ឪពុកចិត្តតិរច្ឆានយកទារិកាជាកូនបង្កើតទៅកប់ទាំងរស់ ព្រោះចាប់កំណើតមកមានមាត់ឆែប

មានហេតុការណ៍ដ៏កម្រ និងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១៧ល្ងាច នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ម្សិលមិញនេះ នៅក្នុងវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង គឺបុរសគ្រូបង្រៀនជាឪពុកម្នាក់ មានចិត្តជាតិរច្ឆានយកទារិកាជាកូនបង្កើតរបស់ខ្លួនទៅកប់ទាំងរស់ ព្រោះតែទារិកានោះចាប់កំណើតមកមានមាត់ឆែប និងខឹងឪពុកក្មេកស្តីបន្ទោសថា មិនចេះមើលថែទាំប្រពន្ធពេលមានផ្ទៃពោះ ។
ឪពុកចិត្តតិរច្ឆានដែលយកទារិកាជាកូនបង្កើតរបស់ខ្លួនទៅកប់ទាំងរស់នោះ មានឈ្មោះ គង់ ធី អាយុ២៩ឆ្នាំ មានមុខរបរជាគ្រូបង្រៀននៅវិទ្យាល័យអង្គាស ឃុំអង្គាស ស្រុកមេសាង ខេត្តព្រៃវែង និងមានភរិយាដែលជាម្តាយរបស់ទារិការងគ្រោះឈ្មោះ ហេង ដានី អាយុ២៩ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ បុរសជាឪពុកចិត្តតិរច្ឆានត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនភ្លាមៗ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការសាលាដំបូងខេត្តចាត់ការបន្ត ក្រោមការចោទប្រកាន់ពីបទសម្លាប់មនុស្សដោយចេតនា បន្ទាប់ពីយាយជី តាជី និងព្រះសង្ឃគង់នៅក្នុងវត្តព្រៃឆ្លាក់ប្តឹងទៅសមត្ថកិច្ច ។
តាមការបំភ្លឺរបស់ឪពុកក្មេកជនសង្ស័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់បានឈឺពោះសម្រាលកូន ដោយពេលនោះកូនប្រសាជាជនសង្ស័យបានដឹកប្រពន្ធបញ្ជូនមកមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសម្រាលកូន ។ លុះដល់វេលាម៉ោង០៣ទៀបភ្លឺ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ កូនស្រីរបស់គាត់បានសម្រាលទារិកាម្នាក់ តែអកុសលទារិកាអភ័ព្ធនេះចាប់កំណើតមកមានមាត់ឆែប ។ ឃើញចៅកើតមកមានមាត់ឆែបបែបនេះ គាត់ជាឪពុកក្មេកក៏បាននិយាយទៅកាន់កូនប្រសាជាជនសង្ស័យថា ពេលប្រពន្ធពោះធំមិនចេះថែទាំ ទើបកូនកើតមកឆែបបាត់ដូច្នេះ និងទំនងជាបានធ្វើឲ្យកូនប្រសាគាត់ខឹងសម្បានៅក្នុងចិត្ត ទើបពេលគាត់មិននៅ និងប្រពន្ធដេកលង់លក់នោះ កូនប្រសាគាត់ក៏បានបីទារិកាទើបនឹងចាប់កំណើតបានរយៈពេលប្រមាណ១៥ម៉ោង យកទៅកប់ចោលទាំងរស់នៅក្នុងវត្តព្រៃឆ្លាក់តែម្តង ។
ឪពុកក្មេករបស់ជនសង្ស័យ បានបំភ្លឺឲ្យដឹងទៀតថា ពេលដែលកូនប្រសាគាត់បីទារិកាលួចយកទៅកប់ចោលទាំងរស់នោះ មានយាយជីម្នាក់សុំសីលនៅក្នុងវត្តព្រៃឆ្លាក់ បានឃើញ និងឮសូរទារិកាយំ ក៏មានការសង្ស័យ និងបានលបដើរតាមពីក្រោយ ស្រាប់តែឃើញកូនប្រសាគាត់យកចបកាយរណ្តៅធំល្មម និងបានទម្លាក់ទារិកាជាកូនចូលទៅក្នុងរណ្តៅ រួចហើយកាយដីកប់ពីលើធ្វើដូចជាការបញ្ចុះសពដូច្នោះដែរ ។ ក្រោយធ្វើសកម្មភាពកប់កូនទាំងរស់រួចហើយ កូនប្រសាគាត់ក៏បានលបដើរគេចខ្លួនយ៉ាងប្រញាប់ប្រញាល់ចេញពីកន្លែងកប់កូនរបស់ខ្លួន ។ ភ្លាមៗនោះដែរ យាយជីដែលបានលបឃើញសកម្មភាពបែបនេះ ក៏មានការសង្ស័យកាន់តែខ្លាំង និងបានទៅកាយផ្នូរមើល ស្រាប់តែប្រទះឃើញទារិកានៅមានដង្ហើមនៅឡើយ ក៏បានស្រែកឆោឡោឡើងផ្អើលដល់ព្រះសង្ឃគង់នៅក្នុងវត្ត ក៏និមន្តទៅមើល និងលើកទារិកាយកមកលាងទឹកជូនសម្អាត រួចដឹកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះជីវិត និងក៏បានប្តឹងទៅសមត្ថកិច្ចក្នុងពេលវេលាល្ងាចនាថ្ងៃដដែលនេះដែរ ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា រហូតមកដល់វេលាព្រឹកនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤នេះ ទារិការងគ្រោះកំពុងឋិតនៅក្រោមការតាមដានសុខភាពពីសំណាក់ក្រុមគ្រូពេទ្យ និងក្រោមការការពារពីសមត្ថកិច្ចនៅឡើយ ខណៈដែលស្ត្រីជាម្តាយបានស្រែកទ្រហោយំទាមទារសុំយកទារិកាជាកូនទៅបំបៅដោះ និងក្រោយពេលបានដឹងថា ប្តីរបស់ខ្លួនមានចិត្តតិរច្ឆានយកកូនបង្កើតទៅកប់ចោលទាំងរស់យ៉ាងព្រៃផ្សៃ ៕
Source from: www.dtn7.com