លួចក្របីអ្នកស្រុកបាន ៥ក្បាលហៀបនឹងលក់ឲ្យឈ្មួញវៀតណាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្ដស្វាយរៀង ៖ កម្លាំងនគរបាលស្រុកចន្ទ្រា បានចាប់ឃាត់ខ្លួន មេចោរលួចក្របីម្នាក់ ខណៈលួចក្របី ៥ក្បាល របស់អ្នកស្រុក យកទៅចងទុកនៅក្នុងព្រៃ ដើម្បីលក់ឱ្យឈ្មួញជនជាតិវៀតណាម កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤នៅក្នុងទឹកដីប្រទេសវៀតណាម ដោយ មានកិច្ចសហការជាមួយ កម្លាំងសមត្ថកិច្ច ប្រទេសវៀតណាម ។
ជនសង្ស័យមានឈ្មោះ សៅ ស៊ន់ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិតាដេវ ឃុំមេសថ្ងក ស្រុកចន្ទ្រា។ នគរបាលស្រុកចន្ទ្រា បានឱ្យដឹងថា ក្របីចំនួន ៥ក្បាល ដែលជនសង្ស័យលួចបម្រុង យកទៅលក់ឱ្យឈ្មួញវៀតណាមនោះ ជាក្របីរបស់ស្ដ្រីឈ្មោះ សេក សា អាយុ ៥២ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា។ ក្របីទាំង ៥ក្បាលនេះ ជនសង្ស័យបានធ្វើសកម្មភាពលួច កាលពីវេលាម៉ោង ១២យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ ហើយបន្ទាប់ពីម្ចាស់ក្របីដឹងថា មានចោរលួចក្របី បានមកប្ដឹងនគរបាល ប៉ុស្ដិ៍រដ្ឋបាលឃុំមេសថ្ងក ឱ្យជួយអន្ដរាគមន៍ស្វែងរកក្របី និងចាប់ខ្លួនជនសង្ស័យ ។
ជនសង្ស័យឈ្មោះ សៅ ស៊ន់ បានឆ្លើយថា ខ្លួនពិតជាបានលួចក្របីទាំង ៥ក្បាលនេះ នាំឆ្លងដែនចូលទៅក្នុងទឹកដី ប្រទេសវៀតណាម ពិតមែន ដើម្បីយកទៅលក់ ឱ្យឈ្មួញវៀតណាម ឈ្មោះ ឡាំ វ៉ាន់យុង ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទី៦ ឃុំវីមីតី ស្រុកឌឺកវេ ខេត្ដឡុងអាន ប្រទេសវៀតណាម ។ ករណីឃាត់ខ្លួន ជនសង្ស័យខាងលើនេះ នគរបាលស្រុកចន្ទ្រា បានសហការជាមួយ នគរបាលវរការពារព្រំដែនគោក និងអាជ្ញាធរស្រុកចន្ទ្រា ព្រមទាំងភាគីសមត្ថ កិច្ច ប្រទេសវៀតណាម ផងដែរ ។ ក្រោយពីរកឃើញ ក្របីទាំង ៥ក្បាលនោះ សមត្ថកិច្ចបានប្រគល់ ទៅឱ្យម្ចាស់វិញ ហើយជនសង្ស័យត្រូវបានបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source from: watphnom-news.com