លោក សុខ យាន់ ហៅយ៉ាង ជាយោធាអង្គរក្ស នាំចូលគ្រឿងបន្លាស់ដោយមិនបង់ពន្ធ តាមច្រកបាក់ដៃ មកស្តុកទុកនៅកណ្តាលក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ លោក សុខ យាន់ ហៅ យ៉ាង ជាមន្ត្រីយោធាអង្គរក្ស កំពុងធ្វើសកម្មភាពដឹកជញ្ជូនទំនិញ ប្រភេទគ្រឿងបន្លាស់ និងទំនិញជាច្រើនមុខទៀត ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកបាក់ដៃ ស្ថិតក្នុងស្រុកអង្គរបុរីខេត្តតាកែវ បង់ពន្ធមិនប្រក្រតីដោយមានការជួយសម្របសម្រួល ឃុបឃិតបន្លំចំណូលពន្ធ ពីជំនាញគយនៅទីនោះ ហើយដឹកជញ្ជូន តាមផ្លូវជាតិលេខ២ យកមកស្តុកទុកនៅក្នុងឃ្លាំង នាក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីក្រុមឈ្មួញបានឲ្យដឹងថា ការនាំចូលគ្រឿងបន្លាស់ និងទំនិញមិនប្រក្រតី តាមច្រកខេត្តតាកែវ របស់លោក សុខ យាន់ ហៅ យ៉ាង មានលោកឧត្តមសេនីយ៍ ដ៏មានអំណាចបំផុតម្នាក់ ជាអតីតអភិបាលរងខេត្តកណ្តាល ធ្វើជាខ្នងបង្អែក ទើបគ្មាននរណាហ៊ានប៉ះពាល់។ ទំនិញមិនប្រក្រតី ដែលស្តុកក្នុងឃ្លាំង នៅក្រុងតាខ្មៅទាំងនោះ ត្រូវបានដឹកជញ្ជូនតាមរថយន្តកូរ៉េចំណុះមួយតោនកន្លះ ចូលទៅរាជធានីភ្នំពេញ ដាក់ឲ្យម៉ូយឬចែកចាយបន្ត យ៉ាងអនាធិបតេយ្យ គ្មានសមត្ថកិច្ច ឬមន្ត្រីជំនាញណាម្នាក់ ហ៊ានចេញមុខ ទៅធ្វើការត្រួតពិនិត្យនោះឡើយ។
គ្រឿងបន្លាស់គ្រប់ប្រភេទ និងទំនិញជាច្រើនមុខទៀត ដែលលោក សុខ យាន់ ហៅ យ៉ាង កំពុងនាំចូលតាមច្រកបាក់ដៃ គ្មានខ្លាចញញើតចំពោះ សមត្ថកិច្ចនិងមន្ត្រីជំនាញ សូម្បីតែប៉ុនសសៃសក់ ដោយសារតែមាន លោកឧត្តមសេនីយ៍ប៉ូលិសម្នាក់ ដ៏មានអំណាចនៅក្រសួងមហាផ្ទៃ ជួយធ្វើជាបង្អែក សូម្បីតែជំនាញគយនៅច្រកតាមព្រំដែន ក៏សឹងតែមិនហ៊ានត្រួតពិនិត្យ លើការតម្រូវឲ្យបង់ពន្ធផង។
ពាក់ព័ន្ធនិងករណីទំនិញ របស់ លោក សុខ យាន់ ហៅ យ៉ាង ដែលជ្រកក្រោមស្បែក ជាមន្ត្រីយោធាអង្គរក្ស បើតាមប្រភពព័ត៌មាន ពីមន្ត្រីគយតូចតាច បានឲ្យដឹងថា បច្ចុប្បន្ននេះ វាមានការលំបាកខ្លាំងណាស់ ចំពោះមន្ត្រីគយតូចតាច ដែលអនុវត្តច្បាប់ ទោះជាខិតខំប្រឹងធ្វើការ ទាំងយប់ទាំងថ្ងៃ ដើម្បីប្រមូលថវិកាជូនរដ្ឋ។ បើទំនិញនាំចូលមកស្រុកខ្មែរ ភាគច្រើនសុទ្ធសឹងតែ ជារបស់អ្នកមានអំណាច បើនិយាយពីផ្កាយវិញ ខ្លះផ្កាយ៣ ឬផ្កាយ៤ ក៏មានដែរ។
ដូចជាទំនិញគ្រឿងបន្លាស់ គ្រប់ប្រភេទ និងទំនិញជាច្រើនមុខទៀត របស់លោក សុខ យាន់ ហៅយ៉ាង ដែលកំពុងតែនាំចូល មកកម្ពុជាតាមច្រកបាក់ដៃ សូម្បីតែដើរទៅក្បែរមិនបានផង។ ពាក់ព័ន្ធនិងទំនិញមិនប្រក្រតី ដែលកំពុងតែនាំចូល ដោយបង់ពន្ធមិនគ្រប់ ឬត្រូវបានលើកលែងពន្ធ ត្រូវបានដឹកជញ្ជូនមកស្តុកទុក នៅក្នុងឃ្លាំងមួយកន្លែង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល៕ ដោយ ព្រះច័ន្ទ
Source from: watphnom-news.com