កម្មកររោងចក្រជូហួយ រាប់ពាន់នាក់ផ្ទុះកូដកម្មទ្រង់ទ្រាយធំ បិទផ្លូវជាតិលេខ៦ នៅជើងព្រៃ

ខេត្តកំពង់ចាម ៖ ក្រុមកម្មករកម្មការិនី បម្រើការងារនៅរោងចក្រជូហួយ បានផ្ទុះកូដកម្មទ្រង់ទ្រាយធំ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ រហូតដល់នាំគ្នាបិទ កំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិពួង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្ដកំពង់ចាមបណ្ដាលឱ្យកកស្ទះចរាចរណ៍ មិនអាចធ្វើដំណើរឆ្លងកាត់បានទេ ដើម្បីទាមទារ លក្ខខណ្ខការងារមួយចំនួន។
ក្រុមកម្មករជាច្រើនពាន់នាក់ នាំគ្នាធ្វើកូដកម្ម ដោយមានការចាក់ ធុងបាស់រាំច្រៀង ហើយការតវ៉ាទ្រង់ទ្រាយធំនៅថ្ងៃនេះ បានកើតឡើង បន្ទាប់ពីការធ្វើកូដកម្ម រយៈពេល ៣ថ្ងៃកន្លងមក ពុំទាន់ទទួលបានដំណោះស្រាយ ពីសំណាក់ថៅកែរោងចក្រ។ យ៉ាងណាក៏ដោយ ក្រុមកម្មករបានរំសាយជាបន្តបន្ទាប់ ដោយសារការហេវហត់ និងកំដៅថ្ងៃ ប៉ុន្តែពួកគេបានប្តេជ្ញា នាំគ្នាធ្វើកូដកម្មតវ៉ា រហូតទាល់តែមានដំណោះស្រាយ។
ក្រុមកម្មករបានឱ្យដឹងថា ការតវ៉ារបស់ពួកគេ ទ្រង់ទ្រាយធំរហូតដល់ បិទផ្លូវជាតិលេខ៦ ក្នុងគោលបំណងទាមទារ ឱ្យភាគីរោងចក្រ ទទួលយកសំណើមិនឱ្យ កាត់ប្រាក់ពីកម្មករកម្មការិនី ក្នុងអំឡុងពេលឈប់សម្រាក ចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ការស្នើសុំដំឡើងប្រាក់ ធ្វើដំណើរចាប់ពី ១០ ដុល្លារទៅ១៥ ដុល្លារ និងស្នើឱ្យភាគីក្រុមហ៊ុន សម្រួលដល់អ្នកបើករថយន្ដ ឱ្យមានកន្លែងចតត្រឹមត្រូវ ឬជួយបង់ប្រាក់សម្រាប់ថ្លៃ ប្រចាំខែចំនួន ៥ដុល្លារ ដល់អ្នកបើករថយន្ដទាំងអស់៕
Source from: watphnom-news.com