មានជម្លោះជាមួយប្តីរឿងចិញ្ចៀនមាស ១ជីកន្លះ លេបថ្នាំពុលបញ្ចប់ជីវិតទាំងវ័យក្មេង

ខេត្តកណ្ដាល ៖ ស្ដ្រីម្នាក់បានលេបថ្នាំពុលបញ្ចប់ជីវិត ក្រោយពេលឈ្លោះប្រកែក ជាមួយប្ដីបន្ដិចបន្ដួច បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅ កាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ កាលពីវេលាម៉ោង ១២និង៣០ នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។
ជនរងគ្រោះមានឈ្មោះ នាង ឡេង អាយុ ២៦ឆ្នាំ ហើយជនរងគ្រោះ ធ្លាប់ប៉ងសម្លាប់ខ្លួន លេបថ្នាំពុល ៣ដងមកហើយ តែត្រូវក្រុមគ្រួសារ ជួយបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ ប៉ុន្ដែលើកនេះបានដាច់ខ្យល់ស្លាប់ ពេលកំពុងបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។ មុនពេលកើតហេតុ នៅវេលាម៉ោង ៩និង៣០ នាទីព្រឹក ថ្ងៃដដែល ប្ដីជនរងគ្រោះ ត្រឡប់មកពីបើករថយន្ដដឹកអង្កាម លុះពេលមកដល់ផ្ទះ មិនឃើញប្រពន្ធ ក៏ប្រាប់កូនឱ្យទៅហៅ ពេលនោះជនរងគ្រោះមកដល់ផ្ទះ ក៏ ឈ្លោះប្រកែកជាមួយប្ដី រឿងចិញ្ចៀនមាស ១ជីកន្លះ ។
ក្រោយពេលឈ្លោះប្រកែកគ្នា ជនរងគ្រោះខឹងប្ដីយ៉ាងខ្លាំង ហើយក៏រត់ឡើងទៅលើផ្ទះ បិទ ទ្វារសម្ងំលេបថ្នាំពុល ដើម្បីបញ្ចប់ជីវិត ។ ភ្លាមៗនោះ ប្ដីក៏ហៅម្ដាយក្មេក ឱ្យមកជួយនិងមើល ហើយក៏នាំគ្នាគាស់ទ្វារផ្ទះ ឃើញជនរងគ្រោះដេក ដោយក្បាលមានហូរឈាម និងធុំក្លិនពុលបែកពពុះមាត់ សល់ដង្ហើមតឹកៗ។ ពេលនោះស្ដ្រីជាម្ដាយមីង បានសួរថា ហេតុអ្វីបែកក្បាល ត្រូវជនរងគ្រោះឆ្លើយតិចៗថា ពេលលេបថ្នាំពុល ដួលបោកក្បាល នឹងសសរផ្ទះ ទើបនាំគ្នាដឹក បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ តែអកុសល ជនរងគ្រោះបានស្លាប់តាមផ្លូវ បាត់ទៅហើយ ៕
Source from: watphnom-news.com