បើកម៉ូតូរអិលដួល ត្រូវឡានបើកកិនបែកក្បាលធ្លាយខួរ ស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តមួយគ្រឿង បើកកិនបណ្តាលឲ្យបែកក្បាល ធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយភ្លាមៗនោះ រថយន្តបង្កបានគេចខ្លួនបាត់ ដោយសារជនរងគ្រោះជិះម៉ូតូដួល ហើយរថយន្តបើកមកពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលកិនពីលើ ស្លាប់តែម្តង កាលពីវេលាម៉ោង ៩និង៥០ នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ពាក់អាវយឺត ពណ៌ខៀវដៃវែង ស្លៀកខោជើងវែងពណ៌ស និងពាក់អាវយឺតខាងក្នុង ដៃខ្លីពណ៌ស មានកម្ពស់ប្រហែល ១,៦០ ម៉ែត្រ សម្បុរសណ្តែកបាយ សក់រួញ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1G-2789 ជនរងគ្រោះរងរបួស បែកក្បាលធ្លាយខួរ និងជាំលើដងខ្លួនផងដែរ ដោយសាររថយន្តកិន មួយបណ្តោយខ្លួន។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង លុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតរអិលដួល អូសជិត ១០ម៉ែត្រ ភ្លាមៗនោះ មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស Rx-300 ពុំចាំស្លាកលេខ និងពណ៌នោះទេ បើកមកតាមក្រោយ ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូត ទៅកិនពីលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ សាកសពត្រូវដឹកយកទៅតម្កល់ នៅវត្តសំបួរមាស ដើម្បីរង់ចាំ សាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕
Source from: watphnom-news.com