លោក ឡេង ឡារ៉ូ ពង្រាយប៉ូលីសសេដ្ឋកិច្ចក្រសួង ឲ្យដាក់ប៉ុស្តិ៍ជជុះតាមផ្លូវជាតិលេខ ២-៣ ប្រដេញឡានដឹកទំនិញឲ្យចូលបង់លុយ

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋបានរអ៊ូរទាំ និងក្តៅក្រហាយ ចំពោះសកម្មភាព របស់លោក ឡេង ឡារ៉ូ ជាមន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលចេញដាក់កុងត្រូលជជុះ យ៉ាងប្រសេកប្រសាច នៅតាមបណ្តោយផ្លូវជាតិលេខ ២-៣ដើម្បីកោសរូសទារលុយ ពីប្រជាពលរដ្ឋរកស៊ីដឹកជញ្ជូនទំនិញ កសិផលបន្តិចបន្តួច យកទៅលក់នៅភ្នំពេញ យ៉ាងអនាធិបតេយ្យ គ្មានការយោគយល់នោះទេ។ ទីតាំងកុងត្រូលជជុះរបស់លោក ឡេង ឡារ៉ូ ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រាប់ធ្វើសកម្មភាពចល័ត ប្រដេញចាប់ឃាត់រថយន្ត ដឹកជញ្ជូនទំនិញ របស់ប្រជាពលរដ្ឋ និងក្រុមឈ្មួញធំៗ ឲ្យចូលបង់លុយ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន មិនដែលខ្វល់ខ្វាយពីបទបញ្ជា របស់ថ្នាក់លើនោះទេ។
លោក ឡេង ឡារ៉ូ អួតអាងថា គាត់បានទទួលលិខិតបេសកកម្ម ពីអគ្គស្នងការនគរបាលជាតិ ចុះទៅប្រចាំការតាមផ្លូវជាតិលេខ ២-៣ ប៉ុន្តែការអនុវត្តជាក់ស្តែង ផ្ទុយពីគោលការណ៍របស់ថ្នាក់លើ និងបំពានទៅលើកំណែទម្រង់ស៊ីជម្រៅ ដែលសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមន្ត្រីរាជការ គ្រប់ស្ថាប័ន សមត្ថកិច្ចទាំងអស់ មិនឲ្យប្រព្រឹត្តអំពើពុករលួយ ឬបញ្ចេញកម្លាំងឲ្យធ្វើសកម្មភាព បង្កើតកុងត្រូលជជុះ ផ្ទុយពីគោលនយោបាយទាំង ៩ចំណុច ភូមិ-ឃុំ មានសុវត្ថិភាព។ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋ និងរកស៊ីដឹកជញ្ជូនទំនិញស្របច្បាប់ និងខុសច្បាប់ គ្រប់ប្រភេទ តាមបណ្តោយផ្លូវជាតិលេខ ២-៣ បានឲ្យដឹងថា សព្វថ្ងៃនេះ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងតែមានសកម្មភាព ដាក់កុងត្រូលជជុះ កើតឡើងយ៉ាងគគ្រឹកគគ្រេង ដោយមានលោក ឡេង ឡារ៉ូ ជាមន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ជាអ្នកនាំមុខ។
