បុរសខ្លាំងអាចផ្តល់ទឹកដីជ្រកកោនឲ្យរដ្ឋាភិបាលនិរទេសរបស់សេដ្ឋី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែរឬទេ ?

ប្រភពពីសារព័ត៌មានអូស្ត្រាលី ABC បានឲ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ ដែលរស់ក្នុងស្ថានភាពនិរទេសខ្លួននៅឯបរទេស ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធានាអំឡុងឆ្នាំ២០០៦ និងត្រូវជាបងប្រុសបង្កើតរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ មានគម្រោងរៀបចំបង្កើតរដ្ឋាភិបាលនិរទេសមួយដើម្បីប្រកួតប្រជែងយកភាពស្របច្បាប់ជាមួយរដ្ឋាភិបាលថៃបច្ចុប្បន្នដែលគ្រប់គ្រងអំណាចដោយរបបយោធា ។
លោក Amsterdam ទីប្រឹក្សាច្បាប់របស់សេដ្ឋីទូរគមនាគមន៍ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឲ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងពិភាក្សាជាមួយបណ្តាប្រទេសមួយចំនួន ក្នុងគោលបំណងស្នើសុំការរៀបចំបង្កើតរដ្ឋាភិបាលនិរទេសមួយ ប៉ុន្តែលោកមិនទាន់បានដឹងថា ប្រទេសណាខ្លះនឹងអនុញ្ញាតនោះទេ ។ ប៉ុន្តែក្រុមអ្នកគាំទ្ររដ្ឋាភិបាលអាវក្រហមប្រភពពីគណបក្សភឿថៃ បានឲ្យដឹងថា មានប្រទេសមួយចំនួនបានអនុញ្ញាតរួចហើយក្នុងការផ្តល់ទឹកដីឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បង្កើតរដ្ឋាភិបាលនិរទេសនេះ ។
ទីប្រឹក្សាច្បាប់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបន្ថែមឲ្យដឹងដែរថា យោងតាមភាពជិតស្និទ្ធរវាងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាមួយនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺអាចជំរុញឲ្យមានការស្នើសុំប្រទេសជិតខាង ដូចជាកម្ពុជាឲ្យផ្តល់ទឹកដីជ្រកកោនដល់បណ្តាអតីតមេដឹកនាំថៃប្រភពមកពីគណបក្សភឿថៃរៀបចំបង្កើតរដ្ឋាភិបាលនិរទេសផងដែរ ។
ទោះយ៉ាងណា គេមិនទាន់អាចដឹងបានថា តើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាមិត្តភក្តិជិតស្និទ្ធប្រៀបដូចជាបងប្អូនជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះ នឹងផ្តល់ទឹកដីសម្រាប់ការបង្កើតរដ្ឋាភិបាលនិរទេសតាមសំណើរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែរឬទេ ? ម្យ៉ាងទៀត ប្រសិនបើមានការអនុញ្ញាតមែននោះ តើរាជរដ្ឋាភិបាលកម្ពុជាត្រូវប្រឈមបែបណាចំពោះមុខសមាគមអាស៊ាន និងជាពិសេសជាមួយភាគីប្រទេសថៃទាំងខាងយោធា ទាំងខាងពាណិជ្ជកម្ម ?
សូមរំលឹកជូនថា ដោយយល់ឃើញរដ្ឋប្រហារយោធាដែលទម្លាក់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីតំណាងនាយករដ្ឋមន្ត្រីថៃនាអំឡុងឆ្នាំ២០០៦ជាអំពើខុសច្បាប់នោះ ទើបនាំឲ្យបុរសខ្លាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត និងស្វាគមន៍ឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងមេដឹកនាំគណបក្សភឿថៃរបស់ថៃអាចចេញចូលទឹកដីកម្ពុជាបានគ្រប់ពេល ទោះបីរាជរដ្ឋាភិបាលថៃហាមឃាត់មិនឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចូលប្រទេសថៃក៏ដោយ ។ លើសពីនេះ បុរសខ្លាំងបានស្នើទូលថ្វាយព្រះមហាក្សត្រកម្ពុជាឲ្យត្រាស់បង្គាប់តែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកសេដ្ឋកិច្ចទៀតផង ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៩/១០១៨ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៩ មានងារត្រូវហៅថា ឯកឧត្តម នៅកម្ពុជា ។ ប៉ុន្តែក្រោយមក លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសុំលាឈប់ដោយខ្លួនឯងពីមុខតំណែងនេះវិញ ទើបព្រះមហាក្សត្រតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំងបញ្ចប់មុខតំណែងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១០/៦៩០ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១០ ។
កាលពីខែកក្កដា ឆ្នាំ២០១៣កន្លងទៅ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃក៏បានមកបង្ហាញវត្តមានចូលរួមគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ឪពុករបស់បុរសខ្លាំងដែលបានទទួលមរណភាពនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣នៅភូមិគ្រឹះនាយករដ្ឋមន្ត្រីក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញទៀតផង ៕
Source from: www.dtn7.com
No comments:
Post a Comment