ឡានដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីបុករះអ្នកជិះម៉ូតូ និងរថយន្ដ ៣គ្រឿង កិនស្ត្រីម្នាក់រងរបួសធ្ងន់

រាជធានីភ្នំពេញ ៖ រថយន្ដដឹកសំរាមរបស់ក្រុម ហ៊ុនស៊ីនទ្រី បានបុករះអ្នកបើកម៉ូតូ និងរថយន្ដ ៣គ្រឿង បណ្ដាលឱ្យស្ដ្រីម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារកង់រថយន្ដកិន ត្រូវត្រង់ជើងទាំង២ រីឯម៉ូតូខូចខាតទាំងស្រុង កាលពីវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ ផ្លូវលេខ២៧១ ទល់មុខមជ្ឈមណ្ឌល ហាត់ប្រាណ ភ្នំពេញស្ពតក្លឹប ក្នុងខណ្ឌចំការមន ។
មុនពេលកើតហេតុ រថយន្ដបង្កបានធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពី មន្ទីរពេទ្យរុស្ស៊ី ទៅចំណុចក្បាលថ្នល់ លុះពេលមកដល់ មជ្ឈមណ្ឌលហាត់ប្រាណ ភ្នំពេញស្ពតក្លឹប បានជ្រុលចង្កូតទៅបុកស្ដ្រីម្នាក់ ពេលកំពុងជិះម៉ូតូវីវ៉ា ១គ្រឿង ពណ៌ខ្មៅ តែម្នាក់ឯង បណ្ដាលឱ្យដួល រួចហើយរថយន្ដកិនអូសម៉ូតូ និងកិនលើជើងទាំង២ របស់ស្ដ្រីរងគ្រោះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
សាក្សីបានឲ្យដឹងទៀតថា ក្រោយពីបុកស្ដ្រីរងគ្រោះ រួចហើយ រថយន្ដបង្កមិនបានឈប់នោះទេ គឺប្រុងបើករត់ក៏រ៉េចង្កូត ទៅបុកបុរសម្នាក់ទៀត ពេលកំពុងជិះម៉ូតូ ស្មាស់ពណ៌ខ្មៅ ហើយបន្ដទៅកៀររថយន្ដតួរីស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២ភ-៤៣០៤ ក្នុងទិសដៅស្របគ្នា បណ្ដាលឱ្យរង ការខូចខាតរថយន្ដ មួយចំហៀង។ មួយសន្ទុះក្រោយមក គេបានឃើញសមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយអន្ដរាគមន៍ ដោយឃាត់ខ្លួនអ្នកបើករថយន្ដ ដែលប្រុងរត់គេច ទៅសួរនាំបន្ដទៀតនៅប៉ុស្ដិ៍ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ភ្លាមៗនោះស្ដ្រីរងគ្រោះ ពុំមាននរណាម្នាក់ ស្គាល់ពីអត្ដសញ្ញាណ នោះឡើយ ប៉ុន្ដែមានអាយុជាង ៤០ឆ្នាំ ហើយត្រូវបានប្រជាពលរដ្ឋ នៅកន្លែងកើតហេតុនោះ ជួយហៅរថយន្ដសង្គ្រោះបន្ទាន់ ជួយដឹកទៅកាន់ មន្ទីរពេទ្យភ្លាមៗ។ អ្នកបើករថយន្ដឈ្មោះ ឃាង រុន អាយុ ៣៦ឆ្នាំ រស់នៅតាមផ្លូវចំការដូង ក្នុងខណ្ឌដង្កោ បម្រើការងារជា បុគ្គលិកក្រុមហ៊ុន ប្រមូលសំរាម ស៊ីនទ្រី៕
Source from: watphnom-news.com
No comments:
Post a Comment