កំពុងនាំគ្នាសូត្រធម៌ក្នុងពិធីបុណ្យសព បាក់ផ្ទះកម្ពស់ ៤ម៉ែត្រ របួសធ្ងន់ស្រាលជាង ១០នាក់

ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់ ប្រជាពលរដ្ឋជាង ១០នាក់ បានរងរបួសធ្ងន់និងស្រាល ដោយសារបាក់ផ្ទះមួយកំណាត់មុខ ខណៈដែលប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ កំពុងសូត្រធម៌ ក្នុងពិធីបុណ្យសព កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៤ នៅចំណុចដីដុះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយជនរងគ្រោះ ត្រូវអ្នកភូមិនិងសមត្ថកិច្ច ដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ភ្លាមៗផងដែរ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពុទ្ធិបរិស័ទ យាយជី តាជី និងអ្នកភូមិជាច្រើន បានឡើងទៅលើផ្ទះកើតហេតុ ដើម្បីសូត្រធម៌ ក្នុងពិធីបុណ្យសព របស់ឈ្មោះ ឈឹម ផុន ដែលទើបទទួលមរណភាព កាលពីថ្ងៃត្រង់ទី២៩ ខែមេសា ឆ្នាំ២០១៤។ នៅពេលដែលលោកតាអាចារ្យ កំពុងតែសូត្រធម៌ ស្រាប់តែបាក់ផ្ទះមួយកំណាត់មុខ ដែលមានកម្ពស់ជាង ៤ម៉ែត្រ បាក់លាន់ប្រាវ បណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលតែម្តង ដែលអ្នកខ្លះត្រូវ រងរបួសបាក់ជើង បាក់ដៃ ដោយសារតែឈើផ្ទះ សង្កត់ពីលើ ហើយអ្នកខ្លះទៀត របួសរលាកទឹកក្តៅពេញខ្លួន៕
Source from: watphnom-news.com
No comments:
Post a Comment