លោក យឹម បាន ហៅបានមុខខ្មូត មានអំណាចប្រមូលទិញឈើនៅស្រុកពេជ្រាដា នាំចេញតាមច្រកណាំលៀ ហៅប៉ុស្តិ៍៧ ទាំងយប់ទាំងថ្ងៃ

ខេត្តមណ្ឌលគិរី ៖ បណ្តាញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ នៅក្នុងខេត្តមណ្ឌលគិរី បើតាមដានឲ្យស៊ីជម្រៅ ពិតជាគួរឲ្យញាក់សាច់ខ្លាំងណាស់ ព្រោះឈ្មួញរកស៊ីដឹកជញ្ជូនឈើ ភាគច្រើនជ្រកក្រោមស្បែកជា សមត្ថកិច្ចប្រដាប់អាវុធ គ្មាននរណាហ៊ានប៉ះពាល់នោះទេ ដូចជាជំនួញឈើខុសច្បាប់ ក្នុងស្រុកអូររាំងនិងស្រុកពេជ្រាដា ស្ថិតក្រោមការចាត់ចែង ពីឈ្មួញដ៏មានអំណាចម្នាក់ឈ្មោះ យឹម បាន ហៅបានមុខខ្មូត មានតួនាទីជានាយប៉ុស្តិ៍ក្រងតេះ ដែលបានប្រកបជំនួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ ឡើងដុះស្លែទៅហើយ ដើរតួជាឈ្មួញកណ្តាល ប្រមូលទិញឈើក្នុងតម្លៃថោកៗ ពីប្រជាពលរដ្ឋយកទៅលក់ ឲ្យឧកញ៉ាដ៏មានអំណាចម្នាក់ សម្រាប់នាំចេញទៅស្រុកយួន តាមច្រកព្រំដែនទ្វេភាគីណាំលៀ ហៅប៉ុស្តិ៍៧។
ប្រជាពលរដ្ឋដែលបានឃើញ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ចេញតាមច្រកណាំលៀ ដែលស្ថិតក្រោមការគ្រប់គ្រង របស់លោក ឌី រ៉ាម៉ូ បានលើកឡើងថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ចេញពីតំបន់ព្រៃការពារ និងជម្រកសត្វព្រៃ នៅក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា គ្មាននរណាហ៊ានប៉ះពាល់ទេ ព្រោះឈ្មួញដ៏មានអំណាចឈ្មោះ យឹម បាន ហៅបានមុខខ្មូត ជាអ្នកបោះមេនៅទីនោះ បានប្រមូលទិញឈើ ពីប្រជាពលរដ្ឋដែលចូល ទៅកាប់បំផ្លាញនៅតាមតំបន់ព្រៃការពារ និងតំបន់អភិរក្ស ក្នុងមួយម៉ែត្រត្រីគុណតម្លៃ ១លានរៀល ហើយសម្រាប់ប្រជាពលរដ្ឋ ដែលគ្មានលទ្ធភាព ត្រូវបានឈ្មោះ យឹម បាន ហៅបានមុខខ្មូតឲ្យប្រាក់ខ្ចីមុន ឬឲ្យខ្ចីម៉ាស៊ីនកាត់ឈើ យកទៅធ្វើដើមទុនផងដែរ។
អ្នកដែលបង្កឲ្យមាន បទឧក្រិដ្ឋកម្មព្រៃឈើធំជាងគេ ប្រចាំស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី គ្មាននរណាក្រៅពីលោក យឹម បាន ហៅបានមុខខ្មូតនោះទេ ហើយលោក ឌី រ៉ាម៉ូ ដែលជាប្រធានច្រកទ្វេភាគីណាំលៀ ក៏ជាអ្នកឃុបឃិតបិទភ្នែក ឲ្យឈ្មួញដឹកជញ្ជូនឈើ ឆ្លងកាត់ច្រកនេះ យ៉ាងអនាធិបតេយ្យផងដែរ ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ គ្មាននរណាហ៊ានហើបមាត់។ ប្រជាពលរដ្ឋបានរាយការណ៍ទៀតថា ឈើដែលត្រូវបានកាប់បំផ្លាញ នៅតាមតំបន់អភិរក្ស និងតំបន់ព្រៃការពារ កើតឡើងដោយសារតែ ការឃុបឃិតបិទភ្នែកពីសំណាក់ មន្ត្រីអភិរក្សនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក្រោមបញ្ជាលោក កែប កត់ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដ៏មានអំណាច មិនដែលមានការផ្លាស់ប្តូរទៅណាទេ។
លោក យឹម បាន ហៅបានមុខខ្មូត ក៏មានភាពជិតដិត ជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ ទើបគាត់អាចឈរជើង ប្រមូលទិញឈើប្រណីត ប្រភេទធ្នង់នាងនួន នៅទូទាំងស្រុកពេជ្រាដា ដើម្បីលក់បន្តឲ្យឈ្មួញ ដ៏មានអំណាចម្នាក់ ដែលមានមុខដឹកជញ្ជូនឈើខុសច្បាប់ យកទៅលក់នៅស្រុកយួន តាមច្រកព្រំដែនទ្វេភាគីណាំលៀ ក្រោមការជួយសម្របសម្រួលរបស់លោក ឌី រ៉ាម៉ូ ផងដែរ ព្រោះប្រធានច្រក ជាអ្នកឃុបឃិតបិទភ្នែក ឲ្យមានការដឹកជញ្ជូនឈើខុសច្បាប់ រួចទៅហើយនោះ សមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធដទៃទៀត គ្រាន់តែជាជើងក្រោយប៉ុណ្ណោះ។ គេមិនច្បាស់ទេថា តើលោក យឹម បាន ហៅបានមុខខ្មូត បានផ្តល់ផលប្រយោជន៍ ជូនមេកើយរបស់គាត់ ក្នុងចំនួនប៉ុន្មាននោះទេ ក្នុងមួយខែៗទើបលោក យឹម បាន មានអំណាចប្រមូលរកស៊ី ទិញឈើខុសច្បាប់ ជាចំហរមិនក្រែងញញើត ពីច្បាប់ទម្លាប់។
គេចង់ឃើញផ្នែកពាក់ព័ន្ធ ត្រួតពិនិត្យមើលឡើងវិញផង ពីភាពអនាធិបតេយ្យ នៃការដឹកជញ្ជូនឈើខុសច្បាប់ នៅទូទាំងខេត្តមណ្ឌលគិរី ជាពិសេសឈ្មួញជាច្រើន បានជ្រកក្រោមស្បែកជា សមត្ថកិច្ចប្រដាប់អាវុធ ដូចជាលោក យឹម បាន ហៅបានមុខខ្មូត ដែលមានតួនាទី ជាមេប៉ុស្តិ៍ក្រងតេះ បានក្លាយជាមេឈ្មួញរកស៊ី ដឹកជញ្ជូនឈើ ឡើងដុះស្លែទៅហើយ គ្មាននរណាហ៊ានប៉ះពាល់ទេ ព្រោះសមត្ថកិច្ច និងមន្ត្រីជំនាញជាច្រើន ធ្លាប់បានទទួលផលប្រយោជន៍ ពីលោក យឹម បាន ហៅបានមុខខ្មូត ជាថ្នូរនៃការមិនប៉ះពាល់ ជំនួញឈើខុសច្បាប់។ សហគមន៍ការពារព្រៃឈើ និងអង្គការសង្គមស៊ីវិល បានអំពាវនាវឲ្យលោក អេង ប៊ុនហៀង ជាអភិបាលខេត្តមណ្ឌលគិរី មេត្តាជួយស្រាវជ្រាវវែកមុខ និងបង្ក្រាបជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំ របស់សមត្ថកិច្ចមួយចំនួន ឲ្យមានប្រសិទ្ធភាពផង៕
Source from: watphnom-news.com
No comments:
Post a Comment