ក្រុមហ៊ុនផលិតរថយន្ត TOYOTA ដ៏ធំរបស់ជប៉ុនប្រកាសគ្រោងលក់រថយន្តឲ្យបាន១០លានគ្រឿងក្នុងឆ្នាំ២០១៤

នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត TOYOTA ដ៏ធំរបស់ជប៉ុន គឺលោក Akio Toyoda បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានបរទេសឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនេះគ្រោងនឹងលក់រថយន្តឲ្យបានចំនួន១០លានគ្រឿងក្នុងឆ្នាំ២០១៤នេះ ខណៈដែលកាលពីឆ្នាំចាស់ឆ្នាំ២០១៣ លក់បានតែចំនួន៩,៩៨លានគ្រឿងប៉ុណ្ណោះ ។
ជាមួយនឹងគម្រោងចាត់ចែងឲ្យអនុប្រធានប្រតិបត្តិចំនួន៦រូបសម្រាប់ទីផ្សារក្រៅប្រទេស ដោយបែងចែកតំណាងលំដាប់លេខ១ និងលំដាប់លេខ២របស់ក្រុមហ៊ុន TOYOTA នោះ លោក Akio Toyda បានឲ្យដឹងដែរថា នេះគឺជាជំហានដំបូងរបស់ក្រុមហ៊ុន ដើម្បីធានាថា ក្រុមហ៊ុននៅតែដើរផ្លូវនៃកំណើន បន្ទាប់ពីសម្រេចបាននូវអត្រាលក់ទូទាំងពិភពលោកចំនួន១០លានគ្រឿងនោះ ។ ជាមួយគ្នានេះដែរ លោក Akio Toyoda ពុំមានក្តីរំពឹងថា នឹងទទួលបានការលក់ដាច់លឿននៅគ្រប់តំបន់នោះឡើយ ជាអាទិ៍ នៅតំបន់សហរដ្ឋអាមេរិក ការលក់របស់ TOYOTA បានធ្លាក់ចុះចំនួន៤ភាគរយក្នុងខែកុម្ភៈ គឺលក់បានចំនួន១៥៩.២៨៤គ្រឿងប៉ុណ្ណោះ ប៉ុន្តែ TOYOTA នៅតែជាប់លំដាប់ថ្នាក់នាំមុខគេលើទីផ្សារដដែល ។
កាលពីឆ្នាំ២០១៣ ក្រុមហ៊ុនផលិតរថយន្ត TOYOTA របស់ជប៉ុនលក់រថយន្តបានចំនួន ៩,៩៨លានគ្រឿង គឺកើនឡើងចំនួន២ភាគរយ បើធៀបទៅនឹងឆ្នាំ២០១២ ខណៈដែលក្រុមហ៊ុន GM របស់អាមេរិកលក់បានចំនួន ៩,៧១លានគ្រឿង និងក្រុមហ៊ុនផលិតរថយន្ត VW របស់អឺរ៉ុបលក់បានចំនួន៩,៧លានគ្រឿង ៕
Source from: www.dtn7.com
No comments:
Post a Comment