ឃាតកម្មសម្លាប់ស្ត្រីជនជាតិហុហ្លង់ និងកូនស្រីដេកក្នុងថ្លុកឈាមរបួសធ្ងន់ នៅក្នុងបន្ទប់ជួល

រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិហុល្លង់ម្នាក់ បានស្លាប់នៅក្នុងបន្ទប់ផ្ទះជួល រួមនឹងកូនស្រីម្នាក់បានរងរបួសធ្ងន់ ដោយសារឃាតកចាក់សម្លាប់ ដោយមិនទាន់ដឹងមូលហេតុ ពិតប្រាកដនៅឡើយទេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០ នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងផ្ទះលេខ១៧២Z2 តាមផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ម្ចាស់ផ្ទះជួល បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ គាត់បានឃើញស្ត្រីជនជាតិហុល្លង់ និងកូនស្រីមកសម្រាក ក្នុងបន្ទប់ដូចធម្មតា ។ លុះព្រឹកឡើង គាត់មិនឃើញចេញមកក្រៅ ក៏បានដើរទៅមើល ស្រាប់តែឃើញ ស្ត្រីជនជាតិហុល្លង់នោះ ដេកស្លាប់ក្នុងបន្ទប់ បាត់ទៅហើយ ចំណែកកូនស្រី បានរងរបួសធ្ងន់ ដេកក្នុងថ្លុកឈាមក្បែរសពម្តាយ ក៏បានរាយការណ៍ប្រាប់ សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើកោសល្យវិច័យ ដើម្បីស្រាវជ្រាវ រកមូលហេតុនៃករណីឃាតកម្មនេះ និងបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ៕
Source from: watphnom-news.com