ផ្អើលរឿង មេបញ្ជាការអាវុធហត្ថស្រុកបវេល ដកកាំភ្លើងខ្លីវាយភ្ជង់ គំរាមពលរដ្ឋស្លូតត្រង់

ខេត្តបាត់ដំបង ៖ មេបញ្ជាការអាវុធហត្ថ ស្រុកបវេល ឈ្មោះ សុខជា សំណាង ក្នុងស្ថានភាពមួរម៉ៅ និងបក្ខពួក បានដកកាំភ្លើងខ្លីវាយភ្ជង់ គំរាមប្រជាពលរដ្ឋស្លូតត្រង់ កាលពីវេលាម៉ោង ៩និង៣៦ នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤នៅចំណុចក្រុម៦ ភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេលរហូតមកដល់ថ្ងៃទី៣០ ខែមេសា មិនទាន់ត្រូវបាន សមត្ថកិច្ចកោះហៅ សាកសួរនៅឡើយទេ។
តាមប្រភពពីជនរងគ្រោះឈ្មោះ យួម យឿត ភេទប្រុស អាយុ ៥០ឆ្នាំ បានអោយដឹងថា កាលពីវេលាម៉ោង ៩និង៣៦ នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ លោក សុខជា សំណាង និងបក្ខពួកចំនួន ២រថយន្ត បានមកដល់ផ្ទះរបស់ខ្លួន ស្រែករកឈ្មោះ អាឆាលី អាយុ ២៣ឆ្នាំ ជាក្មួយរបស់ខ្លួន ពេលនោះឈ្មោះ ងិន ក្តឹប អាយុ ២១ឆ្នាំ ជាប្អូនរបស់ឈ្មោះ ឆាលី បានចេញទៅជួប ត្រូវលោក សុខជា សំណាង ដកកាំភ្លើងខ្លី វាយចំក្បាលបណ្តាលឲ្យ រងរបួសបែកចេញឈាម។
បន្ទាប់មកលោកមេបញ្ជាការូបនេះ ស្រែកថា អាយឿត នៅឯណា ? ដែលពេលនោះ ខ្លួនកំពុងដេក ងើបមកសួរនាំក៏ត្រូវ បុរសមេអាវុធហត្ថរូបនេះ កាន់កាំភ្លើងខ្លីភ្ជង់ជាប់ សំឡុតគំរាមកំហែងទាំងស្រវឹង មិនស្តាប់ហេតុផល ពេលនោះខ្លួនក៏ដើរថយក្រោយ មកជិតប្រពន្ធក៏ត្រូវលោក សុខជា សំណាង ភ្ជង់ប្រពន្ធខ្លួនទៀត សួររកឈ្មោះ អាឆាលី ពេលនោះប្រពន្ធខ្លួនអង្វរ និងប្រាប់ថា រឿង អាឆាលី ជារឿងផ្សេង មិនទាក់ទងនិងក្រុមគ្រួសារនេះទេ ហើយក៏មិនដឹងវាប្រព្រឹត្តអ្វីខុសដែរ ក្រោយមកកម្លាំងអាវុធហត្ថ បាននាំគ្នាបើករថយន្ត ត្រឡប់ទៅវិញបាត់។
ជនរងគ្រោះឈ្មោះ យួម យឿត បានឲ្យដឹងថា គាត់បានដាក់បណ្តឹង ទៅខាងនគរបាល ឲ្យជួយរកយុត្តិធម៌តាមផ្លូវច្បាប់ ព្រោះបុគ្គលនេះ បានប្រើអំណាចនិងតួនាទីជ្រុល ដកកាំភ្លើងវាយជនស្លូតត្រង់ តាមតែអំពើចិត្ត។ អ្នកសារព័ត៌មាន មិនអាចធ្វើការទំនាក់ទំនង ជាមួយលោក សុខជា សំណាង ដើម្បីសុំការបំភ្លឺបានឡើយ។ ពាក់ព័ន្ធករណីនេះ លោក អឿម ទិត្យ អធិការស្រុកបវេល បានអោយដឹងថា ករណីនេះមិនមាន របួសស្នាមធ្ងន់ធ្ងរទេ ហើយបណ្តឹងនៅត្រឹមប៉ុស្តិ៍ឃ្លាំងមាស នៅឡើយ។
ចំពោះមតិមហាជនបានរិះគន់ថា ពាក់ព័ន្ធករណី លោក សុខជា សំណាង មេបញ្ជាកាស្រុកបវេល ដកកាំភ្លើងខ្លីវាយភ្ជង់ គំរាមកំហែងជនស្លូតត្រង់ វាពិតជាខុសហើយ បើបណ្តឹងត្រឹមអធិការស្រុក ក៏ពិបាកចាត់ការ ទៅលើជនបង្ក ព្រោះមេបញ្ជាការ និងអធិការ ធ្លាប់ហូបបាយចានមួយ តែពីរនាក់ ដូចនេះជនរងគ្រោះគួរដាក់បណ្តឹង ទៅតុលាការ ឬអង្គការសិទ្ធិមនុស្ស ទើបមានប្រសិទ្ធភាព៕
Source from: watphnom-news.com