.com
No comments:
Post a Comment