ដាំដំឡូងពេលពពកពណ៌ខ្មៅរកកល់ធ្លាក់ភ្លៀង ត្រូវរន្ទះបាញ់រហែកខោលីអូ រងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ ស្របពេលផ្ទៃមេឃស្រអាប់ ពពកពណ៌ខ្មៅរកកល់ធ្លាក់ភ្លៀង មានផ្លេកបន្ទោរចាំង មកចំបុរសម្នាក់ ក៏ត្រូវរន្ទះបាញ់ភ្លាមៗ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកតាមរថយន្ត មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនកាលពីវេលាម៉ោង ៣និង៣០ នាទី រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិអូររអិល ចំណុចបឹងអូរជាង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បុរសដែលត្រូវរន្ទះបាញ់ មានឈ្មោះ អ៊ុក សទ្ធា អាយុ ៣២ឆ្នាំ ជានាយប៉ុស្តិ៍សង្កាត់ទូលល្វា មានស្រុកកំណើត ក្នុងភូមិកសិករ ឃុំសំឡាញ ស្រុកអង្គជ័យ ខេត្តកំពត បច្ចុប្បន្នរស់នៅក្នុងភូមិទូលល្វា សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ផ្ទៃមេឃស្រអាប់ ពពកពណ៌ខ្មៅ រលឹមតិចៗ ពេលនោះជនរងគ្រោះ និងបងប្អូនផ្សេងទៀត កំពុងដាំដំឡូងមី ក្នុងចំការរបស់ខ្លួន ក៏មានផ្លេកបន្ទោរ ចាំងមកចំជនរងគ្រោះ រួចក៏បាញ់បណ្ដាលឲ្យសន្លប់នៅនឹងកន្លែង ហើយលើខ្លួនប្រាណជនរងគ្រោះ មានស្នាមជាំខ្មៅពេញខ្លួន ពិសេសត្រង់ក្រោមក្រលៀនខាងស្តាំ ព្រមទាំងរហែកខោលីអូ ផងដែរ៕
Source from: watphnom-news.com
No comments:
Post a Comment