Honda Dream 125 បុកគ្នាស្លាប់បាត់បង់ជីវិតទាំងសងខាងចំនួន៣នាក់

ទោចក្រយានយន្តម៉ាកHonda Dream C125 ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងកាលពីវេលាម៉ោង២១យប់នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ម្សិលមិញនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចរូបសំណាកឆ្នាំង ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យយុវជនចំនួន២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងយុវជនម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានស្លាប់បាត់បង់ជីវិតទាំង៣នាក់នេះ រួមមាន ៖ ១-ឈ្មោះ ផន សុផល ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង,២-ឈ្មោះ ព្រិន ប្រុស ភេទប្រុស អាយុ២០ឆ្នាំ និង៣-ឈ្មោះ ផាយ ឆវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ ដែលអ្នកទាំង២ចុងក្រោយនេះ មានទីលំនៅភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុមានទោចក្រយានយន្តចំនួន២គ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នា និងពេលមកដល់ចំណុចកើតហេតុ ទោចក្រយានយន្តម៉ាកHonda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1H-3669 ជិះឌុបគ្នា២នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ហើយបើកជែងរថយន្ត១គ្រឿងនៅពីមុខ ពេលនោះ ក៏បានជ្រុលទៅបុកទោចក្រយានយន្ត១គ្រឿងទៀត ម៉ាកHonda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1F-2465 ជិះតែម្នាក់ឯងកំពុងធ្វើដំណើរក្នុងទិសដៅច្រាសគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យទោចក្រយានយន្តទាំង២គ្រឿងបែកខ្ចាយពេញផ្លូវនិងអ្នកបើកបរទាំងសងខាងប៉ើងខ្ទាតបោកនឹងផ្លូវថ្នល់ជាតិស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុចំនួន២នាក់ និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
សពយុវជនរងគ្រោះទាំង៣នាក់ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរៀងៗខ្លួន ។
សូមបងប្អូនអ្នកបើកបរយានយន្តទាំងអស់មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ជៀសករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍គឺជាឃាតកលាក់មុខដ៏សាហាវបំផុត ៕
Source from: www.dtn7.com