គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បង្កដោយរថយន្តដឹកប្រេងកម្ពុជាតេលាទៀតហើយបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

នាវេលាម៉ោង១៤និង១០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ២១B ចំណុចចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ឋិតក្នុងភូមិព្រែកអំបិល ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល បង្កដោយរថយន្តដឹកប្រេងក្រុមហ៊ុនកម្ពុជាតេលាមួយគ្រឿង បើកបុកទោចក្រយានយន្តមួយគ្រឿង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងស្ត្រីម្នាក់ទៀតត្រូវជាបងប្អូននឹងគ្នា រងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកកោះធំ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក ISUZU ពណ៌ខៀវលាយលឿង ពាក់ស្លាកលេខភ្នំពេញ 3C-1636 ពាក់ស្លាកលេខសម្គាល់៤០៦ ជាប្រភេទរថយន្តស៊ីទែនដឹកប្រេងក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា បើកបរដោយបុរសម្នាក់ឈ្មោះ វ៉ា វិបុល អាយុ៣២ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ សាន់ មួយឡេង ភេទស្រី អាយុ៤៥ឆ្នាំ ជាអ្នកបើកបរទោចក្រយានយន្តម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1S-3956 និងអ្នករួមដំណើរជាបងប្អូននឹងគ្នារងរបួសធ្ងន់ធ្ងរឈ្មោះ សាន់ មួយលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងដែរថា ក្រោយពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ អ្នកបើកបររថយន្តមិនបានឈប់នៅកន្លែងកើតហេតុដើម្បីទទួលខុសត្រូវដោះស្រាយទេ គឺបានបន្ថែមល្បឿនបំណងបើកគេចខ្លួនរហូតដល់ស្រុកស្អាង ប៉ុន្តែត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះធំ(ខ) ស្ទាក់ចាប់បានទាំងរថយន្ត ទាំងអ្នកបើកបរ នៅចំណុចគល់ស្ពានលេខ៤០ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ រួមជាមួយទោចក្រយានយន្តរបស់ជនរងគ្រោះ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
សាក្សីដែលបានឃើញហេតុការណ៍ បាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កបានបើកបរតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិសដៅពីត្បូងទៅជើង (ពីស្រុកកោះធំមកស្រុកស្អាង) ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបានរេចង្កូតជ្រុលទៅបុកទោចក្រយានយន្តរបស់ស្ត្រីរងគ្រោះចំបញ្ឆិតរថយន្តផ្នែកខាងមុខ ធ្វើឲ្យទោចក្រយានយន្តខ្ទាតអ្នកបើកបរចូលក្រោមកង់រថយន្តកិនមួយកំណាត់ត្រឹមពោះចុះមកក្រោមស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈដែលអ្នករួមដំណើរជាមួយរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅលើផ្លូវជាតិ ។
បច្ចុប្បន្ន សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅឋាន ។ រីឯស្ត្រីអ្នករងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។
នេះគឺជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើកទី៣នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤នេះ ដែលបង្កឡើងដោយរថយន្តដឹកប្រេងឥន្ធនៈ(លើកទី១បង្កដោយរថយន្តដឹកប្រេងក្រុមហ៊ុនលោកឧកញ៉ា ឈន ថារី ពាក់ស្លាកលេខកំពង់ចាម 3A-2896 នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅខេត្តកំពង់ចាម បុករះបណ្តាលឲ្យមនុស្សយ៉ាងតិច២នាក់បានស្លាប់ និង៦នាក់ទៀតរងរបួស ព្រមទាំងមានការខូចខាតយានយន្តជាច្រើនគ្រឿង, លើកទី២ បង្កដោយរថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនសូគីម៉ិច របស់អ្នកឧកញ៉ា សុខ គង់ ពាក់ស្លាកលេខភ្នំពេញ 3A-0435 នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងរងរបួស៣-៤នាក់ផ្សេងទៀត) ។
សូមបងប្អូនអ្នកបើកបរយានយន្តទាំងអស់ មេត្តាចូលរួមគោរច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ជៀសករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតកលាក់មុខដ៏សាហាវបំផុត ៕
Source from: www.dtn7.com