ចាញ់បោកប្រុសព្រាន ចាប់រំលោភទាល់តែមានផ្ទៃពោះ ៥ខែ ទើបហ៊ានមកប្តឹងសមត្ថកិច្ច

រាជធានីភ្នំពេញ ៖ បុរសជាព្រានប្រកបរបរប៉ះកង់ បានចាប់នារីម្នាក់ រំលោភរហូតបានសំរេច ហើយគំរាមមិនឲ្យនិយាយប្រាប់ អ្នកណាទាំងអស់ រង់ចាំគេហៅចាស់ទុំចូលស្តីដណ្តឹង តែនារីរងគ្រោះចាំបាត់ៗ រហូតដល់កូនក្នុងផ្ទៃបាន ៥ខែ៥ថ្ងៃ ហើយមិនឃើញប្រុសថ្លៃ នាំឪម៉ែមកចូលស្តីដណ្តឹង ទើបដាច់ចិត្តមកប្តឹងសង្កាត់ កាលពីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នារីរងគ្រោះ ដែលចាញ់ល្បិចប្រុសព្រាន ខកខ្លួនរហូត មានផ្ទៃពោះជាង ៥ខែ ទើបទៅប្តឹងសមត្ថកិច្ច មានឈ្មោះ គឹម យ៉ាត អាយុ ២១ឆ្នាំ ជាកម្មការិនីរោងចក្រ រស់នៅភូមិស្នោ សង្កាត់ ស្នោ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ឲ្យដឹងថា នាងត្រូវបានបុរសម្នាក់ ឈ្មោះ ហេង អាយុ២០ឆ្នាំ មុខរបរជាជាងប៉ះកង់ឡាន និងស្នាក់នៅ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ខាងលិចផ្សារជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានផ្ទះនៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍ជ័យ បានធ្វើសកម្មភាពចាប់រំលោភ ខណៈពេលដែលនាង ចេញពីធ្វើការងាររោង ចក្រ ស្ថិតនៅខាងលិចផ្សារជម្ពូវ័ន។
នារីរងគ្រោះបានរំលឹកថា កាលពីវេលាម៉ោង ៦និង៣០ នាទី ព្រលប់មិនចាំថ្ងៃ ក្នុងខែតុលា ឆ្នាំ២០១៣ នាងបានដើរទៅរង់ចាំ រថយន្តដឹកកម្មករ ជិះត្រឡប់ទៅផ្ទះ ដោយនាងឈរនៅមុខរោង ជាកន្លែងប៉ះកង់រថយន្ត របស់បុរសឈ្មោះ ហេង ។ ដោយឃើញនាង ឈរតែម្នាក់ឯង បុរសខាងលើ បានចេញមកចាប់អូសដៃនាង យកទៅរំលោភសេពសន្ថវ: រហូតបានសម្រេច មួយដង ហើយបុរសខាងលើ បាននិយាយគំរាមនាងថា ហាមនិយាយប្រាប់ អ្នកណាទាំងអស់ ថ្វីត្បិតរូបគេមានការជ្រុលជ្រួស ប្រពៃណីក៏ពិតមែន តែចាំគេហៅចាស់ទុំ ឲ្យចូលស្តីដណ្តឹង តែចាំបាត់ៗ រហូតដល់មានផ្ទៃពោះជាង ៥ខែ ទើបបែករឿងរ៉ាវដល់ឪពុកម្តាយ ឃើញពោះកាន់តែធំឡើងៗ ក៏សម្រេចចិត្តទៅប្តឹងសមត្ថកិច្ចតែម្តង៕
Source from: watphnom-news.com