ឈប់ម៉ូតូចាំទទួលប្តីចេញពីធ្វើការ ត្រូវក្រុមចោរប្លន់បាញ់ ២គ្រាប់ ស្លាប់នៅមន្ទីរពេទ្យ

រាជធានីភ្នំពេញ ៖ ក្រុមជនសង្ស័យ ៣នាក់ បានបើកម៉ូតូមួយគ្រឿង បាញ់ ៣គ្រាប់ ប្លន់យកម៉ូតូពីស្ត្រីម្នាក់ ជិះទៅបាត់ដោយសុវត្ថិភាព បណ្តាលឲ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ ហើយស្លាប់នៅមន្ទីរពេទ្យ ខណៈដែលស្ត្រីរងគ្រោះ មកទទួលប្តីចេញពីធ្វើការ កាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្លូវសុធារស ជាប់នឹងរបងស្ថានទូតសូវៀត ទល់មុខភោជនីយដ្ឋានយីហោ សាច់អាំងភូមិយើង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីបានឲ្យដឹងថា ពេលកើតហេតុ ស្ត្រីរងគ្រោះ បានបើកម៉ូតូ ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ទៅទទួលប្តីរបស់ខ្លួន ចេញពីធ្វើការ នៅទល់មុខភោជនីយដ្ឋាន យីហោសាច់អាំងភូមិយើង ។ ខណៈនោះស្រាប់តែ មានជនសង្ស័យ ៣នាក់ បើកម៉ូតូឌុបគ្នាមកក្បែរ ហើយជនសង្ស័យម្នាក់ បានចុះពីលើម៉ូតូ រួចដកកាំភ្លើងភ្ជង់ និងបាញ់មួយគ្រាប់ឡើងលើ ដើម្បីគំរាមស្ត្រីរងគ្រោះឲ្យចុះពីលើម៉ូតូ ។ តែស្ត្រីរងគ្រោះមិនព្រម ក្រុមជនសង្ស័យ ក៏បាញ់ទៅលើស្ត្រីរងគ្រោះចំនួន ២គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយលើកយកម៉ូតូ បើកចេញទៅបាត់ស្រមោល ដោយមិនរំខានសមត្ថកិច្ចនោះទេ៕
Source from: watphnom-news.com