លោក ឡេង ឡារ៉ូ បានចុះទៅបង្កើតកុងត្រូលជជុះ និងចល័តប្រដេញ រថយន្តដឹកជញ្ជូនទំនិញ តាមបណ្តោយផ្លូវជាតិលេខ ២-៣ យ៉ាងប្រសេកប្រសាច ដើម្បីឲ្យប្រជាពលរដ្ឋ រកស៊ីដឹកជញ្ជូនទំនិញ ចូលបង់លុយតាមទំនើងចិត្ត ដោយគ្មានការយោគយល់នោះឡើយ។ កម្លាំងរបស់លោក ឡេង ឡារ៉ូ បានគំរាមកំហែងដល់ក្រុមអ្នករកស៊ី ដឹកជញ្ជូនទំនិញដែលមិនព្រម បង់លុយឲ្យពួកគេទៅតាមការកំណត់ ដោយព្រមានចាប់ឃាត់ បញ្ជូនទៅថ្នាក់លើ ឬបង់ពិន័យតាមច្បាប់តែម្តង។ កន្លងមកថ្មីៗនេះ លោក ឡេង ឡារ៉ូ ជានគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើសកម្មភាព ប្រដេញចាប់ឃាត់ រថយន្តដឹកគោ របស់ប្រជា ពលរដ្ឋ ដែលបើកឆ្លងកាត់កុងត្រូលជជុះ របស់ពួកគេដោយកោសរូសទារលុយ ពីប្រជាពលរដ្ឋយ៉ាងចាស់ដៃ ហើយគោដែលប្រជាពលរដ្ឋ ដឹកតាមរថយន្តនោះ មានចំនួន ២ក្បាល គឺពួកគាត់ទិញយកទៅ សម្រាប់ប្រើប្រាស់ជាកម្លាំងអូសទាញ ធ្វើស្រែចម្ការ គ្រាន់តែឆ្លងកាត់ពីស្រុកមួយ ទៅស្រុកមួយសោះ ក៏ត្រូវចំណាយលុយបង់ឲ្យលោក ឡេង ឡារ៉ូ ដោយគ្មានការយោគយល់នោះទេ បើទោះបីជាពួកគាត់ ទិញគោយកមកប្រើប្រាស់ ហើយមានលិខិតស្នាម បញ្ជាក់ពីភូមិ-ឃុំ ក៏ដោយ។
ប្រជាពលរដ្ឋនិងអ្នករកស៊ី ដឹកជញ្ជូនទំនិញតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា លោក ឡេង ឡារ៉ូ គឺជាជើងខ្លាំងមានជំនាញកាប់ដាវ ក្នុងការកោសរូសបង្ខំឲ្យពួកគាត់ បង់លុយទៅតាមតែអំពើចិត្ត ដូចជាការដឹកជញ្ជូនកសិផល មានស្រូវ ពោតសណ្តែក យកទៅលក់នៅស្រុកយួន សុទ្ធតែជាប់កាតព្វកិច្ច បង់លុយឲ្យលោក ឡេង ឡារ៉ូ ក្នុងមួយរថយន្តយ៉ាងតិច ២ម៉ឺនទៅ៥ ម៉ឺនរៀល ដែលគេគិតថា ជាលុយថ្លៃបាយ។ ពេលខ្លះទៀត មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលប្រចាំការតាមផ្លូវជាតិលេខ២ បានកោសរូសទាមទារ ត្រួតពិនិត្យទំនិញ ធ្វើឲ្យយឺតយូរខាតបង់ពេលវេលា របស់ក្រុមឈ្មួញ ជាមធ្យោបាយដើម្បីគំរាម ទារលុយក្នុងកម្រិតខ្ពស់ ដែលក្រុមឈ្មួញមិនអាចតវ៉ាសុំចុះថ្លៃបានទេ។
សម្រាប់រថយន្តដឹកទំនិញ មកពីស្រុកយួន ដូចជាគ្រឿងសំណង់ ទំនិញចាប់ហួយចម្រុះ ក៏ដូចជាទំនិញខុសច្បាប់ មួយចំនួនទៀត មានត្រីឆ្តោ ត្រីចាបនិងក្បាលត្រី ប្រឡាក់ជាតិថ្នាំគីមី ក៏ត្រូវលោក ឡេង ឡារ៉ូ ក្តោបក្តាប់មុខសញ្ញាក្រុមឈ្មួញ បានយ៉ាងច្បាស់ ហើយកោសរូសបង្ខំឲ្យបង់លុយ ទៅតាមតែអំពើចិត្ត មិនដែលមានផលរមាស់អ្វីទេ ប្រសិនបើក្រុមឈ្មួញ យល់ព្រមបង់លុយទៅតាមការទាមទារ របស់លោក ឡេង ឡារ៉ូ ។ គេដឹងថា លោក ឡេង ឡារ៉ូ មានទំនាក់ទំនង យ៉ាងជិតដិត ជាមួយលោក ឡុង ភោគ ដែលជាមេនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំការ នៅខេត្តតាកែវ ដូច្នេះរាល់មុខសញ្ញាក្រុមឈ្មួញ ដែលដឹកជញ្ជូនទំនិញមកពីស្រុកយួន ទាំងតាមផ្លូវទឹក និងតាមផ្លូវគោក ត្រូវលោក ឡេង ឡារ៉ូ ក្តោបក្តាប់ទិន្នន័យបានទាំងអស់។
តាមគោលការណ៍ របស់អគ្គស្នងការនគរបាលជាតិ គឺមន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលត្រូវបញ្ជូនឲ្យចុះប៉ុស្តិ៍ទាំងអស់ មានតួនាទីត្រឹមតែ ស្រង់ទិន្នន័យពីបទល្មើសសេដ្ឋកិច្ច ដើម្បីរាយការណ៍ជូនថ្នាក់លើ ឬសុំកិច្ចសហការដើម្បីបង្ក្រាប ការដឹកជញ្ជូនទំនិញខុសច្បាប់ របស់ក្រុមឈ្មួញមួយចំនួន ប៉ុន្តែរឿងពិតលោក ឡេង ឡារ៉ូ បែរជាមានសិទ្ធិដាក់ប៉ុស្តិ៍ជជុះ យ៉ាងប្រសេចប្រសាច តាមផ្លូវជាតិលេខ២ ចាំប្រមូលលុយពីក្រុមឈ្មួញ មិនដែលក្រែងញញើតពីការរឹតបន្តឹងរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ម្តងណាឡើយ។ ពោលគឺលោក ឡេង ឡារ៉ូ កំពុងតែប្រើឥទ្ធិពលអំណាច ក្នុងការប្រមូលលុយ យកទៅបង់ជូនថ្នាក់លើ និងច្រកហោប៉ៅខ្លួនឯង យ៉ាងសុខស្រួលបំផុត។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានដាស់តឿនសមត្ថកិច្ចចម្រុះ ឲ្យបញ្ឈប់ការទារលុយខុសច្បាប់ ពីអ្នករកស៊ីដឹកជញ្ជូនទំនិញ បង់ពន្ធគ្រប់ចំនួន ១០០ភាគរយ នៅចំណុចច្រកព្រំដែនរួចហើយ បែរជារងនូវការកោសរូស ពីសមត្ថកិច្ចចម្រុះដែលដាក់ប៉ុស្តិ៍ជជុះតាមដងផ្លូវ ឲ្យបង់លុយថ្លៃបាយ ឬបង់លុយប្រចាំខែជាដើម។ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា មានបណ្តឹងជាច្រើន របស់ក្រុមអាជីវករ ទាក់ទិនករណីនេះ ហើយបើសមត្ថកិច្ចចម្រុះ មួយចំនួននៅតែបន្តសកម្មភាព ទារលុយដោយខុសច្បាប់ ពីក្រុមអ្នករកស៊ីដឹកទំនិញ មិនព្រមកែខ្លួននោះ អាចប្រឈមនឹងការ ជាប់ពន្ធនាគាររយៈពេល ២ទៅ៥ ឆ្នាំ និងមានការផាកពិន័យជាប្រាក់ ចាប់ពី ៤លានដល់១០ លានរៀល ដោយយោងតាមក្រមព្រហ្មទណ្ឌ និងយោងតាមមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំង អំពើពុករលួយផងដែរ៕ ដោយ ព្រះច័ន្ទ
Source from: watphnom-news.com