អ្នកភូមិបាតុកម្មបិទផ្លូវជាតិលេខ៥ ទាមទារឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ដោះស្រាយរឿងរំលោភដីធ្លី

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋជាង ៣០០នាក់ ប្រដាប់ដោយដំបង កាំបិត បាននាំគ្នាបិទផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខស្នាក់ការ ក្រុមហ៊ុនផានអ៊ីម៉ិច ដោយទាមទារឲ្យ ក្រុមហ៊ុនចេញមុខមកដោះស្រាយ និងប្រគល់ដីប្រមាណជាង ៦០ហិកតាមកអោយពួកគាត់វិញ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ លើផ្លូវជាតិលេខ៥ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ទាល់តែមានអន្តរាគមន៍ ពីអភិបាលស្រុក ទើបប្រជាពលរដ្ឋ បើកផ្លូវឡើងវិញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផានអ៊ីម៉ិច បានលួចធ្វើប្លង់រឹង ជាន់លើដីរបស់ពួកគាត់ នៅចំណុចឃុំ ទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ប្រមាណជាង ៦០ហិកតា។ ករណីនេះពួកគាត់ បាននាំគ្នាទៅសួរនាំ និងតវ៉ាជាច្រើនលើក ពីតំណាងក្រុមហ៊ុន ប៉ុន្តែមិនមានអ្នកណា ចេញមុខដោះស្រាយនោះឡើយ បូករួមទាំងអាជ្ញាធរផងដែរ។ ដោយសារបញ្ហានេះ ពួកគាត់បាននាំគ្នា មកតវ៉ានៅមុខ ស្នាក់ការក្រុមហ៊ុន ទាមទារដំណោះស្រាយ ប៉ុន្តែមិនមានអ្នកណាចេញមុខ មកដោះស្រាយ ទើបពួកគាត់នាំគ្នាបិទផ្លូវ។
នេះជាជម្រើសចុងក្រោយ ដែលប្រជាពលរដ្ឋនាំគ្នាបិទផ្លូវ ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ជួយអន្តរាគមន៍ ចំពោះក្រុមហ៊ុន ដែលរំលោភយកដីពួកគាត់ទាំងនោះ។ រហូតដល់ម៉ោង ១១និង៣០ នាទី ប្រជាពលរដ្ឋនៅតែបិទផ្លូវ មិនអាចចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខ សាលាស្រុកពញាឮ បានទេ ហើយទាល់តែអាជ្ញាធរ ធ្វើការសម្របសម្រួលជាមួយ ប្រជាពលរដ្ឋដែលធ្វើបាតុកម្ម ឲ្យពួកគាត់បង្ហាញប្លង់ដី ទើបមានការបើកផ្លូវ ឲ្យធ្វើចរាចរណ៍ឡើងវិញ៕
Source from: watphnom-news.com