លោក មាស រដ្ឋាវុឌ្ឍ រត់ការឲ្យកូនប្រសារឈ្មោះ មុំ សុធារ៉ា ឡើងធ្វើជាប្រធានមន្ទីរហិរញ្ញវត្ថុខេត្តព្រះវិហារ ទាំងវ័យក្មេងផ្ទុយពីក្រឹត្យក្រមរដ្ឋបាល

ខេត្តព្រះវិហារ ៖ មន្ត្រីរាជការជាច្រើនបានចំអែចំអន់គ្នា រឿងមន្ត្រីខ្លះក្រាញននៀលមិនចង់ចូលនិវត្តន៍ទេ បែរជាចំណាយលុយរាប់ម៉ឺនដុល្លារ រត់ការពន្យារអាយុចូលនិវត្តន៍ ដើម្បីបន្តការងារ ហើយជ្រកក្រោមពាក្យស្លោក អ្នកបន្តវេនឬទំពាំងស្នងប្ញស្សី គេសង្កេតឃើញមន្ត្រីធំៗមួយចំនួន បានរៀបចំចាត់ចែងឲ្យកូនៗ សាច់ញាតិរបស់ពួកគេ ឡើងកាន់តំណែងល្អៗ ឬជំនួសតំណែងរបស់ខ្លួន ទៅតាមស្ថានភាពជាក់ស្តែង ហើយលោកប្រធាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តព្រះវិហារ កំពុងសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីគាត់សុំចូលនិវត្តន៍មុនអាយុ នាំឲ្យមន្ត្រីខ្លះទូរស័ព្ទ សួរនាំគាត់អំពីរឿងដែលសប្បាយចិត្ត ព្រោះជាធម្មតាមន្ត្រីជាច្រើន ដែលកាន់ការងារល្អៗ មិនចង់ចូលនិវត្តន៍ អីទេ ទោះជាអស់ប៉ុន្មានក៏ហ៊ានចំណាយ ដើម្បីពន្យារអាយុចូលនិវត្តន៍ យ៉ាងហោចណាស់ក៏ ២ឬ៤ ឆ្នាំដែរ។
សេចក្តីរាយការណ៍ពី ខេត្តព្រះវិហារបានឲ្យដឹងថា លោក មាស រដ្ឋាវុឌ្ឍ ដែលជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តព្រះវិហារ បានប្រកាសចូលនិវត្តន៍ មុនកាលកំណត់យ៉ាងសប្បាយរីករាយបំផុត ហើយតាមការគ្រោងទុក លោក មាស រដ្ឋាវុឌ្ឍ ត្រូវចូលនិវត្តន៍នៅខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះគឺនៅសល់ ពេលវេលាជាងកន្លះឆ្នាំទៀតឯណោះ។ លោក មាស រដ្ឋាវុឌ្ឍ បានធ្វើឲ្យមន្ត្រីរាជការ នៅទូទាំងខេត្តព្រះវិហារ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគាត់កាន់ការងារខ្លាញ់ មានឱកាសកាត់ភាគរយ ពីតាមមន្ទីរ អង្គភាព ចំណុះឲ្យខេត្តព្រះវិហារ ប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួលបំផុត ហើយរយៈពេលជាងកន្លះឆ្នាំ មុនពេលដល់ថ្ងៃចូលនិវត្តន៍ លោក មាស រដ្ឋាវុឌ្ឍ អាចសម្ងំកើបលុយ យកទៅធ្វើមានធ្វើបានឬទុកដេកចាយ នៅពេលចូលនិវត្តន៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុអ្វីគាត់បែរជាសុំចូលនិវត្តន៍មុនពេលកំណត់ និងមិនរត់ការចំណាយលុយ ដើម្បីពន្យារអាយុចូលនិវត្តន៍ ដូចមន្ត្រីដទៃ ?
