លោក ហេង គង់ ជាកំពូលមេឈ្មួញបំផុសអ្នកភូមិ ឲ្យចូលព្រៃកាប់ឈើនៅក្នុងស្រុកសង្គមថ្មី និងជ័យសែន យកទៅលក់ឲ្យក្រុមហ៊ុន ទ្រីភាព

ខេត្តព្រះវិហារ ៖ ដោយសារគ្មានអ្នកទទួលខុសត្រូវ ក្នុងការបង្ការបង្ក្រាប ជំនួញឈើខុសច្បាប់ គេសង្កេតឃើញ ព្រៃឈើនៅក្នុងខេត្តព្រះវិហារ ចាប់ផ្តើមសម្រុកកាប់បំផ្លាញ ខ្លាំងមែនទែន មុនពេលបោះឆ្នោតជាតិអាណត្តិទី៥ មួយខែ ហើយរហូតមកដល់ពេលនេះ ឈើប្រណិតជិតអស់ទៅហើយ ដោយសារតែស្នាដៃ របស់ក្រុមហ៊ុនទ្រីភាព ដោយនៅក្នុងស្រុកឆែប ដែលស្ថិតនៅក្នុងភូមិឆែប២ ត្រង់ចំណុចបំបែកទៅដងផ្លិត មានឈ្មោះ ឈឿន សំណាង ជាមេឃ្លាំងធំ ហើយអ្នកដើរប្រមូលទិញ នៅក្នុងស្រុកសង្គមថ្មី និងជ័យសែន មានឈ្មោះ ហេង គង់ ដែលជាកំពូលមេឈ្មួញ បំផុសប្រជាពលរដ្ឋ ឲ្យចូលព្រៃកាប់ឈើ យកមកលក់ឲ្យខ្លួន ក្នុងតម្លៃថោក ដើម្បីប្រមូលយកទៅលក់ឲ្យក្រុមហ៊ុន ទ្រីភាព។
ប្រជាពលរដ្ឋបានរាយការណ៍ថា ថៅកែរងរបស់ក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព បានលើកទឹកចិត្ត និងជំរុញឲ្យប្រជាពលរដ្ឋ ដើរទៅកាប់ឈើប្រណិតនៅក្នុងព្រៃ ហើយលោក ហេង គង់ ដែលជាមេការក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព បានទៅប្រមូលទិញ នៅតាមផ្ទះប្រជាពលរដ្ឋនៅពេលល្ងាច ដើម្បីដឹកជញ្ជូនទៅស្តុកទុក នៅតាមឃ្លាំង ពុំមានអាជ្ញាធរធ្វើការទប់ស្កាត់នោះទេ ដោយសារតំណាងរបស់ក្រុមហ៊ុន ទ្រី ភាព បានរត់ការបង់លុយ ឲ្យមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធរួចទៅហើយ តាំងពីមន្ត្រីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន ហើយឈើប្រណីតទាំងនោះ ប្រជាពលរដ្ឋលក់បានតម្លៃ មួយលានរៀល ប៉ុណ្ណោះ សម្រាប់ំយយម៉ែត្រត្រីគុណ។
សកម្មភាពនៃការដឹកជញ្ជូនឈើ ដើម្បីប្រមូលចូលឃ្លាំង បានចាប់ផ្តើមស្ទូចឈើ ដែលលាក់ទុកនៅក្នុងព្រៃ នៅពេលល្ងាចដែលមានរថយន្តយ៉ីឌុបធំៗ និងរថយន្តស្ទូចរបស់ក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព ស្ថិតនៅក្នុងស្រុកសង្គមថ្មី ចំណែកឯនៅក្នុងស្រុកជ័យសែន នឹងស្រុកឆែប បានចាប់ផ្តើមនាពេលព្រឹកព្រលឹម