គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បង្ក​ដោយ​រថយន្ត​ដឹក​ប្រេង​កម្ពុជា​តេ​លា​ទៀត​ហើយ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បង្ក​ដោយ​រថយន្ត​ដឹក​ប្រេង​កម្ពុជា​តេ​លា​ទៀត​ហើយ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

​នា​វេលា​ម៉ោង​១៤​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១B​ ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥-៤៦​ ឋិត​ក្នុងភូមិ​ព្រែក​អំបិល​ ឃុំ​កោះធំ​(​ខ​)​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ បង្ក​ដោយ​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​កម្ពុជា​តេ​លា​មួយ​គ្រឿង​ បើក​បុក​ទោចក្រយានយន្ត​មួយ​គ្រឿង​ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ និង​ស្ត្រី​ម្នាក់​ទៀត​ត្រូវជា​បងប្អូន​នឹង​គ្នា​ រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង​ ។​

​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្កហេតុ​ម៉ាក​ ISUZU​ ពណ៌​ខៀវ​លាយ​លឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3C-1636​ ពាក់​ស្លាក​លេខ​សម្គាល់​៤០៦​ ជា​ប្រភេទ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​កម្ពុជា​តេ​លា​ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ វ៉ា​ វិបុល​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​មង្គល​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។​ រីឯ​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ សាន់​ មួយ​ឡេ​ង​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ ជា​អ្នកបើកបរ​ទោចក្រយានយន្ត​ម៉ាក​ស្មាស់​វី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្តាល​ 1S-3956​ និង​អ្នក​រួម​ដំណើរ​ជា​បងប្អូន​នឹង​គ្នា​រង​របួស​ធ្ងន់ធ្ងរ​ឈ្មោះ​ សាន់​ មួយ​លី​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ មាន​ទីលំនៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយ​ពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ អ្នកបើកបរ​រថយន្ត​មិន​បាន​ឈប់​នៅ​កន្លែង​កើតហេតុ​ដើម្បី​ទទួលខុសត្រូវ​ដោះស្រាយ​ទេ​ គឺ​បាន​បន្ថែម​ល្បឿន​បំណង​បើក​គេចខ្លួន​រហូត​ដល់​ស្រុក​ស្អាង​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះធំ​(​ខ​)​ ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត​ ទាំង​អ្នកបើកបរ​ នៅ​ចំណុច​គល់​ស្ពាន​លេខ​៤០​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ រួម​ជាមួយ​ទោចក្រយានយន្ត​របស់​ជន​រង​គ្រោះ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ បាន​និយាយ​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​បង្ក​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១B​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ (​ពី​ស្រុក​កោះធំ​មក​ស្រុក​ស្អាង​)​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​បង្ក​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ទោចក្រយានយន្ត​របស់​ស្ត្រី​រង​គ្រោះ​ចំ​បញ្ឆិត​រថយន្ត​ផ្នែក​ខាង​មុខ​ ធ្វើ​ឲ្យ​ទោចក្រយានយន្ត​ខ្ទាត​អ្នកបើកបរ​ចូល​ក្រោម​កង់​រថយន្ត​កិន​មួយ​កំណាត់​ត្រឹម​ពោះ​ចុះ​មក​ក្រោម​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​ ខណៈ​ដែល​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួស​ធ្ងន់ធ្ងរ​ សន្លប់​ស្តូកស្តឹង​នៅ​លើ​ផ្លូវជាតិ​ ។​

​បច្ចុប្បន្ន​ សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​លំនៅ​ឋាន​ ។​ រីឯ​ស្ត្រី​អ្នក​រង​របួស​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ រាជធានី​ភ្នំពេញ​ ។​

​នេះ​គឺជា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​លើក​ទី​៣​នៅ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​២០១៤​នេះ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​(​លើក​ទី​១​បង្ក​ដោយ​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ឈ​ន​ ថា​រី​ ពាក់​ស្លាក​លេខ​កំពង់ចាម​ 3A-2896​ នា​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​ខេត្តកំពង់ចាម​ បុក​រះ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​២​នាក់​បាន​ស្លាប់​ និង​៦​នាក់​ទៀត​រង​របួស​ ព្រមទាំង​មានការ​ខូចខាត​យានយន្ត​ជា​ច្រើន​គ្រឿង​,​ លើក​ទី​២​ បង្ក​ដោយ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​ក្រុមហ៊ុន​សូ​គី​ម៉ិច​ របស់​អ្នកឧកញ៉ា​ សុខ​ គង់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-0435​ នា​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​ និង​រង​របួស​៣-៤​នាក់​ផ្សេង​ទៀត​)​ ។​

​សូម​បងប្អូន​អ្នកបើកបរ​យានយន្ត​ទាំងអស់​ មេត្តា​ចូលរួម​គោរ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ និង​បើកបរ​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​បញ្ជៀ​ស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ ពីព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​ គឺជា​ឃាតក​លាក់​មុខ​ដ៏​សាហាវ​បំផុត​ ៕​

Tela Tela2 Tela3Tela1


Source from: www.dtn7.com

No comments:

Post a Comment