សង្ស័យស្រវឹងបើកឡិចស៊ីស បុករនាំងដែកនិងបុករះម៉ូតូ រត់ទៅពួនក្នុងក្លិបខារ៉ាអូខេ វីនីស

រាជធានីភ្នំពេញ ៖ ម្ចាស់រថយន្តទំនើប ម៉ាកឡិចស៊ីស៤៧០ សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុករនាំងដែក ពុះចែកផ្លូវបាក់អស់ ៦ផ្ទាំង ហើយរថយន្ដបង្កបានព្យាយាម បើករត់ទៅបុករះម៉ូតូ ៣គ្រឿងទៀត ដែលចតនៅមុខផ្ទះបណ្ដាលឱ្យខូចខាត កាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៩ ខែមីនា នៅមុខអគារ ៤២ជាន់ ចំណុចស្ដុបពេទ្យចិន មហាវិថីព្រះមុនីវង្ស កែងមហាវិថីព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
សាក្សីបានឱ្យដឹងថា រថយន្ដបង្កម៉ាកឡិចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6579 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង បានរេចង្កូតទៅបុកទៅបុក រនាំងដែកពុះចែកផ្លូវ បាក់អស់ ៦ផ្ទាំង ក្នុងនោះមួយផ្ទាំង ខ្ទាតចេញទៅចិញ្ចើមផ្លូវ និង ៥ផ្ទាំងទៀត បាក់និងទ្រេត ចំណែករថយន្ដបែកកង់មុខ ចំហៀងខាងឆ្វេង ព្យាយាមបើករត់ទៅបុករះម៉ូតូ ៣គ្រឿង ចតនៅមុខផ្ទះលេខ៤១Eo ផ្លូវលេខ ២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការមន បណ្តាលឱ្យខូចខាត។
រថយន្ដបង្កនៅតែមិនទាន់ឈប់ទៀត បានព្យាយាមបើករត់គេច ទាំងរថយន្ដរយះសម្បកកង់ នៅសល់តែយ៉ាន់ ទៅបន្លំចូលក្នុងក្លិបខារ៉ាអូខេ វីនីស ស្ថិតតាមបណ្ដោយ មហាវិថីព្រះមុនីរ៉េត កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ទើបសមត្ថកិច្ចដេញតាមឃាត់បាន។ ហេតុការណ៍បុករះ ជាបន្ដបន្ទាប់នេះ មិនបង្កឱ្យមានអ្នករងរបួសទេ គ្រាន់តែខូច ខាតរនាំងដែក ពុះចែកផ្លូវបាក់អស់ ៦ផ្ទាំង បុករះម៉ូតូ ៣គ្រឿង ខូចខាតធ្ងន់ធ្ងរមួយគ្រឿងម៉ាកភូសា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BW-6207៕
Source from: watphnom-news.com
No comments:
Post a Comment