ឈាមស្រែកស្បែកហៅ បុរសយោធាម្នាក់ជាឃាតកប្លន់ចាក់សម្លាប់យាយចាស់យកប្រាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

បុរសម្នាក់មានមុខរបរជាយោធា និងជាឃាតកក្នុងចំណោម២នាក់ដែលបានប្លន់ចាក់សម្លាប់លោកយាយម្នាក់នៅលើផ្ទះយកប្រាក់ និងគ្រឿងអលង្ការរត់គេចខ្លួនទៅរួមរ័កជាមួយស្ត្រីរកស៊ីផ្លូវភេទ ដោយវិលត្រឡប់ចូលមកក្នុងភូមិវិញធ្វើមិនដឹងមិនឮនោះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន និងបានបញ្ជូនសំណុំរឿងចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ទៅស្ថាប័នតុលាការសាលាដំបូងខេត្តបាត់ដំបងរួចហើយនៅវេលាព្រឹកនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ហេតុការណ៍ប្លន់ចាក់សម្លាប់ដ៏សាហាវឃោរឃៅដើម្បីយកទ្រព្យសម្បត្តិនេះ បានកើតឡើងកាលពីវេលាម៉ោង០០និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដោយស្ត្រីរងគ្រោះក្នុងហេតុការណ៍ប្លន់នេះមានឈ្មោះ ក្រឹម ដោ ហៅ យាយផូ អាយុ៦៦ឆ្នាំ រងរបួសជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយក្រុមចោរបានប្រមូលយកទ្រព្យសម្បត្តិអស់ប្រាក់បាតថៃចំនួន៥ម៉ឺនបាត និងមាសទម្ងន់៨ជី រួចរត់គេចខ្លួនបាត់ ។ ចំណែកក្រុមឃាតកក្នុងចំណោម២នាក់ជាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ផន សុភ័ណ្ឌ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាយោធាអង្គភាពវរការពារព្រំដែនលេខ៥០៦ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។
សមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា ការកំណត់មុខសញ្ញាបានទៅលើជនសង្ស័យ ដោយសារស្ត្រីរងគ្រោះមុនពេលដាច់ខ្យល់ស្លាប់បានប្រាប់ទៅចៅតូចរបស់ខ្លួនថា "អាភ័ណ្ឌជាឃាតក" ។
ជនសង្ស័យដែលមានមុខរបរជាយោធាឈ្មោះ ផន សុភ័ណ្ឌ បានសារភាពចំពោះមុខសមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ១៤រសៀល នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ខ្លួនបានចូលរួមស៊ីផឹកជាមួយអ្នកភូមិ និងពេលផឹកស៊ីចប់ ក៏បានបបួលក្មេងៗទៅទិញថ្នាំញៀនយកមកជក់នៅចំណុចស្ពានដំរីស្លាប់កណ្តាលវាលស្រែ ។ លុះពេលជក់ថ្នាំញៀនអស់ក៏បានបែកគ្នាទៅផ្ទះរៀងៗខ្លួន ។ រហូតដល់ម៉ោង១៩និង៣០នាទី ខ្លួនបានទូរស័ព្ទហៅឈ្មោះ រ៉ុង ទៅទិញថ្នាំញៀនមកជក់បន្តទៀត ហើយពេលជក់រួចក៏បែកគ្នាទៅ ។ នៅវេលាម៉ោងប្រមាណ២០យប់ ខ្លួនក៏បានដើរចេញពីផ្ទះទៅដល់ចំណុចស្ពានតាហ៊ឺរង់ចាំម៉ូតូឌុប ស្រាប់តែបានជួបអ្នកស្គាល់គ្នាម្នាក់ឈ្មោះ រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ធ្លាប់ធ្វើការងារនៅប្រទេសថៃជាមួយគ្នា ។ ឈ្មោះ រិទ្ធ បានសួរមកខ្លួនថា តើកន្លែងណាអាចប្លន់បាន ? ពេលនោះខ្លួនបានឆ្លើយតបវិញថា មិនដឹងទេ ។ បន្ទាប់មក ពួកខ្លួនក៏បាននាំគ្នាជិះម៉ូតូឌុបមកភូមិល្វា និងមកដល់ផ្ទះយាយផូ គឺឈ្មោះ រិទ្ធ បានសួរបញ្ជាក់មកខ្លួនថា ផ្ទះនរណាគេ ព្រមទាំងឈ្មោះ រិទ្ធ បានយកកាំបិតស្នៀតដែលទិញបានពីប្រទេសថៃមកបង្ហាញឲ្យខ្លួនឃើញទៀត ។ ពេលនោះ ឈ្មោះ រិទ្ធ ជាអ្នកឡើងលើផ្ទះយាយផូ រីឯខ្លួនជាអ្នកចាំមើលផ្លូវខាងក្រោមផ្ទះ ។ ឈ្មោះ រិទ្ធ បានសំឡុតយាយផូ ឲ្យប្រគល់ប្រាក់ចេញមក ហើយចាក់ជាច្រើនកាំបិត ដោយយាយផូបានស្រែកឲ្យគេជួយ ។ ឮសំឡេងយាយផូស្រែកដូច្នេះ ខ្លួនក៏ឡើងទៅលើផ្ទះ ស្រាប់តែយាយផូឃើញមុខដែលស្គាល់ខ្លួនស្រាប់នោះនិយាយថា ហេតុអ្វីហ្អែងនាំគេមកប្លន់អញ ? ភ្លាមៗនោះដែរ ខ្លួនក៏នាំគ្នារត់ចុះពីលើផ្ទះយាយផូ កាត់វាលស្រែរហូតដល់ឃុំបវេល ស្រុកបវេល និងនាំគ្នាចូលរកស្រីរកស៊ីផ្លូវភេទដើម្បីរួមរ័ក ។ ពេលចេញពីផ្ទះបនមកវិញ ស្រាប់តែបាត់ឈ្មោះ រិទ្ធ ខ្លួនក៏បានដើរទៅដេកនៅវត្តបវេល ។ លុះដល់វេលាម៉ោងប្រមាណ០៤ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ខ្លួនក៏បានទូរស័ព្ទទៅម្តាយសួរនាំរឿងយាយផូ ទើបបានដឹងថា យាយផូគាត់ស្លាប់បាត់ទៅហើយៗកំពុងធ្វើបុណ្យ ។ ដល់ម៉ោងប្រមាណ០៨ព្រឹក ខ្លួនរកម៉ូតូឌុបជិះចូលមកក្នុងភូមិវិញ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។
នេះជាដំណើររឿងរ៉ាវដូចពាក្យចាស់ពោលថា ឈាមស្រែកស្បែកហៅចំពោះឃាតកដែលបានប្លន់ចាក់សម្លាប់យាយចាស់ម្នាក់ឈ្មោះ ក្រឹម ដោ ហៅយាយភូ ដើម្បីយកប្រាក់ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនឃាតកបានយកមកផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែនៅសល់ឃាតកម្នាក់ទៀតដែលសមត្ថកិច្ចត្រូវបន្តតាមស្វែងរកមុខឲ្យឃើញនៅពេលខាងមុខ ៕
Source from: www.dtn7.com