បុគ្គលិកក្រុមហ៊ុនឡានក្រុង ភ្នំពេញសូរិយា បន្តធ្វើកូដកម្មទាមទារដំណោះស្រាយ ១០ចំណុច

រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន ភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅពុំទាន់មានដំណោះស្រាយ រវាងស្ថាប័នពាក់ព័ន្ធ និងតំណាងសហជីព ជាមួយថៅកែក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកជញ្ជូនអ្នកដំណើរ នៅឡើយទេ បន្ទាប់ពីមានការតវ៉ារបស់បុគ្គលិក កម្មករ និយោជិត ឲ្យក្រុមហ៊ុននេះ គោរពលក្ខខណ្ឌការងារ មួយចំនួននោះ។
មានការរំលឹកឲ្យដឹងថា សហភាពការងារកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ បានទទួលពាក្យបណ្តឹង និងលិខិតផ្ទេរសិទ្ធិ របស់បុគ្គលិក កម្មករ និយោជិត នៃក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកជញ្ជូនអ្នកដំណើរ ហើយនៅថ្ងៃទី២២ ខែមេសា សហភាពការងារកម្ពុជា បានផ្ញើលិខិតជូន លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសុំអន្តរាគមន៍ ដើម្បីបុគ្គលិកនៃក្រុមហ៊ុន ភ្នំពេញ សូរិយាដឹកជញ្ជូនអ្នកដំណើរ ទទួលបាននូវលក្ខខណ្ឌការងារ ឲ្យបានល្អប្រសើរជាងមុន។
នៅក្នុងលិខិតនោះបាន បញ្ជាក់ថា ក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកជញ្ជូនអ្នកដំណើរ មិនបានជួយសម្រួលនូវលក្ខខណ្ឌការងា សម្រាប់បុគ្គលិកទាំងអស់ដែលបំរើការងារនៅក្នុងក្រុមហ៊ុននោះឡើយ គឺមានការគាបសង្កត់ មកលើបុគ្គលិកគ្រប់ផ្នែក និងគ្រប់រូប។ ដោយសារតែមានការគាបសង្កត់បែបនេះ ទើបក្រុមបុគ្គលិក នៃក្រុមហ៊ុននេះ ធ្វើការតវ៉ាដើម្បីស្វែងរកលក្ខខណ្ឌការងារ បានល្អប្រសើរជាងមុន ដោយធ្វើការទាមទារនូវលក្ខខណ្ឌ ចំនួន ១០ចំណុច៕
Source from: watphnom-news.com