បុរសពោះម៉ាយត្រូវរថភ្លើង បើកកិនដាច់ខ្លួនជា ២កំណាត់ ស្លាប់ចោលកូនប្រុសស្រី ៨នាក់

ខេត្តព្រះសីហនុ ៖ បុរសពោះម៉ាយមានកូន ៨នាក់នៅក្នុងបន្ទុក ត្រូវបានរថភ្លើង បើកកិនដាច់ក្បាល និងដៃម្ខាងចេញពីដងខ្លួន ស្លាប់នៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មបំផុត កាលពីវេលាម៉ោង ១១និង៤០ នាទីយប់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅក្នុងក្រុមទី៣៥ ភូមិ៣ សង្កាត់ទំនប់រលក ក្រុងព្រះសីហនុ បន្ទាប់ពីស្រវឹងស្រា ដើរទៅដេកលើផ្លូវរថភ្លើង។
សាក្សីបានអះអាងថា ជនរងគ្រោះ មានឈ្មោះ យ៉េង វីរៈ អាយុ ៣៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ ហើយមានស្រុកកំណើត នៅខេត្តព្រៃវែង មានកូនចំនួន ៨នាក់ ប្រុស៤នាក់ ស្រី ៤នាក់ និងកូនបង អាយុជាង ២០ឆ្នាំ និងពៅគេអាយុ ៧ឆ្នាំ ដោយអ្នកខ្លះធ្វើកម្មករ និងអ្នកខ្លះទៀត ដើររើសអេតចាយ ប្រពន្ឋស្លាប់ចោលជាច្រើនឆ្នាំ មកហើយ។ បុរសរងគ្រោះនេះតែងតែហូបស្រា ស្រវឹងជាប់ជាប្រចាំ មិនលោះថ្ងៃណានោះទេ ហើយនៅថ្ងៃកើតហេតុ ក្រោយពីហូបគ្រឿងស្រវឹង បានទៅដេកលើផ្លូវរទេះភ្លើង ចំនួន ២ដងមកហើយ។
មុនពេលកើតហេតុ បុរសរងគ្រោះ បានទៅដេកនៅលើផ្លូវរថភ្លើង ប្រហែលជាគាត់នឹកស្មានថា គ្មានរថភ្លើងបើកឆ្លងកាត់ នៅពេលយប់នោះទេ ហើយម្យ៉ាងទៀត រថភ្លើងពេលធ្វើដំណើរ ជិតមកដល់កន្លែងកើតហេតុ អត់បានស៊ីផ្លេរឱ្យជាដំណឹង ដល់ប្រជាពលរដ្ឋ។ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានធ្វើរិះគន់ ខាងរថភ្លើងថា ចំពោះជនរងគ្រោះមកដេកនៅលើផ្លូវនេះ វាពិតជាខុសហើយ ព្រោះនេះ ជាទីកន្លែងអទិភាព របស់រថភ្លើង ក៏ប៉ុន្តែភាគីរថភ្លើងគួរណាស់តែស៊ីផ្លេរ អោយបានមុនយ៉ាងតិច ៥០០ ម៉ែត្រ ព្រោះទីនោះ មានប្រជាពលរដ្ឋ រស់នៅច្រើន៕
Source from: watphnom-news.com