ករណីគ្រោះថ្នាក់ចរាចរណ៍ម្ចាស់រថយន្ត HIGHLANDER បុកមនុស្សស្លាប់ត្រូវបានបញ្ចប់រឿងត្រឹមសំណង

កាលពីវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ កន្លងមក មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅចំណុចទល់មុខសាលាបឋមសិក្សាទៀន ផ្លូវលេខ២០A ឋិតក្នុងភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កដោយរថយន្តទំនើបម៉ាក Highlander បុករះទៅលើទោចក្រយានយន្ត បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងខូចខាតទោចក្រយានយន្តចំនួន៤គ្រឿង ព្រមទាំងទោចក្រយានចំនួន៣គ្រឿង ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក Highlander ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ សាន សន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិ-ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីលិចទៅកើត ពលមកដល់ចំណុចកើតហេតុក៏បានបុកទៅលើទោចក្រយានយន្ត១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខកណ្តាល1A-5572 បើកបរដោយស្ត្រីឈ្មោះ ម៉ៃ ថាច អាយុ៦២ឆ្នាំ បម្រើការងារនៅមណ្ឌលសុខភាពរលួស មានទីលំនៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើដំណើរពីជើងទៅត្បូង ក្នុងគោលបំណងទៅចាក់ថ្នាំឲ្យអ្នកភូមិ បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ក្រោយពីបុកទោចក្រយានយន្ត១គ្រឿងបណ្តាលស្ត្រីរងគ្រោះស្លាប់រួចមក រថយន្តបង្កក៏បានបន្តទៅបុកទោចក្រយានយន្តចំនួន៣គ្រឿង និងទោចក្រយានចំនួន៣គ្រឿងទៀត ដែលកំពុងចតទុកនៅក្នុងហាងកាហ្វេ បណ្តាលឲខូចខាតទាំងស្រុង ។ ក្រោយពេលកើតហេតុ ទាំងអ្នកបើកបរ ទាំងយានជំនិះខូចខាត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ។
ព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ភាគីម្ចាស់រថយន្តបង្កបានសម្រេចសងសំណងជាប្រាក់ឲ្យទៅក្រុមគ្រួសារសពស្ត្រីរងគ្រោះចំនួន៤.០០០ដុល្លារអាមេរិក ទោចក្រយានយន្តចំនួន៤គ្រឿង ក្នុង១គ្រឿងជាង១.០០០ដុល្លារអាមេរិកតាមប្រភេទទោចក្រយានយន្ត និងទោចក្រយានចំនួន៣គ្រឿង ក្នុង១គ្រឿងដុល្លារអាមេរិក ដើម្បីបញ្ចប់សំណុំរឿង ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងដែរថា ក្រោយពេលភាគីម្ចាស់រថយន្តបង្កចេញសំណងការខូចខាតឲ្យទៅភាគីជនរងគ្រោះរួចរាល់ហើយ សមត្ថកិច្ចនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានសម្រេចដោះលែងម្ចាស់រថយន្តបង្កឲ្យមានសេរីភាពវិញ ដោយគ្មានទទួលទោសទណ្ឌអ្វីឡើយ ៕
Source from: www.dtn7.com