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងហិរញ្ញវត្ថុម្នាក់ ដែលបានដឹងឮរឿង របស់លោក មាស រដ្ឋាវុឌ្ឍ ច្បាស់ដូចថ្ងៃរះ បានលើកឡើងថា អនុវត្តន៍តាមកំណែទម្រង់ស៊ីជម្រៅ លោក មាស រដ្ឋាវុឌ្ឍ បានយកគោលនយោបាយបន្តវេន ឬទំពាំងស្នងប្ញស្សី មកប្រើប្រាស់ស្រដៀងទៅនឹងថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពដទៃទៀត ស្ទើរទូទាំងប្រទេសកម្ពុជា ដែលជាការបញ្ចូលឈាមថ្មីជំនួសឈាមចាស់ តែគេប្រើទុយោដដែល។ នោះគឺជាការ កាន់តំណែងថ្នាក់ប្រធានមន្ទីរ ណា មួយតពូជតពង្ស រៀបចំតាមបែបគ្រួសារ បក្ខពួកដើម្បីងាយស្រួល ប្រព្រឹត្តអំពើពុករលួយប្រមូលលុយ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់ប្រធានមន្ទីរដទៃដែលមានកូនប្រុស គេរៀបចំឲ្យកាន់តំណែង តូចតាចមួយក្នុងមន្ទីរ ហើយបន្តឡើងតំណែងបន្តិចម្តងៗ រហូតមកដល់កម្រិតអនុប្រធានមន្ទីរ ដើម្បីរង់ចាំឡើងទៅជំនួសតំណែងឪពុក នៅពេលត្រូវបានថ្នាក់លើ សម្រេចឲ្យចូលនិវត្តន៍តាមច្បាប់។
សម្រាប់លោក មាស រដ្ឋាវុឌ្ឍ មិនមានកូនប្រុសបង្កើត ឲ្យឡើងតំណែងជំនួសគាត់ ដឹកនាំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះវិហារ នោះទេ ប៉ុន្តែលោក មាស រដ្ឋាវុឌ្ឍ ក៏មិនភ្លេចអនុវត្តន៍នយោបាយបន្តវេន ដោយព្យាយាមរត់ការគ្រប់បែបយ៉ាង ចំណាយលុយតាមគ្រប់រូបភាព ដោយប្រើប្រាស់ខ្សែទុយោ អន្តរាគមន៍នៅក្រសួងហិរញ្ញវត្ថុ ដើម្បីឲ្យកូនប្រសាប្រុស របស់គាត់ឈ្មោះ មុំ សុធារ៉ា អាយុទើបតែ ៣៦ឆ្នាំ បច្ចុប្បន្នជាមន្ត្រីរាជការ បម្រើការងារក្នុងរតនាគារជាតិ ឲ្យឡើងជំនួសតំណែងគាត់ ដែលពេលនេះ ទទួលបានជោគជ័យរួចទៅហើយ ទើបលោក មាស រដ្ឋាវុឌ្ឍ ប្រកាសសុំចូលនិវត្តន៍ មុនពេលកំណត់។ មន្ត្រីជាច្រើនឲ្យតែជិតដល់អាយុចូលនិវត្តន៍ នៅមិនសុខទេ ទោះជាអស់ប៉ុន្មាន ក៏ហ៊ានចំណាយដើម្បីរត់ការ ពន្យារអាយុចូលនិវត្តន៍ បើទោះបីជាគេត្រៀមបំរុង ឲ្យកូនៗឡើងតំណែងជំនួសក៏ដោយ ប៉ុន្តែទីបំផុត លោក មាស រដ្ឋាវុឌ្ឍ បែរជាសុំចូលនិវត្តន៍មុនអាយុ យ៉ាងរីករាយខុសពីមន្ត្រីដទៃ។
យ៉ាងណាក៏ដោយ មន្ត្រីថ្នាក់អនុប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តព្រះវិហារ ចំនួន ៣នាក់ រួមទាំងមន្ត្រីរាជការដទៃទៀត បានសម្តែងការមិនពេញចិត្តទាល់តែសោះ ចំពោះបញ្ហាដែលលោក មាស រដ្ឋាវុឌ្ឍ រត់ការចាត់ចែងឲ្យ កូនប្រសាឈ្មោះ មុំ សុធារ៉ា ឡើងកាន់តំណែង ជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំនួសគាត់ ផ្ទុយពីបែបបទរដ្ឋបាល ណាមួយ លោក មុំ សុធារ៉ា មិនមែនជាមន្ត្រីក្នុងក្របខ័ណ្ឌ នៅមន្ទីរហិរញ្ញវត្ថុខេត្តព្រះវិហារ ផងទេ ដូច្នេះមិនដឹងការងាររាក់ជ្រៅ និងពិបាកស្វែងយល់ចិត្តថ្លើម របស់មន្ត្រីក្រោមឱវាទ ដែលជាហេតុនាំឲ្យការងារ មានភាពចម្រូងចម្រាស។ មន្ត្រីរាជការរួមទាំងអនុប្រធាន មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ខេត្តព្រះវិហារទាំងអស់ បានទទូចសុំឲ្យលោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ពិនិត្យមើលករណី ដែលលោក មាស រដ្ឋាវុឌ្ឍ រត់កានិងសុំអន្តរាគមន៍ ឲ្យកូនប្រសាររបស់គាត់ ឈ្មោះ មុំ សុធារ៉ា ឡើងធ្វើជាប្រធានមន្ទីរហិរញ្ញវត្ថុទាំងវ័យក្មេង ផ្ទុយពីក្រឹត្យក្រម រដ្ឋបាលឡើងវិញផង៕
Source from: watphnom-news.com