អគ្គិភ័យលេបត្របាក់ ឃ្លាំងលក់អេតចាយខ្ទេចខ្ទីរ មិនទាន់ដឹងពីចំនួនខូចខាត និងមូលហេតុ

រាជធានីភ្នំពេញ ៖ ឃ្លាំងលក់អេតចាយមួយកន្លែង ដែលមានទីតាំង តាមបណ្ដោយផ្លូវចំការដូង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង កាលពីវេលាម៉ោង ៤និង៣០ នាទី ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៤ ហើយម្ចាស់ឃ្លាំងនោះ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយ ព្រោះក្រោយពេលកើតហេតុ រកម្ចាស់ផ្ទះមិនឃើញ ហើយទំហំនៃការខូចខាត និងមូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យ ឆាបឆេះឡើង ក៏ពុំទាន់ដឹងដែរ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះ អស់ទាំងស្រុងនេះ មានទំហំប្រហែល១៥ គុណនឹង២០ ម៉ែត្រ ដំបូលប្រក់ស័ង្កសី។ នៅក្នុងហេតុការណ៍នោះ មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ៨គ្រឿង ចុះមកអន្តរាគមន៍ ដោយបាញ់ទឹក អស់ចំនួន ១៥ឡាន ហើយការឆាបឆេះនេះ មានរយៈពេលជិត ១ម៉ោង ទើបរលត់ទៅវិញ ដោយសារមានការអន្តរាគមន៍ ពីសមត្ថកិច្ច រួមផ្សំនឹងមេឃកំពុងភ្លៀង ពេលអគ្គិភ័យកំពុងឆាបឆេះនោះ៕
Source from: watphnom-news.com