អគ្គិភ័យលេបត្របាក់ផ្ទះ ២០ខ្នង នៅតំបន់ច្រាំងបាក់ បំផ្លាញទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋជាង ២០ខ្នង ស្ថិតនៅតំបន់ច្រាំងបាក់ ក្នុងសង្កាត់ច្បារអំពៅ ដែលមានប្រជាជន រស់នៅជាប់ៗគ្នា ភាគច្រើនជាជនជាតិវៀតណាម បានរងនូវការឆាបឆេះ យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ។
ករណីអគ្គិភ័យនេះ គេពុំទាន់ដឹងថា កើតឡើងដោយសារ មូលហេតុអ្វី ពិតប្រាកដនោះទេ ហើយរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងកងរាជអាវុធហត្ថ បានចេញអន្តរាគមន៍ បាញ់ពន្លត់ភ្លាមៗ។ ក្រុមពន្លត់អគ្គិភ័យ មិនអាចគ្រប់គ្រងស្ថានការណ៍បានទេ ដោយសារតែតំបន់នោះ មួយផ្នែកជាសំណង់មិនរៀបរយ ពោលគឺសង់ផ្ទះនៅជាប់ៗគ្នា គ្មានផ្លូវសម្រាប់រថយន្ត ចូលទៅបាញ់ពន្លត់ ឲ្យទាន់ពេលនោះទេ ។
លោក នេត វន្ថា នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នគរបាលក្រុងភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋ សរុបចំនួន ២០ខ្នង ខ្ទេចទាំងស្រុង ប៉ុន្តែពុំមានអ្នកណាម្នាក់ បានរងរបួសនោះទេ។ នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យអស់ ចំនួន ១២គ្រឿង សរុបស្មើនឹង ៤៤ រថយន្តទឹក។ អគ្គិភ័យនេះ ផ្តើមចេញពីផ្ទះ ដែលបំពងចង្រិតលក់ ហើយបានបិទទ្វារផ្ទះចោល ដោយសង្ស័យថា មាននៅសល់រងើកភ្លើង ទើបបង្កឱ្យមានអគ្គិភ័យ ឆាបឆេះតែម្តង៕
Source from: watphnom-news.com