រឿងរ៉ាវពិតឋិតនៅពីក្រោយជម្លោះរវាងផ្កាយ២យោធា ជា តារា និងអតីតផ្កាយ៣ប៉ូលិស ឌឿន សុវណ្ណ ធ្វើឲ្យកក្រើកថ្នាក់ដឹកនាំគណបក្សកាន់អំណាច

មុននេះបន្តិច មជ្ឈដ្ឋាននានា ជាពិសេសមជ្ឈដ្ឋានអ្នកច្បាប់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងការលើកលែងទោសឲ្យទណ្ឌិតម្នាក់ឈ្មោះ ជា តារា ជានាយទាហាននៃកងយោធពលខេមរភូមិន្ទ អត្តលេខ០១០០៨៩ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២)ពីសំណាក់ព្រះមហាក្សត្រ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រី ដ្បិតការលើកលែងទោសឲ្យទណ្ឌិតឈ្មោះ ជា តារា នេះប្រព្រឹត្តឡើងនៅពេលដែលឈ្មោះ ជា តារា ទើបអនុវត្តន៍ទោសនៅក្នុងពន្ធនាគារបានត្រឹមមិនដល់មួយខែប៉ុណ្ណោះ និងម្យ៉ាងទៀតមានរឿងរ៉ាវពិតមួយចំនួនឋិតនៅពីក្រោយជម្លោះលោកផ្កាយ២យោធា ជា តារា និងអតីតផ្កាយ៣ប៉ូលិសម្នាក់ឈ្មោះ ឌឿន សុវណ្ណ ធ្វើឲ្យកក្រើកភ្ញាក់ផ្អើលដល់ជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាយ៉ាងសម្បើម ។
ដើមហេតុដែលនាំឲ្យលោកឧត្តមសេនីយ៍ទោយោធា ជា តារា អត្តលេខ០១០០៨៩ នាយរងសេនាធិការបញ្ជាការដ្ឋានអង្គរក្សប្រចាំការដឹកនាំបញ្ជាអាវុធគាំទ្រនៅទិសជួរមុខសមរភូមិប្រាសាទព្រះវិហារ ជាកូនរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០១៣០ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងត្រូវជាកូនធម៌របស់សពលោកឧកញ៉ា គឹម ហាប់ អគ្គនាយកក្រុមហ៊ុនគឹម ហាប់ ក្លាយជាទណ្ឌិតធ្លាក់ខ្លួនជាប់ពន្ធនាគារមួយរយៈពេល ក្រោមការកាត់សេចក្តីរបស់ស្ថាប័នតុលាការ និងត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោស បន្ទាប់ពីទទួលបានរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងបញ្ជាការដ្ឋានអង្គរក្ស បង្កឲ្យមានការចាប់អារម្មណ៍នោះ គឺដោយសារលោកឧត្តមសេនីយ៍ទោយោធា ជា តារា មានវិវាទក្តីក្តាំគ្នាជាមួយអតីតឧត្តមសេនីយ៍ឯកប៉ូលិស ឌឿន សុវណ្ណ អតីតទីប្រឹក្សាក្រសួងមហាផ្ទៃនៅស្ថាប័នតុលាការ ហើយអតីតឧត្តមសេនីយ៍ឯក ឌឿន សុវណ្ណ ល្បីល្បាញថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងចៅក្រមដ៏មានឥទ្ធិពលម្នាក់ ទើបមានរឿងក្តីមិនចេះចាញ់ ។
ដំណើររឿងមានដូចតទៅ ៖ នាអំឡុងឆ្នាំ២០០៧ លោក ជា តារា (កាលណោះមានឋានន្តរស័ក្តិជាវរសេនីយ៍ឯកនៅឡើយ) តំណាងឲ្យក្រុមហ៊ុនគឹម ហាប់ បានធ្វើកិច្ចសន្យាលក់-ទិញដី(អតីតទីតាំងដីT87វិទ្យុកងទ័ព) ទំហំ៤៥.០០០ម៉ែត្រក្រឡា ឋិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងតម្លៃសរុបចំនួន២៧.៤៥០.០០០ដុល្លារអាមេរិក ជាមួយឈ្មោះ ជួប ច័ន្ទ ខណៈដែលឈ្មោះ ឌឿន សុវណ្ណ (កាលណោះមិនទាន់មានផ្កាយពាក់ទេ) ជាអ្នកទទួលរត់ការច្បាប់វិនិយោគឲ្យក្រុមហ៊ុនគឹម ហាប់ មានលោក ជា តារា ជាអ្នកតំណាងឲ្យក្រុមហ៊ុន (លោក ជា តារា បានប្រគល់ប្រាក់ចំនួន៥លានដុល្លារអាមេរិករួចហើយ) ។ ដោយរត់ការមិនបានសម្រេច លោក ជា តារា តំណាងឲ្យក្រុមហ៊ុនគឹម ហាប់ ក៏បានប្តឹងឈ្មោះ ឌឿន សុវណ្ណ និងឈ្មោះ ជួប ច័ន្ទ ទៅតុលាការពីបទក្លែងលិខិតសាធារណៈ បន្លំអាជ្ញាធរ និងឆបោកប្រាក់ ។ ប៉ុន្តែបណ្តឹងនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមានលោក សុខ រឿន ជាព្រះរាជអាជ្ញារង និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍សម្រេចតម្កល់រឿងទុកឥតចាត់ការ មានន័យថា ស្ថាប័នអយ្យការសម្រេចឲ្យលោក ជា តារា ជាដើមបណ្តឹងចាញ់ក្តីលោក ឌឿន សុវណ្ណ ជាជនសង្ស័យ ។
