បង្ក្រាបទីតាំងល្បែងភ្នាល់កីឡាប្រដាល់ នៅអាហារដ្ឋាន ជូលី នៅសល់កន្លែងលក់ឆ្នោត

ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលបង្ការនិងបង្ក្រាប ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត បានចុះបង្ក្រាបទីតាំង ល្បែងភ្នាល់កីឡាប្រដាល់ ហូរកញ្ជ្រាវឥតសណ្តាប់ធ្នាប់ និងចតរថយន្តម៉ូតូស្ទះផ្លូវ នៅអាហារដ្ឋានជូលី ដោយឃាត់ខ្លួន មនុស្ស ៤០នាក់ និងម៉ូតូ ៣៩គ្រឿង យកទៅអប់រំនៅម៉ោង ១និង៣០ នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
នគរបាលការិយាល័យ កំរិតស្រាល បានអោយដឹងថា ក្នុងប្រតិបត្តិការនេះ នគរបាលបានឃាត់ខ្លួន អ្នកលេងភ្នាល់កីឡាប្រដាល់ អាយុ ១៨ឆ្នាំ ដល់អាយុ ៦៥ឆ្នាំ បាន ៤០នាក់ និងរឹបអូសម៉ូតូជាង ៣៩គ្រឿង មកអប់រំធ្វើកិច្ចសន្យា ឲ្យឈប់លេងល្បែង រួចអោយត្រឡប់មកផ្ទះវិញ។ ក្រុមអ្នកលេងល្បែង បាននិយាយថា កីឡាប្រដាល់កាលមុន ផឹកកាហ្វេមើលកំសាន្តធម្មតា យូរៗទៅចាប់ផ្តើមភ្នាល់ដាក់ប្រាក់ ក្រោយមកអ្នកលេង បានសប្បាយមិនខ្លាចអ្នកជិតខាង ហើយហូរកញ្ជ្រាវ និងដាក់កង់ម៉ូតូឡានតាមផ្លូវ មិនខ្លាចបាត់បង់ និងគ្រោះថ្នាក់ឡើយ ទើបសមត្ថកិច្ចចុះបង្ក្រាប បើមើលធម្មតា នរណាទៅចាប់ល្បែងកីឡានោះ។
ប្រជាពលរដ្ឋបានសសើរ លោក ស ថេត ស្នងការខេត្តបាត់ដំបង ដែលបានបញ្ចេញកណ្តាប់ដៃដែក អោយសមត្ថកិច្ចចុះបង្ក្រាប ល្បែងស៊ីសងជាច្រើនកន្លែង នៅសប្តាហ៍ ចុងខែមីនា ឆ្នាំ២០១៤ ក្នុងខេត្តបាត់ដំបង ដែលធ្វើអោយប្តីប្រពន្ធខ្លះ ចេះស្រលាញ់គ្នា ពេលប្តីមកពីរត់ម៉ូតូឌុប សល់ប្រាក់ទុកអោយកូនទៅរៀន និងប្រពន្ធទិញម្ហូបគ្រប់គ្រាន់ មានជីវភាពសម្បូរសប្បាយ រុងរឿង។ ប្រជាពលរដ្ឋបានសំណូមពរ អោយបិទល្បែងឆ្នោតមួយទៀត ព្រោះល្បែងនេះមិនយុត្តិធម៌ទេ កូនចាក់ហើយបានចេញលេខ ម្យ៉ាងទៀតមិនមែន ចាប់ដៃផ្សងសំណាងទេ គឺប្រើម៉ាស៊ីនកុំព្យូទ័រ បញ្ជាលេខស្រេចតែមេជាអ្នកចេញ។
ល្បែងនេះកូនជាប្រជាពលរដ្ឋ ចាញ់អស់ផ្ទះសម្បែង ចំណែកមេប្តូរផ្ទះ ប្តូររថយន្ត ជារៀងរាល់ឆ្នាំ ហើយស្ត្រីជាមេផ្ទះ ក៏កិបកេងប្រាក់ម្ហូប ទុកចាក់កន្ទុយលេខដែរ ធ្វើអោយក្រុមគ្រួសារឈ្លោះទាស់ទែងគ្នា គ្មានសុភមង្គលឡើយ។ ពាក់ព័ន្ធករណីល្បែងភ្នាល់ស៊ីសង លោក ស ថេត ស្នងការបាត់ដំបង បានអោយដឹងថា នឹងចាត់ការល្បែងឆ្នោត ឬល្បែងកន្ទុយលេខ ដែលបើកលេងហូរហែ តាមដងផ្លូវគ្មានសណ្តាប់ធ្នាប់ បណ្តាលអោយកកស្ទះចរាចរណ៍ តាមដងផ្លូវអោយអស់ ហើយសមត្ថកិច្ចដែលទទួលប្រាក់ ពីបទល្មើសត្រូវតែហ៊ាន ទទួលខុសត្រូវ ដោយខ្លួនឯង៕
Source from: watphnom-news.com