ប្រទះឃើញក្រុមចោរប្លន់នៅតាមផ្លូវ រាយកាណ៍ប្រាប់ប៉េអឹម ឲ្យឡោមព័ទ្ធចាប់ខ្លួនបាន ៣នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាចោរប្លន់ចំនួន ៣នាក់ ដែលចូលទៅប្លន់ អ្នកលក់ឥវ៉ាន់ចាប់ហួយ នៅភូមិអូរអំពិល ឃុំពង្រ ស្រុកម៉ាឡៃ ប្រមូលបានទ្រព្យសម្បត្តិមួយចំនួន កាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ កន្លងមកនេះ ត្រូវកម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ តាមឡោមព័ទ្ធចាប់ឃាត់ខ្លួន នៅស្រុកម៉ាឡៃ ខណះដែលកំពុងរត់គេចខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ។
ក្នុងអំពើប្លន់នោះ ក្រុមចោរបានវាយម្ចាស់ផ្ទះ មានឈ្មោះ សន សុធារិទ្ធិ ភេទប្រុស អាយុ ៣២ឆ្នាំ បណ្ដាលឲ្យរបួស ដៃខាងឆ្វេងនិងខ្នង និងវាយប្រពន្ធឈ្មោះ អៃ អាង អាយុ ៣៤ឆ្នាំ រងរបួសថ្ងាស និងដើមដៃឆ្វេង។ ពេលនោះក្រុមចោរ បានយកទ្រព្យសម្បត្តិ ដូចជាលុយខ្មែរចំនួន ៥៨ម៉ឺនរៀល ប្រាក់បាត ៣.០០០បាត និងឥវ៉ាន់មួយចំនួនទៀត។ ជនសង្ស័យជាចោរប្លន់ ដែលត្រូវកម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួន ទី១-ឈ្មោះ មុំ ខ្លឹង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ កយ ពៅ ភេទប្រុស អាយុ ២៤ឆ្នាំ និងទី៣-ឈ្មោះ ឆ្លាម នឿន ភេទប្រុស អាយុ ៤២ឆ្នាំ អ្នកទាំង ៣រស់នៅ ភូមិអូរអំពិល ឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រោយពេលធ្វើសកម្មភាពប្លន់បានហើយ ចោរទាំង ៣នាក់នោះ បានគេចខ្លួនបាត់ស្រមោល ហើយម្ចាស់ផ្ទះ ក៏ទៅប្ដឹងអាវុធហត្ថផងដែរ។ លុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ម្ចាស់ផ្ទះបានប្រទះឃើញ ជនសង្ស័យដើរតាមផ្លូវ រួចក៏អោយបងប្អូន រាយការណ៍ប្រាប់ កម្លាំងអាវុធហត្ថ ស្រុកម៉ាឡៃ ជួយអន្តាគមន៍ ធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យ ជាចោរប្លន់បានចំនួន ៣នាក់ ដើម្បីធ្វើការសាកសួរ។ ជនសង្ស័យខាងលើ បានសារភាពនៅមុខសមត្ថកិច្ចថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ប្លន់ផ្ទះអ្នកលក់ចាប់ហួយនោះមែន ហើយកម្លាំងអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមច្បាប់៕ ដោយ ចិន្តា
Source from: watphnom-news.com