លោក សៀង ស៊ីវន មេបញ្ជាការប៉ូលីស ការពារព្រំដែនលេខ៣០៣ ក្លាយជាឈ្មួញរកស៊ីឈើធំជាងគេ និងមានអំណាចបើកច្រករបៀងខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ ទឹកដីខេត្តមណ្ឌលគិរី បានក្លាយជាតំបន់ ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ចេញទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ទាំងការដឹកជញ្ជូន ចេញតាមច្រកអន្តរជាតិដាក់ដាំ ក៏ដូចជាច្រករបៀង ជាច្រើនកន្លែង ស្ថិតក្រោមការគ្រប់គ្រង របស់នគរបាលវរៈការពារព្រំដែន លេខ៣០៣ នៅខេត្តមណ្ឌលគិរី។ ប៉ុន្តែលោក អេង ប៊ុនហៀង ក្នុងនាមជា ប្រធានគណៈបញ្ជាការឯកភាពខេត្ត ហាក់ដូចជាធូររលុង មិនបានយកចិត្តទុកដាក់ រឹតបន្តឹងការបង្ក្រាបសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ ឲ្យស្របទៅតាមកំណែទម្រង់ស៊ីជម្រៅ ម្តងណាឡើយ ធ្វើឲ្យក្រុមឈ្មួញ រកស៊ីឈើខុសច្បាប់កំពុងតែ ក្រអឺតក្រទមយ៉ាងខ្លាំង។
មន្ត្រីតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះ លោក សៀង ស៊ីវន មានតួនាទីជាមេបញ្ជាការ នគរបាលវរៈការពារព្រំដែន លេខ៣០៣ ប្រចាំខេត្តមណ្ឌលគិរី បានក្លាយជាឈ្មួញរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់ទ្រង់ទ្រាយធំជាងគេ គ្មាននរណាហ៊ានហើបមាត់នោះទេ សូម្បីតែលោក កែប កត់ ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ក៏ខ្លាចអំណាច លោក សៀង ស៊ីវន នោះដែរ។ ជាធម្មតាលោក សៀង ស៊ីវន បានប្រើស្បែក ជានគរបាលព្រំដែន ក្នុងការប្រមូលទិញ ឈើប្រណីតប្រភេទធ្នង់ បេង នាងនួន សម្រាប់លក់បន្ត ឲ្យក្រុមហ៊ុននិងឈ្មួញកណ្តាល ដែលក្នុងមួយថ្ងៃ យ៉ាងហោចណាស់លោក សៀង ស៊ីវន បានរកស៊ីទិញលក់ឈើរង្វង់ ៦ទៅ១០ ម៉ែត្រត្រីគុណ ប្រមូលលុយយកទៅច្រកហោប៉ៅ យ៉ាងសុខស្រួលបំផុត។
មន្ត្រីបានបង្ហើបឲ្យដឹងផងដែរថា ដើម្បីកុំឲ្យប្រឡាក់ប្រឡូស ជាមួយសកម្មភាពរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ លោក សៀង ស៊ីវន មិនបានចេញមុខ ដោយផ្ទាល់នោះទេ គឺគាត់ប្រើតែសេនាឆ្វេងស្តាំ ២-៣ នាក់ ឲ្យប្រឡូកជាមួយ ជំនួញឈើខុសច្បាប់ ដូចជាការប្រមូលទិញឈើ ពីប្រជាពលរដ្ឋដែលចូលកាប់បំផ្លាញ តាមព្រៃសហគមន៍ និងដែនជម្រកសត្វព្រៃ ឬប្រមូលទិញពីឈ្មួញតូចតាច ដែលដឹកជញ្ជូនមកពីគ្រប់ទិសទី យកទៅស្តុកទុក ដើម្បីលក់ចេញឲ្យក្រុមហ៊ុនឬឈ្មួញធំៗ។ គ្រប់ការដឹកជញ្ជូនឈើ សេនាឆ្វេងស្តាំ របស់លោក សៀង ស៊ីវន គ្មាននរណាហ៊ានប៉ះពាល់នោះទេ ទាំងការប្រើប្រាស់រថយន្តតូច និងរថយន្តធំចេញពីក្នុងព្រៃ រហូតដល់ទីប្រជុំជន សុទ្ធតែមានការយោគយល់ ពីសមត្ថកិច្ចពាក់ព័ន្ធ គ្មាននរណាហ៊ានប៉ះពាល់ ជំនួញឈើខុសច្បាប់ របស់លោក សៀង ស៊ីវន នោះទេ ទោះជាគាត់មិនបាន ចេញមុខដោយផ្ទាល់ក៏ដោយ។
លើសនេះទៅទៀត លោក សៀង ស៊ីវន ក៏រងនូវការរិះគន់ អំពីករណីលួចបើក ច្រករបៀងខុសច្បាប់ ស្ថិតក្រោមតំបន់ដែលខ្លួនគ្រប់គ្រង ឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព នាំចេញឈើប្រណីត ទៅលក់នៅស្រុកយួន យ៉ាងអនាធិបតេយ្យបំផុត។ អាចបញ្ជាក់បានថា បច្ចុប្បន្ននេះ លោក សៀង ស៊ីវន មិនត្រឹមតែប្រើប្រាស់ស្បែកជា មេបញ្ជាការនគរបាលវរៈការពារព្រំដែន លេខ៣០៣ ប្រចាំខេត្តមណ្ឌលគិរី ទៅប្រឡូកក្នុងជំនួញឈើ ខុសច្បាប់ទ្រង់ទ្រាយធំ ប៉ុណ្ណោះទេ គឺថែមទាំងបំពាន លើភារកិច្ចតួនាទីរបស់ខ្លួន តាមរយៈការឃុបឃិត លួចបើកច្រករបៀងខុសច្បាប់ឲ្យក្រុមហ៊ុន ទ្រី ភាព ដឹកជញ្ជូនឈើ យកទៅលក់នៅស្រុកយួន យ៉ាងក្រអឺតក្រទមបំផុត ដូច្នេះអគ្គស្នងការនគរបាលជាតិ គួរតែពិនិត្យមើលភាពអសកម្ម របស់លោក សៀង ស៊ីវន ឡើងវិញផង៕
Source from: watphnom-news.com