ឪពុកម្តាយក្មេកតាមបំបែក ហើយប្តីប្រើអំពើហិង្សាវាយតប់រាល់ថ្ងៃ នាងសុំលែងឲ្យរួចកម្មពៀរ

រាជធានីភ្នំពេញ ៖ នារីម្នាក់ដែលជាអាជីវករ លក់សាច់មាន់ នៅតាមចិញ្ចើមផ្លូវ ម្ដុំផ្សារទួលសង្កែ បានសម្រេចចិត្ដបីកូនតូច អាយុទើបតែ ៤ខែ រត់ចេញពីផ្ទះម្ដាយក្មេក ដោយទ្រាំនឹងការធ្វើបាប ទាំងផ្លូវកាយទាំងផ្លូវចិត្ដលែងបាន ហើយក៏ត្រូវប្ដីតាមធ្វើបាប ដល់កន្លែងលក់ទៀត កាលពីវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ដែលស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ ធី ដែន អាយុ ២៥ឆ្នាំ មុខរបរលក់សាច់មាន់ មានស្រុកកំណើត នៅភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្រលាញ់គ្នា ហើយបានរៀបការជាមួយឈ្មោះ លី សាលឹម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងដែក តាំងពីឆ្នាំ ២០១២មកម្ល៉េះ ដែលរហូតមកទល់ពេលនេះ បានរយៈពេល ២ឆ្នាំ មកហើយ នាងទទួលបានចំណង់ដៃ កូនប្រុសម្នាក់ អាយុ ទើបតែ ៤ខែ ។
នាងបានរៀបរាប់ទៀតថា តាំងតែពីរៀបការមក នាងបានមករស់នៅផ្ទះ ជាមួយនឹងក្រុមគ្រួសារខាងប្ដី ហើយពេលដែលប្ដីរបស់នាង ទៅម៉ៅការធ្វើសំណង់ នៅខេត្ដឆ្ងាយៗ នាងតែងតែទៅខេត្ដ ជាមួយប្ដីរៀងរហូត។ រយៈពេលមួយឆ្នាំចុងក្រោយនេះ នាងក៍ឈប់ដើរតាមប្ដី ហើយរកមុខរបរលក់បន្លែ នៅក្នុងផ្សារគីឡូម៉ែត្រលេខ៦ ។ ពេលដែលនាង មករស់នៅផ្ទះ ជាមួយម្ដាយក្មេក នាងពុំដែលសប្បាយចិត្ដឡើយ ដោយសារខាងម្ដាយក្មេក បានធ្វើបាបព្រម ទាំងមិនចង់ឱ្យប្ដីនាង យកនាងជាប្រពន្ធទៀតផង ហើយពេលដែលមានទម្ងន់ ជិតគ្រប់ខែ នាងបានឈប់លក់បន្លែ ដើម្បីរង់ចាំសម្រាលកូនរួច ។
ពេលដែលនាងឈប់លក់នៅផ្ទះ ក៏ត្រូវម្ដាយក្មេកនិងបងថ្លៃ ដៀលប្រមាថនាង យ៉ាងច្រើនតែនាងនៅតែទ្រាំ មិនហ៊ានប្រាប់ប្ដី ឬឪពុកម្ដាយបង្កើត របស់នាងឡើយ ។ ចំណែកប្ដីរបស់នាង ក៏ពុំសូវយកចិត្ដទុកដាក់ លើរូបនាងដែរ ថែមទាំងទៅខ្ចីលុយអ្នកដទៃ មកស៊ីចាយបណ្ដាលឱ្យជំពាក់លុយគេ ថែមទៀតផង ។ ដោយមានការខ្វះខាត នាងបានទៅជួលកន្លែងលក់ នៅមុខ ផ្ទះរបស់គេមួយកូនគ្រែតូច ក្នុងតម្លៃ ១៦០ដុល្លារ ក្នុងមួយខែ ដើម្បីលក់សាច់មាន់ ក្រែងបានចំណេញបន្ដិចបន្ដួច យកលុយមកទប់ជីវភាពក្រុមគ្រួសារ និងសល់លុយខ្លះ សងបំណុលដែលប្ដីបានជំពាក់គេ ។
ប៉ុន្ដែអ្វីដែលនាងបានធ្វើ និងអ្វីដែលនាងបានគិត បែរជាប្ដីរបស់នាង មើលមិនឃើញអំពើល្អ បែរជារករឿង ហើយពេលខ្លះប្រើអំពើហិង្សា មកលើរូបនាងទៀតផង រីឯម្ដាយក្មេកនាងបានជេរតិះដៀលនាង និងបានជំរុញឱ្យប្ដីរបស់នាង លែងលះ ជាមួយនាងទៀតផង ។ តែដោយសារនាង មិនចង់មានបញ្ហា ណាមួយអាណិតកូន ដែលនៅតូចផងនោះ ទើបនាងសុខ ចិត្ដស៊ូទ្រាំ ជារៀងរហូត ។ តែទីបំផុតត្រូវប្ដីតាមរករឿងនាង ដោយពុំឱ្យនាង បានទទួលសេចក្ដីសុខឡើយ ទើបនាងសម្រេចចិត្ដថា ត្រូវតែលែងលះគ្នា ដើម្បីឱ្យផុតកម្មពៀរ ឈានដល់ការដាក់ពាក់បណ្ដឹង ឱ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ជួយដោះស្រាយបញ្ហានេះ៕
Source from: watphnom-news.com