ទើបរៀបការធ្វើជាប្រពន្ធទី៣ របស់បុរសពោះម៉ាយ បានរយៈពេល ៧ថ្ងៃ លេបថ្នាំសម្លាប់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ កូនក្រមុំទើបរៀបការ បានរយៈពេល ៧ថ្ងៃ បានលេបថ្នាំប៉ងសម្លាប់ខ្លួន បណ្តាលឲ្យមានការភ្ញាក់ផ្អើល នៅក្នុងផ្ទះរបស់នាង ស្ថិតនៅក្នុងភូមិអូរទទឹង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ហើយត្រូវបានក្រុមគ្រួសារ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ដោយគេមិនដឹងថា នាងលេបថ្នាំសម្លាប់ខ្លួន ដោយសាររឿងអ្វីនោះទេ តែគេសង្ស័យថា ប្រហែលជានាង តូចចិត្តនិងវាសនា ដែលបានរៀបការជាមួយ បុរសពោះម៉ាយ ធ្លាប់មានប្រពន្ធ២ និងកូន ៤នាក់ រួចទៅហើយ។
កូនក្រមុំទើបការនោះ មានឈ្មោះ វង់ សុជាតិ អាយុ ២៦ឆ្នាំ កំពុងស្ថិតក្នុងការសង្គ្រោះនៅឡើយ ដោយគ្រូពេទ្យប្រាប់ថា នាងមានស្ថានភាពធ្ងន់ធ្ងរ កំពុងស្ថិតក្នុងការ តាមដាននៅឡើយ។ គ្រូពេទ្យប្រាប់ថា នាងបានដឹកមកដល់ពេទ្យ នៅវេលាម៉ោង ៩យប់ថ្ងៃទី៣០ ខែមីនា ហើយគ្រូពេទ្យបានលាងក្រពះ ដាក់សេរ៉ូម និងបញ្ចូលខ្យល់អុកស៊ីហ្សែន ប៉ុន្តែមកដល់ពេលនេះ នាងនៅតែសន្លប់ មិនទាន់ដឹងខ្លួននៅឡើយ។
ក្រុមគ្រួសារជនរងគ្រោះ ហាក់ចង់លាក់បាំង ពីមូលហេតុនៃ ការប៉ងសម្លាប់ខ្លួននេះ ដោយគ្រាន់តែប្រាប់ឈ្មោះ និងទីលំនៅរបស់នាង តែប៉ុណ្ណោះ ដោយមិនប្រាប់ ពីមូលហេតុឡើយ ថែមទាំងបានបញ្ជាក់ថា នាងនៅលីវ មិនទាន់រៀបការទៀតផង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចបានបញ្ជាក់ថា នាងឈ្មោះ វង់ សុជាតិ អាយុ ២៦ឆ្នាំ បានរៀបការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ ជាមួយបុរសម្នាក់ឈ្មោះ សុខ សាំង អាយុជាង ៤០ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ជាពោះម៉ាយធ្លាប់មានប្រពន្ធ២ ប្រពន្ធទី១ បានកូន៣ ហើយបានលែងលះគ្នាដាច់ស្រេច ទើបមកបានប្រពន្ធទី២ មានកូន១។ ប្រពន្ធទី២ បានស្លាប់ជាង ៥ឆ្នាំ ហើយទើបមកបានប្រពន្ធទី៣ ទើបរៀបការបាន ៧ថ្ងៃនេះ។
មុនពេលកើតហេតុ បងស្រីឈ្មោះ វង់ សុជា អាយុ ៤០ឆ្នាំ បានទៅកំពង់ឆ្នាំង ដើម្បីផឹកស៊ីជប់លៀង ចំណែកឈ្មោះ វង់ សុជាតិ ជាប្អូនក៏មិនបាននៅផ្ទះដែរ គឺទៅផឹកស៊ីនៅផ្ទះគេ ដោយគ្មានអ្នកណា មើលគោ។ លុះពេលត្រឡប់ចូលផ្ទះវិញ បងស្រីបានស្តីបន្ទោសថា បើអញមិននៅផ្ទះហើយ ឯងក៏មិននៅផ្ទះដែរ ? ហើយក៏ប្រកែកគ្នា ទើបមានរឿងលេបថ្នាំ ប៉ងសម្លាប់ខ្លួនកើតឡើង។ នៅក្នុងមន្ទីរពេទ្យគេឃើញប្តី និងបងស្រីនាង កំពុងព្រួយបារម្ភផងដែរ ព្រោះលោកគ្រូពេទ្យប្រាប់ថា នាងប្រហែលជាត្រូវបញ្ជូន ទៅពេទ្យនៅភ្នំពេញ បន្តទៀត បើនាងនៅតែមានសភាពធ្ងន់ធ្ងរ មិនធូរស្រាលទេនោះ៕
Source from: watphnom-news.com
No comments:
Post a Comment