បង្ក្រាបហាងលក់បាយ កាហ្វេលួចបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមេបន និងនារីវ័យក្មេង ៤នាក់

រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយ នគរបាលប៉ុស្ដិ៍បឹកកក់២ ខណ្ឌទួលគោក បានធ្វើការបង្ក្រាបទីតាំង លក់កាហ្វេដែលបង្កប់សេវាផ្លូវភេទ និងបានឃាត់ខ្លួនស្ដ្រីជាមេបនម្នាក់ នារីបម្រើផ្លូវភេទ ៤នាក់ កាលពីវេលាម៉ោង ៣និង២០ នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្ទះលក់ កាហ្វេ បាយម្ហូប ព្រឹកថ្ងៃល្ងាច ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ម្ដុំត្រឡោកបែក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ក្នុងការចុះបង្ក្រាបទីតាំងលួច បង្កប់សេវាផ្លូវភេទខាងលើនេះ ដឹកនាំដោយ លោក ហោ លីនណា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ និងលោក ថន ផានិត នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជ ធានីភ្នំពេញ ។ មេបនដែលត្រូវឃាត់ខ្លួន មានឈ្មោះ អ៊ុំ សុផល ភេទស្រី អាយុ ៥៦ឆ្នាំ ស្នាក់នៅទីតាំងខាងលើ និងនារី ៤នាក់ទៀត ដែលបម្រើផ្លូវភេទ រួមនឹងវត្ថុតាងជាក់ស្ដែង មួយចំនួនដូចជាស្រោមអនាម័យជាដើម ត្រូវបញ្ជូនទៅសាកសួរ នៅការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពាអនីតិជន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
Source from: watphnom-news.com