ដោយយល់ឃើញថា លោក ជា តារា ប្តឹងប្រឆាំងមកលើខ្លួនក្នុងរឿងព្រហ្មទណ្ឌមិនឈ្នះ ទើបឈ្មោះ ឌឿន សុវណ្ណ ដាក់ពាក្យប្តឹងបកមកលើលោក ជា តារា វិញពីបទបរិហារបង្កាច់កេរ្តិ៍ ហើយត្រូវបានស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់(សាលាដំបូងរាជធានីភ្នំពេញមានលោក កែវ មុនី ជាចៅក្រមជំនុំជម្រះ, សាលាឧទ្ធរណ៍មានលោកចៅក្រម អ៊ុំ សារិទ្ធ អាយុ៦៧ឆ្នាំជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងតុលាការកំពូលមានឯកឧត្តម ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល អាយុ៧៤ឆ្នាំ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ)សម្រេចផ្តន្ទាទោសលោក ជា តារា ដាក់ពន្ធនាគារកំណត់០៨ខែ និងបង្គាប់ឲ្យបង់ជំងឺចិត្តចំនួន២០លានរៀល ជូនទៅឈ្មោះ ឌឿន សុវណ្ណ ពីបទបរិហារបង្កាច់កេរ្តិ៍ តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ៣០០ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់តុលាការកំពូល និងក៏ឈានទៅដល់ការចាប់ខ្លួនលោក ជា តារា តាមអំណាចសាលដីកាព្រហ្មទណ្ឌរបស់តុលាការកំពូលនេះតែម្តង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ។
យោងតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់លោកឧត្តមសេនីយ៍ឯក ចៅ តុល មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សដែលបានគោរពជូនប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់នាយករដ្ឋមន្ត្រី ដោយមានការឯកភាពដឹងឮពីនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ផង ពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ផង និងពីនាយឧត្តមសេនីយ៍ ប៉ុល សារឿន ផងនោះ បានអះអាងបញ្ជាក់ថា "ការពិតឧត្តមសេនីយ៍ទោ ជា តារា ជាអ្នករងគ្រោះ ព្រោះបានប្រគល់ប្រាក់លើការទិញដីធ្លីឲ្យឈ្មោះ ឌឿន សុវណ្ណ ហើយៗឈ្មោះ ឌឿន សុវណ្ណ ជាអ្នករត់ការមិនបានជោគជ័យផង បែរជាឧត្តមសេនីយ៍ទោ ជា តារា ត្រូវមានទោសរហូតជាប់ពន្ធនាគារ និងត្រូវសងជំងឺចិត្តដល់ឈ្មោះ ឌឿន សុវណ្ណ ពីបទបរិហារបង្កាច់កេរ្តិ៍ទៀត ពិតជាអយុត្តិធម៌ណាស់ ។ នេះថ្នាក់ឧត្តមសេនីយ៍ទោក្នុងកងយោធពលខេមរភូមិន្ទ ចុះទម្រាំប្រជាជនសុទ្ធសាធ ឬអ្នកវិនិយោគនោះ តើត្រូវទទួលរងនូវភាពអយុត្តិធម៌យ៉ាងណា ? កន្លងមក ឈ្មោះ ឌឿន សុវណ្ណ បានបោកប្រាស់ទៅលើជនបរទេសយ៉ាងច្រើន និងបានប្រព្រឹត្តអំពើខុសច្បាប់ ដូចជា ក្លែងបន្លំឯកសារសាធារណៈផ្សេងៗ ធ្វើឯកសារសុំហត្ថលេខាពីសម្តេចប្រធានរដ្ឋសភាស្នើសុំដំឡើងឋានន្តរស័ក្តិផ្ទាល់ខ្លួន ដោយមិនបានឆ្លងតាមរយៈរាជរដ្ឋាភិបាលនោះទេ ។ ជាងនេះ គឺហ៊ានបញ្ជាឲ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោចុះវាស់វែងដីធ្លីឲ្យប្រពន្ធខ្លួនឯងទៀតផង ។ " ។
ដោយយោងតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤របស់បញ្ជាការដ្ឋានអង្គរក្ស (ទទួលបានចំណារនាយករដ្ឋមន្ត្រីចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤) និងរបាយការណ៍ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (ទទួលបានចំណារឯកភាពរបស់នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤) ព្រមទាំងលិខិតលេខ៥១១លស ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល នៅទីបំផុត ទណ្ឌិត ជា តារា ក៏ទទួលបានការត្រាស់បង្គាប់លើកលែងទោសពីព្រះករុណាព្រះមហាក្សត្រឲ្យមានសេរីភាពវិញ តាមព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៥៧៣ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ខណៈដែលឈ្មោះ ឌឿន សុវណ្ណ ត្រូវបានដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្រសួងមហាផ្ទៃ ព្រមទាំងបញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងមហាផ្ទៃវិញ តាមព្រះរាជក្រឹត្យលេខនស/រកត/១០១២/៩៣៥ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ព្រោះមានការប៉ះទង្គិចជាមួយយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លីរបស់បុរសខ្លាំង (សូមចូលអានការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានដើមត្នោតនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤បន្ថែម) ។
នៅវគ្គក្រោយ គេហទំព័រសារព័ត៌មានដើមត្នោតនឹងធ្វើការចុះផ្សាយអំពីរបាយការណ៍របស់បញ្ជាការដ្ឋានអង្គរក្ស ដែលបានលាតត្រដាងអំពីរូបភាពនៃការទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងឈ្មោះ ឌឿន សុវណ្ណ អតីតផ្កាយ៣ប៉ូលិស ជាមួយនឹងចៅក្រមដ៏មានឥទ្ធិពលម្នាក់ ឲ្យប្រិយមិត្តអ្នកអានបានជ្រាប ៕
Source from: www.dtn7.com
No comments:
Post a Comment