ព្រួតគ្នាវាយសម្លាប់គ្រូផ្សំថ្នាំខ្មែរ ហើយអូសសពទៅធ្វើទារុណកម្ម សង្ស័យពីរឿងចេះអាបធ្មប់

ខេត្តតាកែវ ៖ គ្រូថ្នាំខែ្មរព្យាបាលរោគថ្លើមម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីក្រុមជនដៃដល់ជាង ១០នាក់ បានឡើងទៅវាយសម្លាប់ និងអូសទម្លាក់ពីលើផ្ទះ កាលពីវេលាម៉ោង ១២និង២០ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ស្ថិតក្នុងភូមិព្រៃជន្លូញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលរហូតមកដល់ពេលនេះ សមត្ថកិច្ចបានកំណត់ មុខសញ្ញាជនសង្ស័យ រួចរាល់អស់ហើយ រងចាំសុំដីការស្វែងរកចាប់ខ្លួន ពីតុលាការ។
ជនរងគ្រោះដែលជា គ្រូថ្នាំខ្មែរឈ្មោះ ពៅ សុវណ្ណ ហៅ ម៉ៅ អាយុ ៣២ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។ សមត្ថកិច្ចស្រុកបាទី បានឲ្យដឹងថា ប្រជាពលរដ្ឋជាង ៤០០នាក់ បាននាំគ្នាមកព័ទ្ធផ្ទះ ជនរងគ្រោះ និងបានឡើងកកូរកាយ យកអាសនៈ របស់គ្រូខ្មែរខាងលើ មកដុតចោលខាងក្រោយផ្ទះ ដោយចោទថា គ្រូថ្នាំខែ្មរនេះ ចេះអំពើអាបធ្មប់។ ប្រជាពលរដ្ឋ នៅបន្តព័ទ្ធផ្ទះជនរងគ្រោះ រហូតដល់ម៉ោង ៧យប់ ដោយក្រុមជនសង្ស័យទាំង ១០នាក់ បានទិញស្រាស មកអង្គុយផឹក នៅមុខផ្ទះជនរងគ្រោះ។
ក្រោយពេលជនសង្ស័យ ស្រវឹងជោកជាំ បាននាំគ្នាឡើងទៅវាយ ជនរងគ្រោះនៅលើផ្ទះ ដោយមានដំបង ដុំថ្មបណ្តាលឲ្យរងរបួសធ្ងន់ រួចជនសង្ស័យ ក៏ចុះមកអង្គុយផឹកស្រាស បន្ថែមទៀត ។ ចំណែកអាជ្ញាធរ និងសមត្ថកិច្ច បានត្រឹមតែអង្គុយ មើលសកម្មភាព របស់ក្រុមជនសង្ស័យទាំងនោះ មិនមានវិធានការទប់ស្កាត់ទេ។ ក្រុមជនសង្ស័យ បានឡើងធ្វើសកម្មភាព វាយជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ និងបានអូសសពជនរងគ្រោះ ទម្លាក់ពីលើផ្ទះ រួចបន្តវាយបន្ថែមទៀត ទោះបីជនរងគ្រោះស្លាប់ទៅហើយក្តី ដែលអ្នកឃើញហេតុការណ៍ខាងលើថា ជាអំពើសាហាវ ឃោរឃៅបំផុត។
ប្រពន្ធជនរងគ្រោះឈ្មោះ ចេវ ចិន្តា បានឲ្យដឹងថា គាត់បានរៀបការ ជាមួយជនរងគ្រោះជាប្តី អស់រយៈពេល ១១ឆ្នាំ មិនមានកូននោះទេ ដោយប្តីគាត់ចេះផ្សំថ្នាំខ្មែរ ព្យាបាលរោគថ្លើម ហើយប្តីរបស់គាត់ តែងតែដើរព្យាបាល ប្រជាពលរដ្ឋក្រីក្រ និងមានជំងឺខាងលើ ពុំបានចេះអំពើអាបធ្មប់ ដូចប្រជាពលរដ្ឋ មួយចំនួនអះអាងនោះទេ ។ មូលហេតុដែល ប្រជាពលរដ្ឋមួយចំនួនចោទថា ប្តីគាត់ជាគ្រូអាបធ្មប់ ដោយសារប្រជាពលរដ្ឋ បានទៅរកគ្រូខាងក្រៅមើលថា ប្តីរបស់គាត់ ជាអ្នកចេះអំពើអាបធ្មប់ និងធ្វើឲ្យអ្នកភូមិស្លាប់៕
Source from: watphnom-news.com