មកពីហូបការស្រវឹងធ្លាក់ភ្នែក បើកឡានបុកពំនូកខ្សាច់ក្រឡាប់ធ្លាក់ផ្លូវ តែគ្មានអ្នកស្លាប់

ខេត្ដកណ្ដាល ៖ រថយន្ដទួរីស ១២កៅអី មួយគ្រឿង ដែលដឹកមនុស្ស ៤-៥នាក់ ចេញមកពីហូបការបងប្អូន បានបើកបុកពំនូកខ្សាច់ នៅមុខផ្ទះលក់គ្រឿងសំណង់ បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ព្រោះតែអ្នកបើកបរ ផឹកស្រាស្រវឹងជោក កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវជាតិលេខ១ មុខផ្ទះលក់គ្រឿងសំណង់ ស្ថិតក្នុងភូមិស្លាបតាឱន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
រថយន្ដដែលក្រឡាប់នោះ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F- 2136 អ្នកបើកបរមិនត្រូវបានស្គាល់ ឈ្មោះនោះឡើយ ហើយបើតាមជនរងគ្រោះ ដែលជិះក្នុងរថយន្ដ រួចផុតពីគ្រោះថ្នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេបានចេញពីហូបការបងប្អូន នៅមុខផ្សារគគីរ ស្រុកកៀនស្វាយ រួចក៏ត្រឡប់ទៅផ្ទះវិញ ដោយបើកបរ ក្នុងទិសដៅ ពីលិចទៅកើត ទៅដល់ផ្លូវរាងកោងបន្ដិច ណាមួយអ្នកបើកបរ ស្រវឹងបានរេចង្កូត មកបុកពំនូកខ្សាច់ នៅផ្ទះលក់គ្រឿងសំណង់ដែលគរ នៅចិញ្ចើមផ្លូវ បណ្ដាលឱ្យក្រឡាប់ ផ្ងារជើងឡើងលើតែម្ដង ។
ក្រោយពេលកើតហេតុ អ្នកជិះក្នុងរថយន្ដទាំងអស់ បានរងរបួសស្រាល សុទ្ធតែជាបងប្អូននឹងគ្នា គ្មានអ្នកណាប្ដឹងផ្ដល់ អ្នកណានោះទេ។ ករណីនេះសមត្ថកិច្ច មិនបានយករថយន្ដ មករក្សាទុកនោះឡើយ ដោយសារគ្រោះថ្នាក់ខាងលើ កើតឡើងដោយខ្លួនឯង មិនប៉ះពាល់ដល់អ្នកដទៃ គ្រាន់តែរងរបួស អ្នកដែលជិះក្នុងរថយន្ដទាំងអស់ ដែលត្រូវជាបងប្អូន ក៏ឲ្យម្ចាស់ស្ទូចរថយន្ត យកទៅជួសជុលដោយខ្លួនឯង ទាំងយប់ ៕
Source from: watphnom-news.com