អាជ្ញាធរមូលដ្ឋានគ្រោងប្តឹងឧកញ៉ា សង ថន ទៅប្រមុខរាជរដ្ឋាភិបាល លើករណីគំរាមរារាំងការវាស់វែងដីធ្លីជូនប្រជាជន

ប្រភពព័ត៌មានពីខេត្តបាត់ដំបង បានឲ្យដឹងថា លោកឧកញ៉ា សង ថន អាចនឹងត្រូវប្រឈមមុខចំពោះការប្តឹងទៅប្រមុខរាជរដ្ឋាភិបាលពីបទគំរាមកំហែង និងរារាំងការចុះវាស់វែងដីធ្លី ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឋិតនៅតំបន់បឹង៥ ស្រុកបវេល ខេត្តបាត់ដំបង ដោយអាជ្ញាធរមូលដ្ឋាន។
លោក ឈា នី មេឃុំបឹង៥ ធ្លាប់បានមានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុកថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ កន្លងមក លោកឧកញ៉ា សង ថន បានគំរាមកំហែងលោកតាមទូរស័ព្ទ ដោយព្យាយាមរារាំងក្រុមការងារមិនឲ្យចុះវាស់វែងដីធ្លី ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាជនឡើយ ហើយបើហ៊ានបន្តធ្វើទៀតលោកឧកញ៉ា នឹងប្តឹងរូបលោកទៅស្ថាប័នតុលាការ។ លើសពីនេះ មានភាគីក្រុមលោកឧកញ៉ា សង ថន គឺឈ្មោះ ទន់ ប៊ុនធឿន ហៅប៊ុង ក៏បានទូរស័ព្ទមកគំរាមលោកដែរ ដោយប្រើទ្រឹស្តីតាម៉ុក គំរាមថា «នៅលើម៉ុក មានតែមួក នៅលើមួកមានមេឃ» និង បញ្ជាក់ឲ្យលោកធ្វើការពិចារណាអំពីពាក្យគំរាមរបស់គេ ប៉ុន្តែលោកមិនទាន់បានដឹងថា ឈ្មោះ ប៊ុង ប្រើទ្រឹស្តីតាម៉ុក យកមកគំរាមលោកក្នុងន័យបែបណានោះទេ។
មេឃុំបឹង៥ គឺលោក ឈា នី បានបញ្ជាក់បន្ថែមថា ក្រុមបក្ខពួកដង្ខៅឧកញ៉ា សង ថន មិនត្រឹមតែគំរាមកំហែងលោកទេ ថែមទាំងបានទូរស័ព្ទគំរាមលោកមេភូមិក្រពើ៤០ យ៉ាងចាស់ដៃទៀតផង លើករណីចុះវាស់វែងដីធ្លី ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ករណីនេះ លោកបានធ្វើរបាយការណ៍គោរពជូនទៅឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងរួចហើយៗលោកនឹងរៀបចំឯកសារប្តឹងលោកឧកញ៉ា សង ថន ទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែម្តង។
សូមរំលឹកជូនថា លោក សង ថន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឧកញ៉ា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២០៥/១០៩ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៥។ លោកឧកញ៉ា សង ថន កំពុងមានរឿងអាស្រូវក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយប្រជាពលរដ្ឋនៅស្រុកបវេល ខេត្តបាត់ដំបង។ កាលពីវេលាម៉ោងប្រមាណ២៣ និង១៥នាទីរាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២ កន្លងមកលោកឧកញ៉ារូបនេះល្បីល្បាញថា ស្រវឹងស្រាដល់កម្រិតពេលចេញពីទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន មហាសាល ក្បែរស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបើកបររថយន្តម៉ាក Ford ពណ៌កាហ្វេធ្លាក់ចូលលូទឹកស្អុយ១កំណាត់ក្រោយ បានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌជួយអូសឡើងគោកវិញ។
គេហទំព័រសារព័ត៌មានដើមត្នោត នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០១៤នេះ មិនបានសុំការបំភ្លឺបញ្ជាក់ពីលោកឧកញ៉ា សង ថន ទាក់ទងនឹងការចោទប្រកាន់របស់លោក ឈា នី មេឃុំបឹង៥ ទាក់ទងនឹងរឿងរ៉ាវចុះវាស់វែងដីធ្លី ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាជននោះនៅឡើយទេ៕
Source from: www.dtn7.com
No comments:
Post a Comment