ល្បែងស៊ីសងបៀរ អាប៉ោង កន្ទុយលេខ និងពេស្យាចារ បើកធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង នាំឲ្យមានចោរលួចប្លន់ មិនសូវឃើញសមត្ថកិច្ចចុះទៅបង្ក្រាប

ខេត្តកណ្តាល ៖ ល្បែងស៊ីសងបៀរ អាប៉ោង កន្ទុយលេខ និងបនពេស្យាចារ ដែលគេនិយមហៅថា បនស្រីខូច កំពុងបើកធ្វើអាជីវកម្ម យ៉ាងគគ្រឹកគគ្រេង នៅក្នុងស្រុកស្អាង ខេត្តកណ្តាល បង្កឲ្យមានបទល្មើសចោរលួច ចោរប្លន់ ចោរលួចគាស់ផ្ទះ ជាច្រើនករណី នាំឲ្យប្រជាពលរដ្ឋទូទាំងស្រុកស្អាង សព្វថ្ងៃនេះមានការព្រួយបារម្មណ៍ ពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារសមត្ថកិច្ច មិនមានវិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនោះទេ។
ប្រភពរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្នុងស្រុកស្អាង បានឲ្យដឹងថា កន្លងមកថ្មីៗនេះ មានករណីចោរប្លន់ អ្នកចិញ្ចឹមមាន់និងលក់មាន់ម្នាក់ នៅចំណុចក្បែរដីចំការ របស់លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង យកបានលុយជាង ៣ម៉ឺនដុល្លារអាមេរិក គេចខ្លួនដោយសុវត្ថិភាព កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ កាលពីវេលាម៉ោង ១រសៀល ហើយជនរងគ្រោះមានឈ្មោះ សន គីមសាយ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
បទល្មើសជាច្រើនករណី ដែលកើតឡើងជាបន្តបន្ទាប់ នៅក្នុងស្រុកស្អាង គឺបណ្តាលមកពីភាពធូរលុងរបស់អាជ្ញាធរ និងសមត្ថកិច្ចប៉ូលិស ដែលបានបណ្តែតបណ្តោយ ឲ្យមានការបើក ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសគឺបនស្រីខូច និងកន្ទុយលេខ បៀរ អាប៉ោង និងការជួញដូរគ្រឿងញៀន យ៉ាងគគ្រឹកគគ្រេង ដោយអាជ្ញាធរនិងសមត្ថកិច្ចប៉ូលិស ពុំមានចំណាត់ការបង្ក្រាបនោះទេ។ ដូចជាករណីបទល្មើសកើតឡើងនោះ គឺនៅក្នុងឃុំរកាខ្ពស់ ឃុំព្រែកគយ ឃុំស្អាងភ្នំ ឃុំស្វាយប្រទាល ឃុំសិត្បូ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ចំណុចឃុំទាំងអស់នេះ ក៏សំបូរទៅដោយការបើកល្បែងស៊ីសងផងដែរ។
ភាពអសកម្មទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ ចោរលួចគាស់ផ្ទះ បានកើតឡើងជាបន្តបន្ទាប់ ដោយសារតែចាញ់ល្បែង ឬគ្មានលុយទិញថ្នាំញៀន។ ប្រភពបានបន្តឲ្យដឹងទៀតថា ការបើកល្បែងស៊ីសង ពាលាអាវ៉ាសែ បៀរ អាប៉ោង កន្ទុយលេខ បនបេស្យាចារ ដោយសុខស្រួលនេះ ព្រោះតែមានការឃុបឃិត ជាមួយអាជ្ញាធរ និងសមត្ថកិច្ចប៉ូលិស ជាពិសេសលោកអធិការ ស្រុកស្អាងតែម្តង។
បើតាមប្រភពពីមន្ត្រីតូចតាច សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សង្ស័យមេកន្ទុយលេខទាំងអស់ ក្នុងស្រុកស្អាង បានបង់លុយឲ្យលោកអធិការ ប្រចាំខែអស់ហើយ បានជាគ្មានញញើត និងសមត្ថកិច្ចប៉ូលិសបន្តិចសោះ ជូនកាលមេឆ្នោតចូលលក់ឆ្នោត ក្នុងប៉ុស្តិ៍ប៉ូលិស ទៀតផង។ សកម្មភាពទាំងនេះ ផ្ទុយពីគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទាំង ៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ទើបប្រជាពលរដ្ឋទូទាំងស្រុកស្អាង បានសំណូមពរទៅលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល មេត្តាចុះមកពិនិត្យមើល ពីភាពអសកម្មរបស់ មន្ត្រីប៉ូលិសស្រុកស្អាង ព្រោះពួកគេគ្មានចំណាត់ការ បង្ក្រាបរាល់វង់ល្បែងស៊ីសង ដូចខាងលើនេះទេ ៕
Source from: watphnom-news.com
No comments:
Post a Comment