កាប់រំលំដើមឈើយកដីដាំដំណាំ ត្រូវគល់ឈើដួលបុកចំដើមទ្រូង ស្លាប់ចោលកូន ៥នាក់

ខេត្តរតនគិរី ៖ បុរសចំណាស់ម្នាក់នាំកូនប្រុស ២នាក់តូចៗ ទៅចំការដែលជួលពីគេ ដើម្បីដាំដំណាំដូចជាសណ្តែកសៀង និងដំឡូងមីជាដើម ប៉ុន្តែចំការនោះនៅមានដើមឈើ ពុំទាន់កាប់រំលំអស់ ជនរងគ្រោះបាននាំកូនទាំង ២នាក់ ទៅរំលំបង្ហើយ តែចៃដន្យអាក្រក់ ត្រូវគល់ឈើច្រានថយក្រោយ ហើយបុកចំទ្រូងស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការផ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះដែលស្លាប់ យ៉ាងអាណោចអាធ័ម មានឈ្មោះ ជឹម សារ៉ុម អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនក្នុងបន្ទុកតូចៗ ប្រុសស្រីចំនួន ៥នាក់ មានទីលំនៅភូមិឃុំខាងលើ។ នៅថ្ងៃកើតហេតុដំបូង ឪពុកបាននាំកូនតូចៗ ២នាក់ ទៅកាប់រំលំដើមឈើ នៅចំការដែលមានចម្ងាយ ពីផ្ទះប្រមាណ ៥០០ម៉ែត្រ។ លោក អ៊ី ដារ៉ុង មេប៉ុស្តិ៍ត្រពាំងច្រេស បានឲ្យដឹងថា ពេលជនរងគ្រោះកាប់រំលំដើមឈើដួល ត្រូវគល់ឈើច្រានថយ មកបុកចំដើមទ្រូង បណ្តាលអោយស្លាប់ភ្លាមៗ មួយរំពេច បន្សល់ទុកកូន ២នាក់ នៅចំការ បាននាំគ្នារត់មកប្រាប់ម្តាយ និងអ្នកជិតខាង ក៏មានការភ្ញាក់ផ្អើល។
ភ្លាមៗនោះអ្នកភូមិបាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ និងធ្វើកោសលវិច្ច័យ ហើយបានប្រគល់សាកសព អោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ផងដែរថា បុរសជាជនរងគ្រោះខាងលើសព្វថ្ងៃ កាន់សាសនាព្រះយេស៊ូ មុនចេញទៅកាប់ចំការ ប្រពន្ធរបស់គាត់ ក៏បានហាមឃាត់ មិនចង់អោយទៅនោះទេ ពីព្រោះថ្ងៃនេះជាថ្ងៃអាទិត្យ ជាថ្ងៃសារៈសំខាន់ របស់ព្រះយេស៊ូ ប៉ុន្តែប្តីមិនស្តាប់នៅមានចិត្តមានៈ ក៏ជូបនូវឧប្បត្តិហេតុ ដ៏សែនអាក្រក់ដូច្នេះ៕ ដោយ បានលុង
Source from: watphnom-news.com