និងដើរប្រមូលទិញតាមផ្ទះនៅពេលល្ងាច។ បច្ចុប្បន្ននេះ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព គឺបំផ្លាញឈើ ដែលនៅចុងក្រោយ ក្នុងខេត្តព្រះវិហារនេះតែម្តង ដោយបានឲ្យមេការមានឈ្មោះ ហេង គង់ ដើបំផុសបំផុលពលរដ្ឋ ឲ្យចូលព្រៃកាប់ឈើលក់ឲ្យខ្លួន មុននឹងខ្លួនរើទៅកាន់ទីតាំងថ្មី ស្ថិតក្នុងខេត្តស្ទឹងត្រែង។
មន្ត្រីដែលតាមដានសកម្មភាព កាប់បំផ្លាញព្រៃឈើ ដ៏រាលដាលនៅក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងស្រុកចំនួន៣ គឺសង្គមថ្មី ឆែប ជ័យសែន ការនាំឈើចេញទៅវៀតណាម ជាមធ្បមក្នុងមួយថ្ងៃ ប្រមាណជា ៦ទៅ៧ រថយន្តយ៉ីឌុប ហើយក្នុងមួយរថយន្ត អាចផ្ទុកឈើបានប្រមាណជា ៣០ម៉ែត្រគូប ដូច្នេះនៅក្នុងមួយថ្ងៃ គេដឹកឈើចេញពីស្រុកទាំង ៣នោះ ប្រមាណជា ១៨០ម៉ែត្រគូបទៅ ២០០ម៉ែត្រគូប ចាប់ពីដើមឧសភា រហូតមកដល់សព្វថ្ងៃនេះ។ ក្រុមហ៊ុន ទ្រី ភាព ទទួលដឹកឈើប្រណិត ឲ្យឈ្មួញទាំងអស់ ចេញទៅវៀតណាម តាមច្រកដូង ៧ដើម ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម ដោយគេយកតម្លៃ ១៨០០ដុល្លារ ក្នុងម៉ែត្រគូប ។
មានការបញ្ចាក់ផងដែរថា បច្ចុប្បន្ននេះ ស្ថានភាពបំផ្លាញព្រៃឈើ កំពុងតែធ្ងន់ធ្ងរទៅៗ ចំណែកឯ រដ្ឋាភិបាលគ្មានឆន្ទៈ ក្នុងការបង្ក្រាប បទល្មើសព្រៃឈើនោះទេ ប្រសិនបើគេមានឆន្ទៈបង្ក្រាប វាគ្មានការលំបាកនោះទេ ដោយគ្រាន់តែអនុវត្តច្បាប់ព្រៃឈើ តាមមាត្រា ៩៦ ដល់ ១០១ គឺធ្វើបានទាំងស្រុង ដោយមិនចាំបាច់ ចេញបទបញ្ជារនោះឡើយ ព្រោះបទបញ្ជាទាំងនោះ គ្មានប្រសិទ្ធិភាពទេ។ អង្គការសងញកមស៊ីវិល បានរិះគន់ភ្នាក់ងាររដ្ឋាភិបាលថា មិនបានយកចិត្តទុកដាក់ ធ្វើការស៊ើបអង្កេត និងចាត់វិធានការទាន់ពេល ចំពោះជនប្រព្រឹត្តបទល្មើសព្រៃឈើ បើទោះជាមានសេចក្ដីរាយការណ៍ ពីការកាប់បំផ្លាញ និងជាកន្លែងដឹកជញ្ជូនឈើខុសច្បាប់ក៏ដោយ ហើយគម្រោងសាងសង់ ទំនប់វារីអគ្គិសនីជាច្រើនកន្លែង នៅខេត្តកោះកុង ពោធិ៍សាត់ ស្ទឹងត្រែង និងខេត្តរតនគិរី តាមជួរដងទន្លេ៣ ក៏ជាប្រភពនៃការកាប់បំផ្លាញព្រៃឈើ យ៉ាងខ្លាំងសម្បើមផងដែរ៕
Source from: watphnom-news.com