ម៉ូតូបោលបុកគ្នាយ៉ាងពេញទំហឹង ដួលបែកក្បាលធ្លាយខួរស្លាប់ម្នាក់ និងរងរបួស ៤នាក់

រាជធានីភ្នំពេញ ៖ ម៉ូតូវីវ៉ាបើកបរលឿនហួសកំណត់ បានបោលទៅបុកជាមួយ ម៉ូតូសេ១២៥ ចំពីមុខយ៉ាងពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ៤នាក់ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ នៅត្រង់ចំណុចមុខពេទ្យធ្មេញ ស សារ៉ុម ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
សាក្សីបានឲ្យដឹងថា ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 AP-1696 ជិះគ្នា ២នាក់ តាមផ្លូវលេខ២៧១ ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូ ម៉ាកសេ១២៥ ស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF- 9528 ជិះគ្នា ៣នាក់ ជាអ្នករត់ម៉ូតូឌុប ធ្វើដំណើរពីត្បូងទៅជើង ទិសដៅច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើ ម៉ូតូវីវ៉ាបើកលឿនពេក ជ្រុលទៅបុកជាមួយ សេ១២៥ ចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូ និងអ្នកបើកម៉ូតូសេ១២៥ ដួលផ្កាប់មុខបោកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ចំណែកអ្នកជិះម៉ូតូទាំង ២គ្រឿង មានគ្នា ៤នាក់ទៀត រងរបួសធ្ងន់និងស្រាល ត្រូវរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅ គ្លីនិកឯកជន រីឯម៉ូតូទាំងពីរគ្រឿង ខូចខាតផ្នែកខាងមុខ ខ្ទេចទាំងស្រុង ។ បុរសដែលស្លាប់ មានឈ្មោះ សៀម តុង ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រុកកំណើត នៅភូមិព្រៃល្វា ឃុំគោកគង ស្រុកព្រៃកាបាស ខេត្តតាកែវ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើការពិនិត្យនិងវាស់វែងរួចហើយ បានប្រគល់សព ទៅឲ្យប្រពន្ធនិងកូន យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕
Source from: watphnom-news.com