ជាប់ទ្រុងដែកដោយសារកំហឹងដុតរោល វាយបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះរបស់ពូបង្កើត

ខេត្តកណ្តាល ៖ យុវជនម្នាក់បានផ្ទុះកំហឹង និងមិនចេះអត់ធ្មត់ បានធ្វើសកម្មភាព វាយបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះរបស់ពូបង្កើត កាលពីវលាម៉ោង ២រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិឫស្សីស្រុក ឃុំឈើ ទាល ស្រុកកៀនស្វាយ ត្រូវបានស្នងការនគរបាល ខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន បញ្ជាឲ្យកម្លាំងនគរបាល ចាប់វាយខ្នោះ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សន ច្រូច អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ មៀច ធា អាយុ ៣៥ឆ្នាំ មុខរបរកសិករ បានត្រឡប់មកពីលក់ចេក នៅផ្សារដីហុយ លុះពេលមកដល់ផ្ទះ ស្រាប់តែឃើញ ក្មួយប្រុសរបស់ខ្លួនឈ្មោះ ចាន់ ជី អាយុ ២២ឆ្នាំ រស់នៅក្នុង ភូមិឃុំកើតហេតុ កំពុងវាយបំផ្លាញ ទ្រព្យសម្បត្តិ ជាច្រើននៅក្នុងផ្ទះ ដូចជាឆ្នាំងដាំបាយ កំសៀវទឹក បោយទឹក កញ្ច្រែងជ័រ និងចានជាដើម ។
ពេលឃើញក្មួយប្រុស របស់ខ្លួន កំពុងវាយបំផ្លាញទ្រព្យសម្បត្តិ យ៉ាងដូច្នេះ ក៏ចូលទៅឃាត់ ស្រាប់តែជនបង្ក មិនព្រមស្តាប់ ហើយថែមទាំង ជេរប្រមាថ និងបបួលជនរងគ្រោះជាពូ វាយគ្នាមួយទល់នឹងមួយទៀតផង។ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅឃាត់ខ្លួន ជនបង្កដើម្បីសួរនាំបន្តទៀត ហើយជនបង្ករូបនេះ ត្រូវបានលោកស្នងការ ឧត្តមសេនីយ៍ អ៊ាវ ចំរើន បញ្ជាឲ្យបញ្ជូនខ្លួន ទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវ កុំឲ្យធ្វើយ៉ាងដូច្នេះទៀត ទៅថ្ងៃក្រោយ៕
Source from: watphnom-news.com